ដៃគូយុទ្ធសាស្ត្រ

ដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី កម្មវិធីពន្លកចំណេះ ដំណាក់កាលទី២ នឹងគាំទ្រដៃគូយុទ្ធសាស្ត្រចំនួនប្រាំ ដើម្បីអនុវត្តយុទ្ធសាស្ត្រ និងសកម្មភាពរបស់កម្មវិធី។ យុទ្ធសាស្ត្រ និងសកម្មភាពរបស់កម្មវិធីនឹងត្រូវបានចង្អុលបង្ហាញដោយទិសដៅយុទ្ធសាស្ត្រ ជំនាញ និងប្រធានបទដែលដៃគូយុទ្ធសាស្ត្របានជ្រើសរើស ។

ក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធី ក្រោមប្រធានបទនីមួយៗ ដៃគូយុទ្ធសាស្ត្រនឹងស្រាវជ្រាវ ឬប្រើប្រាស់ការស្រាវជ្រាវដែលមានស្រាប់ ប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីផ្សព្វផ្សាយការស្រាវជ្រាវ និងរៀបចំការពិភាក្សាប្រកបដោយបរិយាបន្ន។ ជុំវិញយន្តការគោលនយោបាយទាំងបីនេះ អង្គការមូលនិធិអាស៊ីនឹងគាំទ្រដល់ការពង្រឹងសមត្ថភាពដល់ស្ថាប័នដៃគូយុទ្ធសាស្ត្រ។

ដៃគូយុទ្ធសាស្ត្រអាចអនុវត្តសកម្មភាពកម្មវិធីមួយចំនួន ឬទាំងអស់ ទៅតាមប្រធានបទដែលពួកគេបានជ្រើសរើស។ ដំណាក់កាលនៃសកម្មភាពនឹងខុសគ្នាពីដៃគូមួយទៅដៃគូមួយ។

ដៃគូយុទ្ធសាស្ត្រចំនួន៥ រួមមាន៖

 

ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម

កម្មវិធីពន្លកចំណេះមានគោលបំណងលើកកម្ពស់សម្លេង និងទស្សនៈរបស់ស្ត្រី ជនពិការ និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត ដោយធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យរបស់ពួកគេ នៅក្នុងបញ្ហាគោលនយោបាយដែលបានជ្រើសរើស។ ដូច្នេះហើយ កម្មវិធីនេះបានបង្កើតក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI Consortium) ដែលមានអង្គការអ្នកជំនាញខាងយេនឌ័រ ពិការភាព និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត ដើម្បីបញ្ចូល សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងដំណើរការ សកម្មភាព និងប្រតិបត្តិការរបស់កម្មវិធី។

អង្គការសង្គមស៊ីវិលចំនួនបី ត្រូវបានជ្រើសរើស និង បង្កើតភាពជាដៃគូដើម្បីគាំទ្រដល់ការបញ្ជ្រាប GEDSI នៅក្នុងកម្មវិធី។ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម រួមមាន៖

នៅក្នុងកម្មវិធីរយៈពេល ៤ឆ្នាំនៃកម្មវិធីពន្លកចំណេះ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នឹងអនុវត្តតួនាទីនៃការកសាងសមត្ថភាព និងការផ្តល់ប្រឹក្សាដូចខាងក្រោម៖

  • ផ្តល់ការកសាងសមត្ថភាពយេនឌ័រ និងពិការភាពដល់ក្រុមការងារកម្មវិធី និងដៃគូកម្មវិធី
  • ផ្តល់ជូននូវការយល់ដឹងពីអ្នកជំនាញលើតម្រូវការជាក់លាក់ និងអាទិភាពនៃសហគមន៍ដែលខ្វះខាត
  • ណែនាំសកម្មភាពរបស់ដៃគូកម្មវិធីដូចជា ការស្រាវជ្រាវ (ពិនិត្យឡើងវិញនូវការរចនា និងសំណើរ) ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការពិភាក្សាបែបបរិយាបន្ន
  • សម្របសម្រួលការចូលរួមរបស់ក្រុមគោលដៅផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
  • គាំទ្រកម្មវិធីលើការត្រួតពិនិត្យ ការវាយតម្លៃ និងការរៀន (MEL) ដើម្បីធានាថាគោលបំណង និងលទ្ធផលរបស់ GEDSI ត្រូវបានតាមដាន ត្រួតពិនិត្យ និងរាយការណ៍ឱ្យបានត្រឹមត្រូវ។
  • គាំទ្រដៃគូយុទ្ធសាស្រ្ត ដើម្បីបង្កើតគោលនយោបាយ GEDSI ដែលត្រូវប្រើប្រាស់នៅក្នុងអង្គការ ឬស្ថាប័ន (កន្លែងពាក់ព័ន្ធ) និង
  • ផ្តល់អនុសាសន៍ដល់កម្មវិធី (ក្នុងករណីដែលពាក់ព័ន្ធ និងផ្អែកលើសំណើរ)។

 

គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស

គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស គឺជាស្ថាប័នពាក់កណ្តាលផ្លូវការ ដែលមានសមាជិកពី ១០ ទៅ ១២នាក់ ដើម្បីគាំទ្រដល់ការអនុវត្ត និងធានាឱ្យមានការចូលរួមយ៉ាងសកម្ម និងភាពជាម្ចាស់របស់រដ្ឋាភិបាល។

សមាជិកនៃគណៈកម្មាធិការនេះ រួមមាន តំណាងមកពីក្រសួងស្ថាប័ននានា ដែលចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំផែនការ អនុវត្ត និងពិនិត្យឡើងវិញលើគោលនយោបាយ ព្រមទាំងអ្នកជំនាញបច្ចេកទេស អ្នកផ្តល់ព័ត៌មានសំខាន់ៗ និងតំណាងមកពីស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងដំណើរការគោលនយោបាយចម្រុះ។

គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស មានតួនាទីសំខាន់ៗ ដូចតទៅ៖

  • ផ្តល់ការណែនាំ និងការត្រួតពិនិត្យនៅកម្រិតយុទ្ធសាស្ត្រ ដល់ដៃគូកម្មវិធី ពាក់ព័ន្ធនឹងដំណើរការគោលនយោបាយ។
  • ភ្ជាប់ទំនាក់ទំនងក្នុងករណីដែលអាចធ្វើទៅបាន រវាងដៃគូរបស់កម្មវិធី និងដំណើរការគោលនយោបាយដែលពាក់ព័ន្ធ។
  • ចូលរួមក្នុងការពិភាក្សាគោលនយោបាយ និងព្រឹត្តិការណ៍នានាដែលរៀបចំដោយកម្មវិធីក្នុងនាមជាវាគ្មិន។
  • ធ្វើបទអន្តរាគមន៍គាំទ្រ ដល់សារៈសំខាន់នៃការសម្រេចចិត្តផ្អែកតាមទិន្នន័យ និងការពិភាក្សាប្រកបដោយបរិយាបន្នជាមួយនឹងសហគមន៍ និងសាធារណជនទូទៅ។
  • កំណត់ពីឱកាស ដើម្បីរៀបចំការពិភាក្សា និងប្រើប្រាស់ទិន្នន័យនៅក្នុងការងាររបស់ខ្លួន រិះរកវិធី ដើម្បីឱ្យលទ្ធផលរកឃើញដែលទទួលបានពីការស្រាវជ្រាវ មានផលជះជាអតិបរមាលើដំណើរការ និងលទ្ធផលគោលនយោបាយនានា។

ដៃគូនវានុវត្តន៍

កម្មវិធីពន្លកចំណេះថវិកាគាំំទ្រសកម្មភាពបែបនវានុវត្តន៍ គឺជាដំណើរការប្រកួតប្រជែងមួយសម្រាប់អង្គការ ស្ថាប័នក្នុងស្រុក ដើម្បីស្នើ និងសាកល្បងគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងឱកាស/បញ្ហាគោលនយោបាយដែលកំពុងលេចចេញទាំងនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ។ ថវិកាគាំំទ្រសកម្មភាពបែបនវានុវត្តន៍នេះត្រូវបានរំពឹងថានឹងគាំទ្រដល់អង្គការ ស្ថាប័នក្នុងស្រុកចំនួនប្រាំមួយនៅកម្ពុជាសម្រាប់កម្មវិធីទាំងមូល ដែលមានរយៈពេលពីប្រាំបីខែដល់ដប់ពីរខែ។

ការបង្ហាញចំណាប់អារម្មណ៍

កម្មវិធីពន្លកចំណេះ អំពាវនាវឱ្យស្ថាប័នដែលមានចំណាប់អារម្មណ៍ ដាក់ពាក្យស្នើសុំជុំទីមួយនៃកម្មវិធីពន្លកចំណេះថវិកាគាំំទ្រសកម្មភាពបែបនវានុវត្តន៍។ ក្នុងជុំនេះ ថវិកាគាំំទ្រសកម្មភាពបែបនវានុវត្តន៍នេះត្រូវបានរំពឹងថានឹងគាំទ្រដល់អង្គការ ស្ថាប័នក្នុងស្រុកចំនួនបួននៅកម្ពុជា។ ថវិកាគាំំទ្រសកម្មភាពបែបនវានុវត្តន៍ នឹងគាំទ្រគំនិតច្នៃប្រឌិតដែលប្រើវិធីសាស្ត្របរិយាបន្ន ដើម្បីលើកកម្ពស់ ភាពធន់នឹងអាកាសធាតុបែបបរិយាបន្ន ការអភិវឌ្ឍផ្នែកឌីជីថល ស្ថានភាព តម្រូវការ និងការទទួលបានសេវាសាធារណៈបែបបរិយាបន្ន ស្ត្រី សន្តិភាព និងសន្តិសុខ និងប្រធានបទពាក់ព័ន្ធគោលនយោបាយផ្សេងទៀត។ លើសពីនេះ ដៃគូដែលបានជ្រើសរើសនឹងមានលទ្ធភាពចូលទៅកាន់បណ្តាញប្រព័ន្ធអេកូចំណេះដឹងកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ដៃគូនានានឹងអាចពង្រឹងបណ្តាញដែលមានស្រាប់របស់ពួកគេ និងបង្កើតបណ្តាញថ្មីតាមរយៈយន្តការបណ្តាញ របស់កម្មវិធីពន្លកចំណេះ រួមទាំងការពិភាក្សាគោលនយោបាយផងដែរ។ តាមរយៈយន្តការទាំងនេះ ដៃគូនានានឹងអាចបង្កើនឱកាសរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូផ្សេងទៀត និងអ្នកបង្កើតគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។