សាវតារ

វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តី ពីកម្ពុជា (NGOF) ត្រូវបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ១៩៨០ ជាកម្លាំងចលករក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជាទាំងអស់។ ក្នុងក្របខ័ណ្ឌជាវេទិកា មានសមាជិកភាព និងដៃគូជាង ២០០ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ។ NGOF បានដឹកនាំកិច្ចការតស៊ូមតិ និងសកម្មភាពសម្របសម្រួលលើបញ្ហាសំខាន់ៗដូចជា សិទ្ធិដីធ្លី ជីវភាពរស់នៅ អភិបាលកិច្ចធនធានធម្មជាតិ ការការពារបរិស្ថាន វិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ។ NGOF ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងបោសសម្អាតមីន ការជំរុញយុត្តិធម៌អភិវឌ្ឍន៍ និងការបង្កើតយន្តការសម្រាប់គណនេយ្យភាព និងសិទ្ធិមនុស្ស។

តាមរយៈការចូលរួមយ៉ាងស៊ីជម្រៅជាមួយអង្គការមិនមែនរដ្ឋាភិបាល ថ្នាក់ខេត្ត អង្គការ សហគមន៍ និង   បណ្តាញមូលដ្ឋាន NGOF បានពង្រីកសំឡេងសហគមន៍ និងពង្រឹងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ NGOF បន្តបម្រើការជាលេខាធិការដ្ឋានសម្រាប់បណ្តាញ តាមប្រធានបទសំខាន់ៗ រួមមាន៖ ក្រុមការងារថវិកា ក្រុមសម្ព័ន្ធទន្លេកម្ពុជា បណ្តាញ NECCAW[1] បណ្តាញ NRLG[2] និង បណ្តាញ GGESI[3]។ ផ្អែកលើក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០២៤-២០៣០ របស់ខ្លួនឈ្មោះថា METRI (មេត្រី)៖ ការចូលរួមពីពហុភាគីសម្រាប់សង្គមប្រកបដោយការផ្លាស់ប្តូរ ភាពធន់ និងបរិយាប័ន្ន។​ NGOF មានចក្ខុវិស័យសង្គម និងភពផែនដីប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព។ បេសកកម្មរបស់ខ្លួនផ្តោតលើការជះឥទ្ធិពលលើគោលនយោបាយថ្នាក់ជាតិ និងជំរុញភាពសុខដុមរមនាក្នុងមូលដ្ឋាន សំដៅទទួលបានសេដ្ឋកិច្ច សុខមាលភាព និងនិរន្តរភាពភពផែនដី។ តាមរយៈសកម្មភាពសហការ និងការតស៊ូមតិជាយុទ្ធសាស្ត្រ NGOF នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងការកសាងប្រទេសកម្ពុជាប្រកបដោយយុត្តិធម៌ និងភាពធន់។

សកម្មភាពតាមកម្មវិធីសំខាន់ៗ

  1. កម្មវិធី បាលី (PALI ឥទ្ធិពលគោលនយោបាយ និងច្បាប់)
    • បញ្ហាអន្តរៈវិស័យ៖ រៀបចំព្រឹត្តិការណ៍ស្តីពីសិទ្ធិដីធ្លី សន្តិសុខទឹក និងអភិបាលកិច្ចបរិស្ថាន។ រួមចំណែកដល់គោលនយោបាយ និងច្បាប់ជាតិ។
    • ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ ធ្វើឱ្យប្រសើរឡើងនូវតម្លាភាពថវិកា និងគណនេយ្យភាពតាម រយៈសិក្ខាសាលា និងវេទិកា។ ជំរុញការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ។
    • អធិបតេយ្យភាពស្បៀងអាហារ និងអាជីវកម្មកសិកម្ម: លើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវាក់តម្លៃ។
    • ពាណិជ្ជកម្មសេរី: ជំរុញការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌ និងបោះពុម្ពផ្សាយថវិកាពលរដ្ឋដំបូងរបស់កម្ពុជា។
  2. កម្មវិធី សច្ចៈ (SACHAS សាមគ្គីភាពសម្រាប់ភាពសុខដុមរមនា និងនិរន្តរភាពសហគមន៍មូលដ្ឋាន)
    • ភាពធន់នឹងការប្រែប្រួលអាកាសធាតុ៖ ធ្វើសិក្ខាសាលាស្តីពីការស្តារព្រៃកោងកាង កសិកម្មនិរន្តរភាព និងការគ្រប់គ្រងកាកសំណល់។
    • អភិបាលកិច្ចដីធ្លី៖ ស្រាវជ្រាវផលប៉ះពាល់នៃការកាន់កាប់ដីធ្លី និងរៀបចំសិក្ខាសាលាដើម្បីដោះស្រាយវិវាទដីធ្លី។
    • អភិបាលកិច្ចទឹក៖ ផ្តោតលើការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ។
    • អភិបាលកិច្ចព្រៃឈើ និង REDD+៖ លើកកម្ពស់ការអភិរក្សព្រៃឈើ និងការគ្រប់គ្រងធនធានប្រកបដោយសមធម៌។
  3. កម្មវិធី ឫទ្ធិ (RITI ស្ថាប័នធន់ នវានុវត្តន៍ និងផ្លាស់ប្តូរ)
    • ការពង្រឹងសមត្ថភាព៖ ពង្រឹងអភិបាលកិច្ច និងនិរន្តរភាពរបស់ NGOF និងសមាជិករបស់ខ្លួន។
    • នវានុវត្តន៍ និងភាពធន់៖ ជំរុញបរិយាប័ន្ន និងនវានុវត្តន៍ក្នុងការគ្រប់គ្រងបរិស្ថាន។
    • ការអភិវឌ្ឍសមាជិកភាព៖ ពង្រីកសមាជិកភាពដើម្បីបង្កើនការតស៊ូមតិ និងកិច្ចសហការថាមវ័ន្ត។

ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ

វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តី ពីកម្ពុជា (NGOF) កំពុងធ្វើការជាមួយ អង្គមូលនិធិអាស៊ី TAF/ពន្លកចំណេះ ក្រោមគំនិតផ្តួចផ្តើម “ការលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការជះឥទ្ធិពលលើគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព” សម្រាប់រយៈពេល ១០ ខែក្នុងឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយយុត្តិធម៌ បរិស្ថានបៃតង និងនិរន្តរភាពនៅកម្ពុជា ដោយពង្រឹងអង្គការសង្គមស៊ីវិល (CSOs) លើកកម្ពស់កិច្ចសន្ទនាពហុភាគីប្រកបដោយបរិយាប័ន្ន និងការតស៊ូមតិសម្រាប់គោលនយោបាយដែលផ្តោតលើសមធម៌ និងនិរន្តរភាពបរិស្ថាន។ សកម្មភាពសំខាន់ៗរបស់គម្រោងគឺ៖ ១. ការពង្រឹង និងសម្របសម្រួលបណ្តាញអង្គការសង្គមស៊ីវិល និង ២. កិច្ចសន្ទនាពហុភាគី ការតស៊ូមតិផ្អែកលើភស្តុតាងជាមូលដ្ឋាន។

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF)។


[1] NECCAW (Network of Environment, Climate Change, Agriculture and Water)
បណ្តាញបរិស្ថាន ការប្រែប្រួលអាកាសធាតុ កសិកម្ម និងទឹក

[2] NRLG (Natural Resources and Land Governance)
ធនធានធម្មជាតិ និងអភិបាលកិច្ចដីធ្លី

[3] GGESI (Governance, Gender, Environment, and Social Inclusion)
អភិបាលកិច្ច យេនឌ័រ បរិស្ថាន និងបរិយាប័ន្នសង្គម