សាវតារ
អង្គការជនពិការកម្ពុជា (អ.ព.ក) គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយចលនារបស់ជនពិការកម្ពុជា។ ក្នុងនាមជាអង្គការដែលផ្អែកលើសមាជិកភាព អ.ព.ក អាចដំណើរការបានដោយមានការគ្រប់គ្រងផ្ទាល់ដោយជនមានពិការភាព ដែលតំណាងឱ្យជនពិការគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៨ អ.ព.ក មានបណ្តាញអង្គការតំណាងជនពិការចំនួន៧៥ ក្នុងនោះមានវេទិកាស្ត្រីពិការចំនួន១១នាក់ ដែលជាសមាជិក និងក្រុមជួយខ្លួនឯងចំនួន ១០០០ក្រុមបន្ថែមទៀត។ ជាសរុប អ.ព.ក មានសមាជិកជនមានពិការភាពជាង២ម៉ឺននាក់ នៅទូទាំង២៥រាជធានីខេត្ត។
អ.ព.ក ខុសពីអង្គការជនពិការដទៃទៀត ព្រោះអង្គការមិនមានផ្តល់សម្ភារៈ ឬសេវាកម្មស្តារនីតិសម្បទា ទៅដល់ជនមានពិការភាពនោះទេ ប៉ុន្តែបានតំណាងឱ្យបណ្តាញអង្គការតំណាងជនពិការ និងវេទិកាស្ត្រីពិការទូទាំងប្រទេស តស៊ូមតិដើម្បីសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ ក៏ដូចជាជួយកសាងការយល់ដឹងអំពីសិទ្ធិ និងសមត្ថភាពរបស់ពួកគេ ឆ្ពោះទៅរកការសម្រេចបាននូវជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរសម្រាប់ជនដែលមានពិការភាព។
សកម្មភាពចម្បងៗរបស់ អ.ព.ក
អ.ព.ក បាននិងកំពុងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេសជាច្រើនលើសិទ្ធិពិការភាព និងការអភិវឌ្ឍ បរិយាបន្ន លើគោលនយោបាយ សុខភាពសាធារណៈដែលរួមមានសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ គម្រោងគាំពារសង្គម ការអប់រំ ឱកាសការងារ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទឹក និងអនាម័យ អភិបាលកិច្ចទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋាន ក៏ដូចជាគាំទ្រការទំនាក់ទំនងជាមួយជនពិការទៅកាន់អង្គការរក្រៅរដ្ឋាភិបាលថ្នាក់ជាតិ និងអន្តរជាតិ រដ្ឋាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងក្រុមហ៊ុនឯកជន។ អ.ព.ក ក៏សហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយក្នុងការអនុវត្តច្បាប់ និងគោលនយោបាយជាក់លាក់ ក៍ដូចជារួមចំណែកដល់ការស្រាវជ្រាវផ្អែកលើភស្តុតាងស្តីពីពិការភាពនៅកម្ពុជា ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការសម្រេចបានលទ្ធផលល្អប្រសើរសម្រាប់ជនពិការ។ សម្រាប់ការទំនាក់ទំនង អ.ព.ក បានបង្កើតព័ត៌មានសាធារណៈ ដែលរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងបណ្តាញសង្គម តាមរយៈស្ថានីយ៍វិទ្យុសំឡេងជនពិការ ដើម្បីលើកកម្ពស់ពិការភាព និងបរិយាបន្នសង្គមនៅក្នុងសង្គមកម្ពុជា។ លើសពីនេះទៀត អ.ព.ក បានផ្តល់ជំនួយដល់បណ្តាញអង្គការតំណាងជនពិការ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា ដើម្បីកំណត់បញ្ហា និងតម្រូវការរបស់ជនពិការ ព្រមទាំងចែករំលែកព័ត៌មានត្រឡប់ទៅជនពិការវិញទាក់ទងនឹងវិស័យផ្សេងៗ ដើម្បីកសាងការយល់ដឹងលើសិទ្ធិរបស់ពួកគេ។
អ.ព.ក ធ្វើការលើកកម្ពស់បរិយាបន្នពិការភាព និងធ្វើឱ្យមានការទទួលបានសេវាសំខាន់ៗសម្រាប់ជនពិការនៅកម្រិតយុទ្ធសាស្ត្រ និងកម្រិតគោលនយោបាយ ឬកម្រិតកម្មវិធី។ ការអនុវត្តរបស់ អ.ព.ក លើការការពារសង្គមតាមរយៈការផ្តល់អត្ថប្រយោជន៍ពិការភាព គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការ។ ប្រព័ន្ធគាំពារសង្គម – ទាំងការបញ្ជ្រាប និងការកំណត់គោលដៅជនពិការ – អាចដើរតួនាទីយ៉ាងសំខាន់ និងជាគ្រឹះសម្រាប់ជនពិការជាច្រើនក្នុងការទទួលបាន ឬបន្តធ្វើការងារ។ ដោយធានាថាតម្រូវការទាក់ទងនឹងពិការភាពរបស់ពួកគេនិងការចំណាយបន្ថែមផ្សេងៗត្រូវបានបំពេញ ពួកគេមានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការអប់រំប្រកបដោយប្រសិទ្ធភាព ហើយពួកគេមានប្រាក់ចំណូលក្នុងការទិញទំនិញ ប្រព័ន្ធទាំងនេះអាចជំរុញយ៉ាងខ្លាំងដល់ការចូលរួមរបស់ជនពិការនៅក្នុងទីផ្សារការងារ និងក្នុងសង្គមទាំងមូល។
ភាពជាដៃគូនៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២
ក្រោមកម្មវិធីពន្លកចំណេះ អ.ព.ក ផ្តល់ការគាំទ្រផ្នែកប្រឹក្សាដល់ដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ ទៅលើ សមភាពយេនឌ័រ និងបរិយាបន្នពិការភាព និងសង្គម (GEDSI) ក្នុងការស្រាវជ្រាវ ការទំនាក់ទំនង ការពិភាក្សា និងបណ្តាញ ក៏ដូចជាគាំទ្រកម្មវិធី ដើម្បីធានាថា GEDSI ត្រូវបានបញ្ជ្រាបទៅក្នុងសកម្មភាពដែលពាក់ព័ន្ធនៅតាមដៃគូយុទ្ធសាស្រ្តនីមួយៗ។
សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការជនពិការកម្ពុជា (អ.ព.ក)។