បោះពុម្ពផ្សាយ៖27 សីហា 2019
ការងារ និងមុខរបរយុវជន
ក. បង្កើតទីភ្នាក់ងារជាតិប្រឹក្សាការងារយុវជន ដែលទទួលខុសត្រូវលើការផ្តល់ព័ត៌មានការងារ ព័ត៌មានទីផ្សារការងារ ផ្តល់ការណែនាំ និងការតម្រង់ទិសទាក់ទងនឹងអាជីព និងរបៀបដាក់ពាក្យសុំធ្វើការងារដល់យុវជន ក៏ដូចជារៀបចំវេទិកាការងារប្រចាំឆ្នាំ។ ទីភ្នាក់ងារនេះក៏រៀបចំវេទិកាអាជីព នៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំផងដែរ។ មានមជ្ឈមណ្ឌលការងារយ៉ាងហោចណាស់ ៧ ក្នុងខេត្តចំនួន ៧ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលការងារយ៉ាងហោចណាស់ឲ្យមួយ ក្នុងខេត្តនីមួយៗ និងក្នុងរាជធានី ទូទាំងប្រទេសកម្ពុជា។
ខ. គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ២០១៥-២០១៨៖ គោលនយោបាយជាតិ ដោយប្រើប្រាស់អភិក្រមផ្អែកលើសិទ្ធិ និង យេនឌ័រ។ គោលនយោបាយនេះមានគោលបំណងការពារ និងផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍ (បច្ចុប្បន្ននេះ មានពលករប្រមាណជា ៧០០០០០ នាក់ កំពុងធ្វើការងារក្នុងប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី)។ អនុស្សរណៈស្តីពីការយោគយល់គ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ និងអនុស្សរណៈមួយទៀត ជាមួយប្រទេសម៉ាឡេស៊ី កំពុងរៀបចំបញ្ចប់ ហើយគេរំពឹងថានឹងចុះហត្ថលេខា នៅត្រឹមចុងឆ្នាំ ២០១៥។