ស្ថាប័ន/អ្នកស្រាវជ្រាវ​៖ ស្ថានភាព បញ្ហាប្រឈម និងអនុសាសន៍​សម្រាប់​កម្មវិធី

នៅខែឧសភា ឆ្នាំ២០១៩ អង្គការ​មូលនិធិអាស៊ី និងក្រសួងការបរទេស និងពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលីប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ បាន​​សហការក្រុម​ជំនាញការ​ចំនួន ៣រូប ​ ដើម្បីសិក្សា​វាយតម្លៃ កំណត់​ឧបសគ្គ /កត្តារឹតត្បិតសំខាន់ៗដែលរារាំងដំណើរការនៃ​​វិស័យស្រាវជ្រាវ ព្រមទាំង ស្វែងរកមុខងារចាំបាច់នានា ដើម្បីពង្រឹងវិស័យស្រាវជ្រាវ​ ។ ការសិក្សាមានគោលបំណងសំខាន់ៗបីគឺ៖

  • ពិនិត្យឡើងវិញនូវ​បញ្ហា​អភិវឌ្ឍន៍​ក្នុង​ប្រទេស ដែលកំពុង​តែ​កើតមានឡើង និង​កំណត់ពី​​វិស័យអាទិភាព នានា ឱ្យ​ស្រប​​គ្នាទៅនឹង​គោលការណ៍សមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន (GESI)
  • កំណត់និយមន័យនៃពាក្យថា​វិស័យស្រាវជ្រាវ ​និងកំណត់ស្ថានភាពនៃស្ថាប័នស្រាវជ្រាវ ដែលពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ ទៅក្នុង​ដំណើរការ​រៀបចំ​បង្កើត​គោលនយោបាយ​ ​​
  • ពិនិត្យមើល​ឡើងវិញនូវសមភាពយេនឌ័រ និង​សង្គមបរិយាប័ន្ន​ (GESI) ដែលមាននៅ​ក្នុងរបៀបវារៈ​អភិវឌ្ឍន៍​ប្រទេស និង​នៅ​ក្នុង​វិស័យ​ស្រាវជ្រាវ​។

នៅ​ក្នុង​ការ​សិក្សា​នេះ យើង​បាន​យក​និយមន័យ​ពាក្យ​ថា ប្រព័ន្ធ​ស្រាវជ្រាវ​ មក​ប្រើ ដែល​វា​រៀបចំ​បង្កើតឡើង​ដោយ​ការ​ផ្ដួចផ្ដើម​លើ​វិស័យ​ស្រាវជ្រាវ​នៅ​ប្រទេសឥណ្ឌូនេស៊ី (AusAID ២០១២) ​ដែល​មាន​ន័យ​ថា “ធាតុផ្សំ​ក្នុង​ស្ថាប័ន (institutional landscape) របស់​ក្រសួង ស្ថាប័ន ​វិស័យឯកជន និងអង្គការសង្គមស៊ីវិលដែលបាន​ផ្ដល់លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ និងការវិភាគនានា ដើម្បី​ចូលរួម​ចំណែក​គាំទ្រដល់​ការ​រៀបចំ​​គោលនយោបាយសាធារណៈ”។ ដើម្បីកំណត់ និងវាយតម្លៃលើវិស័យស្រាវជ្រាវ ​ក្រុមការងារបានពិនិត្យមើល​ឡើងវិញលើឯកសារគោលនយោបាយសំខាន់ៗស្ដីពីយុទ្ធសាស្ត្រសេដ្ឋកិច្ច និងទិសដៅរបស់វិស័យស្រាវជ្រាវ​​ក្នុងប្រទេសកម្ពុជា ធ្វើសម្ភាសជាមួយអ្នកផ្ដល់ព័ត៌មានគន្លឹះចំនួន ២៣រូប និងបាន ផ្ទៀងផ្ទាត់លទ្ធផលជាមួយអ្នកឯកទេស និងអ្នកពាក់ព័ន្ធនានា។

របក​គំហើញ​​សំខាន់ៗរបស់ការសិក្សាមាន៖

  • ការពិនិត្យមើល​លើឯកសារ​ពិគ្រោះនានា​ដែល​​​ពាក់ព័ន្ធជាមួយគោលនយោបាយ បានរកឃើញថា ប្រទេសកម្ពុជាមាន​វឌ្ឍនភាពលើ​ការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច​។ ដើម្បីរក្សាបានវឌ្ឍនភាពនេះ​ក្នុងអំឡុងរយៈពេល ១០ ឆ្នាំទៅមុខ ប្រទេសកម្ពុជាចាំបាច់ត្រូវពឹងផ្អែក ទៅលើកត្តាក្នុងប្រទេស និងកត្តាពីខាងក្រៅ​ដែលរួមមានសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់ ការអភិវឌ្ឍជំនាញ និងការងារ កំណែទម្រង់អភិបាលកិច្ច និងការពង្រីកប្រព័ន្ធ​គាំពារសង្គម
  • យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រដ្ឋាភិបាល គឺជាកូនសោរដ៏សំខាន់ដើម្បីជំរុញដល់វិស័យស្រាវជ្រាវ។ យុទ្ធសាស្ត្រនេះ ចែងអំពីគោលដៅចំនួន ៤ សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៣ រួមមាន៖ កំណើន និងស្ថិរភាពសេដ្ឋកិច្ច ការងារ និងជំនាញ ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ និងអភិបាលកិច្ចល្អ។ ដើម្បីសម្រេចបានគោលដៅទាំងអស់នេះ រដ្ឋាភិបាលកម្ពុជានឹងផ្តោតលើវិស័យយុទ្ធសាស្ត្រចំនួន ៤ គឺ៖ ការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងមុខរបរ និងការអភិវឌ្ឍប្រកបដោយចីរភាព
  • ការរកឃើញបង្ហាញថា វិស័យគោលនយោបាយមួយចំនួន បានផ្ដល់ឱកាសដល់ការពង្រឹងសមត្ថភាពស្រាវជ្រាវ​ក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានព័ត៌មានសម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ។ វិស័យគោលនយោបាយទាំងអស់នោះ​រួមមានដូចជា មុខរបរ ជំនាញ និងទេសន្តប្រវេសន៍ គោលនយោបាយការបរទេស រួមទាំងសមាហរណកម្មសេដ្ឋកិច្ចតំបន់ កិច្ចគាំពារសង្គម ភាពងាយរងគ្រោះផ្នែកសង្គមក្នុងតំបន់ទីប្រជុំជន ការផ្ដល់សេវាសាធារណៈ និងនវានុវត្តន៍ និងកសិកម្ម
  • សមាសធាតុដ៏សំខាន់មួយរបស់​វិស័យស្រាវជ្រាវក្នុងប្រទេសកម្ពុជាគឺ ​វត្តមានរបស់​ជនជាតិ​កម្ពុជាវ័យ ក្មេង​ដែលបានទៅ​សិក្សានៅក្រៅប្រទេស ហើយបច្ចុប្បន្នបានប្រមូល​ផ្ដុំ​ទៅជាក្រុមអ្នកជំនាញអាជីព អ្នកប្រកបវិជ្ជាជីវៈ និងសហគ្រិន ​ព្រមទាំង​អ្នកធ្វើការនៅតាមសាកលវិទ្យាល័យឯកជន ដែលប្ដេជ្ញាចិត្តទៅក្នុងការស្រាវជ្រាវ និងការវិភាគ ហើយចង់ឱ្យការស្រាវជ្រាវ និងការវិភាគទាំងនោះក្លាយជាមូលដ្ឋានព័ត៌មានសម្រាប់ការសម្រេចចិត្តគោលនយោបាយ។
  • វិទ្យាស្ថានស្រាវជ្រាវ ឬស្ថាប័ន​ស្រាវជ្រាវ​​មួយចំនួនតូច មានទំនាក់ទំនង​យ៉ាងស្អិតរមួត នៅ​ក្នុង​​រង្វង់​​ការ​បង្កើត​​គោលនយោបាយ
  • សម្រាប់ប្រធានបទទាក់ទងជាមួយសមភាពយេនឌ័រ និង​សង្គមបរិយាប័ន្ន ដៃគូអភិវឌ្ឍន៍បានផ្ដល់មូលនិធិដើម្បីធានាថា​ការស្រាវជ្រាវ ការវិភាគ និងទិន្នន័យដែលគាំទ្រដល់គោលនយោបាយសម្រាប់ការអភិវឌ្ឍ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសមភាពយេនឌ័រ និង​សង្គមបរិយាប័ន្ន ដោយក្នុងនោះរួមមាន៖ ការពង្រឹង​អំណាច​​សេដ្ឋកិច្ចរបស់ស្ត្រី កិច្ចគាំពារសង្គម ការកាត់បន្ថយអំពើហិង្សាលើស្ត្រីជាដើម។ ដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា DFAT និងទីភ្នាក់ងារអង្គការសហប្រជាជាតិជាដើម កំពុងផ្ដល់ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវ ដែលធ្វើការលើផ្នែក​សមភាពយេនឌ័រ និង​សង្គមបរិយាប័ន្ន ដើម្បីឱ្យពួកគេអាចកសាងសមត្ថភាព និងបណ្ដាញ ក្នុងទស្សនវិស័យរយៈពេលវែង ដើម្បីបង្កើនចំនួន និងគុណភាពការស្រាវជ្រាវផ្នែកសមភាពយេនឌ័រ និង​សង្គមបរិយាប័ន្ននាពេលអនាគត
  • ការ​សរសេរ​ឯកសារ​ស្រាវជ្រាវ​ភាគច្រើនរបស់​​ស្ថាប័ន​ស្រាវជ្រាវ​​ និងវិទ្យាស្ថាន​ស្រាវជ្រាវ គឺអនុវត្ត​តាម​​​​ដំណើរការស្រាវជ្រាវស្តង់ដារ ដោយចាប់ផ្ដើមចេញពីការសិក្សាបង្កើតគម្រោង រួចបន្តឈានទៅដល់ការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ។ យើងអាចឃើញថា មានវិសាលភាពសម្រាប់នវានុវត្តន៍​បន្ថែមទៀតទាក់ទងជាមួយការចូលរួមផ្នែកគោលនយោបាយរបស់ស្ថាប័ន​ស្រាវជ្រាវ​កម្ពុជា ជាមួយស្ថាប័នរដ្ឋាភិបាល។

សូមចុចតំណភ្ជាប់ នេះ ដើម្បីអានរបាយការណ៍សង្ខេប

សូមចុចតំណភ្ជាប់ នេះ ដើម្បីអានរបាយការណ៍ទាំងស្រុង