តើវិស័យស្រាវជ្រាវជាអ្វី?
វិស័យស្រាវជ្រាវសំដៅទៅលើស្ថាប័នទាំងឡាយណា ដែលធ្វើការស្រាវជ្រាវ និងវិភាគក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយសាធារណៈ។
ហេតុអ្វីបានជាវិស័យស្រាវជ្រាវមានសារៈសំខាន់?
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលតម្រូវឱ្យមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីអាចសម្រេចផែនការនេះបាន។ ជាងនេះទៅទៀត ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនានាទាក់ទងនឹងគោលនយោបាយ យើងតម្រូវឱ្យមានដំណោះស្រាយគោលនយោបាយដែលមានប្រសិទ្ធភាព ដែលចេញពីទិន្នន័យ និងការវិភាគប្រកបដោយគុណភាពដែលប្រមូល និងវាយតម្លៃដោយស្ថាប័នស្រាវជ្រាវ។ ប្រសិនបើវិស័យស្រាវជ្រាវនៅកម្ពុជារឹងមាំ នោះវាធានាថានឹងមានទិន្នន័យប្រកបដោយគុណភាពសម្រាប់អ្នកបង្កើតគោលនយោបាយប្រើប្រាស់ជាយោងសម្រាប់ការបង្កើតគោលនយោបាយដែលផ្អែកលើទិន្នន័យ ដែលនឹងធានាអំពីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
តើគម្រោងពន្លកចំណេះនឹងរួមចំណែកយ៉ាងដូចម្តេចខ្លះនៅក្នុងវិស័យស្រាវជ្រាវនៅកម្ពុជា?
គម្រោងពន្លកចំណេះមានគោលបំណងពង្រឹងគុណភាពស្រាវជ្រាវនៅកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវគោលនយោបាយ និងស្ថាប័នស្រាវជ្រាវ។ គម្រោងពន្លកចំណេះរំពឹងថានឹងចូលរួមបង្កើនការស្រាវជ្រាវប្រកបដោយគុណភាពនៅកម្ពុជា ពង្រីកបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវនៅក្នុងប្រទេស និងនៅក្នុងតំបន់ (ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសអូស្រា្តលី) ព្រមទាំងពង្រឹងយន្តការពិភាក្សាគោលនយោបាយនៅកម្ពុជា។
ស្ថានភាពនៃវិស័យស្រាវជ្រាវនៅកម្ពុជា
គម្រោងពន្លកចំណេះបានធ្វើការស្រាវជ្រាវអំពីស្ថានភាពនៃវិស័យស្រាវជ្រាវនៅកម្ពុជា ដែលមានគោលបំណងស្វែងយល់កាន់តែប្រសើរអំពីទិដ្ឋភាពនៃវិស័យស្រាវជ្រាវបច្ចុប្បន្ន ក៏ដូចជាការអភិវឌ្ឍបច្ចុប្បន្ននៅកម្ពុជា។ ការស្រាវជ្រាវនេះបានប្រើប្រាស់សមភាពយេនឌ័រ និងសង្គមបរិយាប័ន្នដើម្បីវាយតម្លៃបន្ថែម។ លទ្ធផលនៃការស្រាវជ្រាវនេះនឹងផ្តល់ជាយុទ្ធសាស្រ្តដល់ការអនុវត្តគម្រោងពន្លកចំណេះ។