ការផ្តោតទៅលើកូវីដ-១៩ របស់គម្រោងពន្លកចំណេះ៖ គោលនយោបាយដែលគាំទ្រដោយទិន្នន័យសម្រាប់ការស្តារឡើងវិញផ្នែកសេដ្ឋកិច្ច សង្គម និងសុខាភិបាលនៅកម្ពុជា

វិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានធ្វើឱ្យការតាក់តែងគោលនយោបាយសាធារណៈ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលកាន់តែមានសារៈសំខាន់ជាងមុន។ ទិន្នន័យ ភស្តុតាង និងការវិភាគទាន់ពេលវេលា មានសារៈសំខាន់ណាស់នៅក្នុងស្ថានភាពបែបនេះ។ ទិន្នន័យ ភស្តុតាង និងការវិភាគទាំងនោះតម្រូវ/បង្កលក្ខណៈ ឱ្យអ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍អាចសម្រេចចិត្ត និងទទួលបានលទ្ធផលកាន់តែប្រសើរលើផ្នែកសន្តិសុខ សុខាភិបាល ស្ថិរភាព និងបរិយាប័ន្នសង្គម និងភាពធន់ផ្នែកសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈក្នុងការប្រើប្រាស់ដំណោះស្រាយដែលគាំទ្រដោយទិន្នន័យក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ។ វាជានិន្នាការមួយដែលគម្រោង ពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា មានបំណងផ្តល់ការគាំទ្រ។

ពន្លកចំណេះ ជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៩-២០២២) ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រា្តលី និងអនុវត្តដោយអង្គការមូលនិធិអាស៊ី។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យស្រាវជ្រាវ រួមទាំង ស្ថាប័នស្រាវជ្រាវឯករាជ្យដើម្បីធ្វើការស្រាវជ្រាវដែលមានគុណភាពសម្រាប់គាំទ្រដល់ការវិភាគ និងការពិភាក្សាគោលនយោបាយសាធារណៈនៅកម្ពុជា។ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងពន្លកចំណេះ បានចាត់វិធានការភ្លាមៗដោយធ្វើការលៃតម្រូវសកម្មភាពបច្ចុប្បន្នរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងស្ថានភាពដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស។

ការផ្តោតទៅលើកូវីដ-១៩ របស់ គម្រោងពន្លកចំណេះ ឆ្លើយតបដោយផ្ទាល់ទៅនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់អូស្រ្តាលីដែលមានឈ្មោះថា ភាពជាដៃគូសម្រាប់ការស្តារឡើងវីញ (Partnership for Recovery Strategy)។ យុទ្ធសាស្រ្តនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររបស់ជំងឺកូវីដ-១៩ នៅក្នុងតំបន់ក្បែរខាងនៃប្រទេសអូស្រ្តាលី ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសប្រទេសនៅប្រជំុកោះប៉ាស៊ីហ្វិក ទីម័រខាងកើត និងអាស៊ីអាគ្នេយ៍។ វិធីសាស្ត្រដែលប្រទេសជិតខាងទាំំងនេះប្រើប្រាស់ ដើម្បីងើបចេញពីវិបត្តិជំងឺកូវីដ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិបទសេដ្ឋកិច្ច និងយុទ្ធសាស្រ្តរបស់អូស្រ្តាលីក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខ។ នៅក្នុងបរិបទនេះប្រទេសអូស្រ្តាលីប្តេជ្ញាសហការដោះស្រាយវិបត្តិនេះជាមួយកម្ពុជា ដោយអូស្រ្តាលីបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងលឿន ដើម្បីគាំទ្រកម្ពុជា រួមមានការផ្តោតទៅលើកម្មវិធីអភិវឌ្ឍន៍ ដែលមានស្រាប់ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់របស់កូវីដ-១៩ ទៅលើផ្នែកសុខាភិបាល ស្ថិរភាព បរិយាប័ន្ន និងសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមជាក់លាក់របស់គម្រោងពន្លកចំណេះដែលគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩នៅប្រទេសកម្ពុជារួមមាន៖

  • ព័ត៌មាននៅលើប្រព័ន្ធអនឡាញស្តីពីការឆ្លើយតបទៅនឹងកូវីដ-១៩នៅកម្ពុជា

ដោយប្រើប្រាស់យន្ដការដែលមានស្រាប់ “គំនិតផ្តួចផ្តើមបញ្ជីគោលនយោបាយ” គម្រោងបានបង្កើតទំព័រថ្មីមួយអំពីការឆ្លើយតបទៅនឹងកូវីដ-១៩នៅកម្ពុជា ដែលទំព័រនេះផ្តល់ព័ត៌មានទៅដល់សាធារណៈជនពីវិធានការរបស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយការរីករាតត្បាតកូវីដ-១៩។ លោកអ្នកអាចចូលទៅកាន់ទំព័រថ្មីនេះតាមរយៈអាសយដ្ឋាន www.policypulse.org/ponlok-chomnes/covid19/​

  • គាំទ្រដល់ការវិភាគរបស់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើធនធានមនុស្ស និងអនុសាសន៍សម្រាប់អ្នកតាក់តែងគោលនយោបាយលើវិស័យការងារ និងអប់រំ

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) កំពុងស្រាវជ្រាវលើប្រធានបទស្តីពី “ការទទួលយកដោយបង្ខំនូវបច្ចេកវិទ្យាអប់រំក្នុងអំឡុងពេលជំងឺកូវីដ-១៩៖ ករណីសិក្សាទៅលើស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សាក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ​​”។ ការស្រាវជ្រាវនេះមានគោលបំណងស្វែងយល់ពី ១) តើវិទ្យាស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ សាកលវិទ្យាល័យ ព្រមទាំងនិស្សិតបានត្រៀមខ្លួនត្រឹមកម្រិតណាដើម្បីប្តូរទៅ បង្រៀន និងរៀនតាមប្រព័ន្ធអ៊ីនធឺណិត? ២) កត្តាកំណត់នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងការរៀនសូត្រតាមប្រព័ន្ធអ៊ីនធឺណិត និង៣) តើការប្រើប្រាស់ និងការត្រៀមខ្លួនរវាងក្រុមដែលរងផលប៉ះពាល់ដែលកំពុងរស់នៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដមានភាពខុសគ្នាដែរឬទេ? លទ្ធផលនៃការស្រាវជ្រាវនេះនឹងផ្តល់ជាមូលដ្ឋានទិន្នន័យលើបច្ចេកវិទ្យាអប់រំ និងការសិក្សាតាមអ៊ីនធឺណិតដើម្បីគាំទ្រដល់អ្នកតាក់តែងគោលនយោបាយនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​។

  • គាំទ្រដល់ការវិភាគរបស់មជ្ឈមណ្ឌលខេមរសិក្សា (CKS) ពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើបំណុលរបស់ក្រុមគ្រួសារក្រីក្

មជ្ឍមណ្ឌលខេមរសិក្សា (CKS) កំពុងធ្វើការស្រាវជ្រាវមួយក្រោមប្រធានបទ “កូវីដ-១៩ បំណុល និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់គ្រួសារដែលមានចំណូលទាបនៅតាមជនបទ និងទីក្រុងក្នុងប្រទេសកម្ពុជា”។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងយល់ឱ្យបានកាន់តែច្បាស់ពី (១) យុទ្ធសាស្ត្រ និងយន្តការដែលស្ថាប័នមីក្រូហិរញ្ញវត្ថុកំពុងអនុវត្តដើម្បីជួយសម្រួលដល់អ្នកខ្ចីប្រាក់ក្នុងពេល និងក្រោយពេលមានវិបត្តិ (២) ការយល់ដឹងរបស់អ្នកខ្ចីប្រាក់ពីសិទ្ធិរបស់ខ្លួន ព្រមទាំងវត្តមាន និងការប្រើប្រាស់យន្តការបណ្តឹង។ ការស្រាវជ្រាវនេះក៏នឹងបង្ហាញពីផលប៉ះពាល់នៃកូវីដ-១៩ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមទៅលើអ្នកខ្ចីប្រាក់ដោយស្វែងយល់ពីប្រភេទនៃយុទ្ធសាស្រ្តដែលពួកគេបានអនុវត្តកន្លងមក។ លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវចែករំលែកជាមួយសាកលវិទ្យាល័យ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមពាក់ព័ន្ធដទៃទៀត ។

  • គាំទ្រដល់ការស្ទង់មតិអំពីការងារនៅក្នុងវិស័យទេសចរណ៍ និងអនុសាសន៍គោលនយោបាយដែលធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS) ដើម្បីគាំទ្រដល់គណៈកម្មាធិការជាតិសម្រាប់គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) កំពុងធ្វើ “ការស្ទង់មតិមួយស្តីពីផលប៉ះពាល់នៃស្ថានភាពជំងឺកូវីដ-១៩ទៅលើអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅកម្ពុជា”។ គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនៃអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដែលត្រូវបានផ្អាកការងារ និងស្វែងរកដំណោះស្រាយដែលអាចប្រើប្រាស់បានសម្រាប់រាជរដ្ឋាភិបាល និងដៃគូដទៃទៀត។ សំណួរសំខាន់នៃការស្រាវជ្រាវនេះគឺ “តើអ្នកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលត្រូវបានបញ្ឈប់ពីការងារទទួលបានការគាំទ្រដោយផ្ទាល់ និងដោយប្រយោលយ៉ាងដូចម្តេច?” ការស្ទង់មតិនេះនឹងត្រូវធ្វើឡើងជាមួយនិយោជិកដែលត្រូវបានបញ្ឈប់ពីការងារចំនួន ៥០០ នាក់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងតាមតំបន់ឆ្នេរ។ ​លទ្ធផលនៃការសិក្សានេះនឹងចូលរួមចំណែកក្នុងការផ្តល់ធាតុចូលគោលនយោបាយសម្រាប់គណៈកម្មាធិការជាតិសម្រាប់គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងពាក់ព័ន្ធដទៃទៀត។

  • គាំទ្រដល់ការស្ទង់មតិ និងសេចក្តីសង្ខេបគោលនយោបាយដែលធ្វើឡើងដោយអង្គការវេទិកាអនាគត ស្តីពីសហគ្រាសខ្នាតតូច និងកម្មករងាយរងគ្រោះ

ក្រុមហ៊ុនអង្គរស្រាវជ្រាវកម្ពុជា (ARC)​ និងអង្គការវេទិកាអនាគត (Future Forum) កំពុងអនុវត្តការស្រាវជ្រាវស្តីពី “ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃកូវីដ-១៩ទៅលើកម្មករងាយរងគ្រោះនៅកម្ពុជា”។ ការស្រាវជ្រាវនេះស្វែងរកផលប៉ះពាល់ជាក់ស្តែងនៃកូវីដ-១៩ ទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់សហគ្រាសនានា។ ការសិក្សានេះនឹងស្ទង់មតិពីកម្មករចំនួន១០០០នាក់ និងគ្រួសារដែលបើកសហគ្រាសខ្នាតតូច ព្រមទាំងកសិករតាមបណ្តាខេត្ត និងក្រុងចំនួន៥ ។ អង្គការវេទិកាអនាគតនឹងរៀបចំការបកស្រាយគោលនយោបាយ អត្ថបទសង្ខេប និងអត្ថបទអត្ថាធិប្បាយគោលនយោបាយ ដោយប្រើទិន្នន័យដែលប្រមូលបាន។ ការសិក្សានេះមានគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយហានិភ័យនៃកូវីដ-១៩។ របកគំហើញពីការស្រាវជ្រាវនេះក៏នឹងត្រូវបានបញ្ចូលទៅក្នុងការស្រាវជ្រាវថ្នាក់តំបន់ទាក់ទងទៅនឹងកម្មករងាយរងគ្រោះនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី ការផ្តោតទៅលើកូវីដ-១៩របស់គម្រោងពន្លកចំណេះ សូមចុចលើតំណភ្ជាប់ នេះ។