បោះពុម្ពផ្សាយ៖27 សីហា 2019

ការអនុវត្ត​គោល-នយោបាយ

ក. បឋមសិក្សា៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​សាលាកុមារមេត្រី ជាមួយ​នឹង​ចក្ខុវិស័យ ដើម្បី​ផ្តល់ឲ្យ​កុមារ​ដល់​អាយុ​ចូលរៀន​ទាំងអស់នូវ​ឳកាស​ចុះ​ឈ្មោះ​ចូលរៀន និង​សិក្សាឲ្យ​បាន​យ៉ាងហោចណាស់​ត្រឹម​ការ​អប់រំ​កម្រិត​មូលដ្ឋាន ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន។​

ខ.​ មធ្យម​សិក្សា និង ​បច្ចេកទេស៖ ក្រសួង​អប់រំ យុវជន និងកីឡា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ស្តីពី​មជ្ឈមណ្ឌល​ធនធាន​មធ្យម​សិក្សា ជាមួយនឹងចក្ខុវិស័យ ដើម្បី​បង្កើតនូវ​មជ្ឈមណ្ឌលឧត្តមភាព​ខាង​ការ​សិក្សា។ មជ្ឈមណ្ឌលទាំងនេះ​ផ្តល់​​ឳកាសរៀន​សូត្រ ដល់​សហគមន៍ និង​កសាង​មូលដ្ឋាន​ចំណេះដឹងដ៏​រឹងមាំ ដើម្បី​សម្រេចបាន​នូវ​សសរស្តម្ភ​នៃ​ការ​អប់រំ លើ​ការ​បណ្តុះ​បណ្តាល ការ​អប់រំ​ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ផលិតភាព និង​សមធម៌។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំនូវ​ក្របខ័ណ្ឌសមស្រមមួយ ដើម្បី​ចេញ​វិញ្ញាបនបត្របណ្តោះអាសន្ន និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិតទី ៣ និង​បាន​រៀបចំ​ឯកសារ​តម្រង់ទិសផ្នែក​វិជ្ជាជីវៈ សម្រាប់​ការ​អប់រំ​មធ្យម​សិក្សា​បឋមភូមិ។ កម្មវិធី​សិក្សា​សម្រាប់​ការ​អប់រំផ្នែក​​បច្ចេកទេស នៅ​កម្រិត​មធ្យម​សិក្សា បាន​ទទួល​ការ​អនុម័ត និងប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ។​

គ. ឧត្តម​សិក្សា៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​គោលនយោបាយ​ស្តីពីការស្រាវជ្រាវ​អប់រំ ជាមួយ​នឹង​ចក្ខុវិស័យ​ ដើម្បី​កសាង​ធនធាន​មនុស្ស ប្រកប​ដោយ​ចំណេះដឹង ជំនាញ សីលធម៌ ការ​ច្នៃប្រឌិត នវានុវត្តន៍ និង​ ​សហគ្រិនភាព​កម្រិត​ខ្ពស់។

ចែករំលែក