សាវតារ
អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន គឺជាអង្គការមិនមែនរដ្ឋាភិបាលនៃកម្ពុជាមួយដែលមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា និងគណបក្សនយោបាយ។ រាល់សកម្មភាពទាំងអស់របស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួម និងកំរិតជីវភាពសាធារណជនទាំងអស់ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដូចជា ជនក្រីក្រ ជនមានពិការភាព ស្ត្រី និងកុមារ។ល។ ដើម្បីធានាឲ្យមានបរិយាបន្នទៅក្នុងសង្គម ឬសហគមន៍ដែលមនុស្សគ្រប់គ្នាអាចរស់នៅប្រកបដោយកិត្តយស សមធម៌ និងគ្មានការរើសអើង។ គ្រប់ទិសដៅ គោលការណ៍ សកម្មភាពការងារ និងយុទ្ធសាស្ដ្រទាំងអស់របស់អង្គការនេះគឺ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ក្រុមប្រឹក្សាភិបាល និងបុគ្គលិករបស់អង្គការនេះ មិនត្រូវបានផ្ដល់សិទ្ធិអំណាចឱ្យប្រើប្រាស់ឈ្មោះរបស់អង្គការ សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍ផ្នែកនយោបាយរបស់គណបក្សនយោបាយណាមួយ ឬផលប្រយោជន៍របស់បុគ្គលដទៃទៀតឡើយ។ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២។
ទស្សនវិស័យរបស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នគឺ «សង្គមមួយប្រកបដោយបរិយាបន្នដែលឱកាសដើម្បីចូលរួមក្នុងបរិយាកាសវប្បធម៌ សង្គម និងសេដ្ឋកិច្ច គឺបើកចំហសម្រាប់ទាំងអស់គ្នា»។
បេសកកម្មរបស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នគឺ «ដើម្បីរួមចំណែកដល់ពិភពលោកមួយដែលមនុស្សទាំងអស់គ្នារស់នៅក្នុងភាពថ្លៃថ្នូរ និងអនុវត្តសិទ្ធិរបស់ពួកគេយ៉ាងពេញលេញហើយឈានដល់សក្តានុពលរបស់ពួកគេ»។
គោលបំណងរបស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នគឺ «ដើម្បីលើកកម្ពស់ការចូលរួម និងកំរិតជីវភាពសាធារណជនទាំងអស់ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដូចជា ជនក្រីក្រ ជនមានពិការភាព ស្ត្រី និងកុមារ ។ល។ ដើម្បីធានាឲ្យមានបរិយាបន្នទៅក្នុងសង្គម ឬសហគមន៍ដែលមនុស្សគ្រប់គ្នាអាចរស់នៅប្រកបដោយកិត្តយស សមធម៌ និងគ្មានការរើសអើង»។
អង្គការនឹងបន្តការអនុវត្តការងារ និងភាពឆ្នៃប្រឌិត(នវានុវត្តន៏)ក្នុងការជម្រុញការអភិវឌ្ឍបរិយាបន្នក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ដោយផ្តល់នូវដំណោះស្រាយចាំបាច់នានាចំពោះបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន មានការផ្តេជ្ញា និងប្រកាន់ភ្ជាប់នូវគុណតម្លៃដូចខាងក្រោម៖
-
- ចូលរួមក្នុងការលើកកម្ពស់ការចូលរួម និងផ្តល់សិទ្ធអំណាចដល់ក្រុមដែលងាយរងគ្រោះដូចជា ជនមានពិការភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការអភិវឌ្ឍ
- ខិតខំពុះពារដើម្បីជំនះរាល់ឧបសគ្គនៅក្នុងសង្គម និងបង្កើតបរិយាកាសដែលបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) និងមានសុវត្ថភាពសម្រាប់មនុស្សគ្រប់គ្នា
- ធានាការយកចិត្តទុកដាក់ដល់ស្ត្រី និងក្មេងស្រីដែលការមិនបានរាប់បញ្ចូលពួកគេជាមូលហេតុនៃភាពក្រីក្រ និងការអភិវឌ្ឍមិនស្មើរភាពគ្នា
- ដឹកនាំដោយគុណតម្លៃស្នូល៖ ការយកចិត្តទុកដាក់ (Care), ការឆ្លើយតប (Responsiveness), គុណភាព (Quality), ការសហការ (Collaboration), និង គណនេយ្យភាព (Accountability) ។
យើងប្រតិបត្តិដោយតម្លៃស្នូលរបស់យើងដែលរួមមាន ការយកចិត្តទុកដាក់ ការឆ្លើយតប គុណភាព ការសហការនិងការទទួលខុសត្រូវ។
សកម្មភាពសំខាន់ៗ
ក្នុងដំណើរការងាររបស់យើង យើងបានយល់ថាការអភិវឌ្ឍ ត្រូវតែឆ្លងកាត់ដំណើរការផ្លាស់ប្តូរផ្នែកខ្លះក្នុងស្ថាប័ន និងក្នុងប្រព័ន្ធនៃកម្មវិធី ដើម្បីឈានទៅរកការរួមបញ្ចូលជនមានពិការភាព ឱ្យមាននិរន្តរភាព។ យើងគាំទ្រដល់ដំណើរការទាំងនេះ នៅកម្រិតសហគមន៍ អង្គការ និងរដ្ឋាភិបាល។ យើងធ្វើការងារដោយវិធីសាស្រ្តមានការចូលរួម ដោយលើកកម្ពស់ការសន្ទនារួម តាមរយៈកម្មវិធីថ្នាក់ជាតិ និងតាមក្របខ័ណ្ឌអន្តរជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ (UNCRPD) ហើយរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយមិនទុកនរណាម្នាក់ចោល។
ជំនាញសំខាន់ៗរបស់យើងគឺ ការរួមបញ្ចូលជនពិការភាព និងការអភិវឌ្ឍរួម។ យើងខិតខំដើម្បីពង្រឹង និងគាំទ្រកំលាំងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធ ដូចជា អង្គការតំណាងជនពិការ (OPDs) អង្គការក្នុងស្រុកនិងអន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងសហគមន៍ នៅទាំងកម្រិតមូលដ្ឋាន និងថ្នាក់ជាតិក្នុងពេលតែមួយ។ ព្រមជាមួយគ្នានេះដែរ យើងក៏ធ្វើការងារដោយផ្ទាល់ជាមួយក្រុមដែលងាយរងគ្រោះបំផុត ដូចជាជនមានពិការ ដើម្បីធានាថាពួកគេអាចចូលរួមទទួលបានសិទ្ធិ និងសមត្ថភាពរបស់ខ្លួន តាមរយៈការកាត់បន្ថយឱនភាពទំនាក់ទំនងសំខាន់ៗ។
វិស័យសំខាន់ៗដែលយើងផ្តោតរួមមាន៖
- គាំទ្រដល់ស្រ្តីមានពិការភាព ក្នុងបណ្តាញភាពជាអ្នកដឹកនាំ និងការតស៊ូមតិ តាមរយៈការបង្កើនសមត្ថភាព ការសន្ទនារួម និងការចូលរួមក្នុងសហគមន៍។
- គាំទ្រការគ្រប់គ្រងមូលដ្ឋានឱ្យមានការរួមបញ្ចូល តាមរយៈការទំនាក់ទំនងសម្រាប់ការតស៊ូមតិ។
- ប្រតិបត្តិការលើ Social Innovation Labs សម្រាប់ការរួមបញ្ចូលជនមានពិការភាព ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការស្វែងរកឳកាសការងារ និងការបង្កើនជីវភាពរស់នៅដល់ជនមានពិការភាព។
- លើកកម្ពស់ការបញ្ចូលសិទ្ធិជនពិការ ទូទាំងវិស័យផ្សេងៗ តាមរយៈការសន្ទនារួម ការអភិវឌ្ឍសមត្ថភាព ការតស៊ូមតិ និងបញ្ចូលកត្តាសំខាន់ៗមួយចំនួនក្នុងគោលនយោបាយជាតិ។
- សមធម៌យេនឌ័រ ការរួមបញ្ចូលជនមានពិការភាព និងសង្គម (GEDSI) និងសកម្មភាពការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ក៏ជាវិស័យសំខាន់ៗក្នុងការអន្តរាគមន៍ និងអនុវត្តន៍របស់អង្គការយើងផងដែរ។
ភាពជាដៃគូជាមួយគម្រោងពន្លកចំណេះ
ក្រោមកម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២ និងតាមរយៈកិច្ចសហការនេះ PAfID ធ្វើការលើគម្រោង “ការលើកកម្ពស់ការពិភាក្សាប្រកបដោយបរិយាបន្ន សម្រាប់ការចូលប្រើប្រាស់កាន់តែទូលំទូលាយក្នុងការគាំពារសង្គម ដោយផ្តោតលើកម្មវិធី ប័ណ្ណក្រីក្រ (PoorID) និង កម្មវិធីកញ្ចប់គ្រួសារ (Family Package Programs) សម្រាប់ជនមានពិការភាព” ។ គម្រោងនេះនឹងរួមចំណែកក្នុងការពង្រឹងគោលនយោបាយផ្អែកលើភស្តុតាង និងការពិភាក្សាប្រកបដោយបរិយាបន្ននៅកម្ពុជា ជាមួយនឹងការផ្តោតលើការរួមបញ្ចូលជនមានពិការភាព និងកិច្ចគាំពារសង្គម។ PAfID ធ្វើការជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាថាមតិរបស់ក្រុមដែលងាយរងគ្រោះ ជាពិសេសជនមានពិការភាព ត្រូវបានឆ្លុះបញ្ចាំងក្នុងការពិភាក្សាផ្នែកគោលនយោបាយ និងដំណើរការទទួលសេចក្ដីសម្រេច។ តាមរយៈវគ្គបណ្តុះបណ្តាល ការពិភាក្សាក្រុមតូច កិច្ចប្រជុំសហគមន៍ និងវេទិកាសន្ទនាផ្សព្វផ្សាយថ្មីៗ ដែលភ្ជាប់ជាមួយ អង្គការមូលនិធីអាស៊ី និងអង្គការដៃគូនានា PAfID បានធានាថាមតិចម្រុះត្រូវបានស្តាប់ និងបញ្ចូលទៅក្នុងដំណើរការនយោបាយ។ កិច្ចសហការនេះបានរួមចំណែកក្នុងប្រព័ន្ធកិច្ចគាំពារសង្គមឱ្យមានភាពរួមបញ្ចូល នូវសមធម៌ និងចីរភាពកាន់តែប្រសើរ។
គោលបំណងគម្រោង
គោលបំណងសំខាន់ៗរបស់គម្រោងនេះរួមមាន៖
- ធ្វើឱ្យមានការពិភាក្សាប្រកបដោយបរិយាបន្នរវាងភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរ អង្គការសង្គមស៊ីវិល និងសមាជិកសហគមន៍ រួមទាំងជនមានពិការភាព។
- កំណត់ និងដោះស្រាយឧបសគ្គក្នុងការចូលប្រើប័ណ្ណសមធម៌ (PoorID) និងកម្មវិធីកញ្ចប់គ្រួសារ។
- លើកកម្ពស់ការយល់ដឹងតាមរយៈការសន្ទនារួមអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌសិទ្ធិរបស់កម្មវិធីគាំពារសង្គម។
- បង្កើតសំណើដែលអាចអនុវត្តបានសម្រាប់កម្មវិធីកិច្ចគាំពារសង្គមអោយកាន់តែមានបរិយាបន្ន និងមានប្រសិទ្ធភាព ដោយផ្តល់ព័ត៌មានដល់កម្មវិធីសាធារណៈនានា។
លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន។
