សាវតារ

អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន​ គឺជាអង្គការមិនមែនរដ្ឋាភិបាលនៃកម្ពុជា​មួយដែលមិន​ប្រកាន់​​​ពូជសាសន៍ ជំនឿសាសនា និងគណបក្សនយោបាយ។ រាល់សកម្មភាពទាំងអស់របស់​អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួម និង​កំរិតជីវភាពសាធារណជនទាំងអស់ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដូចជា​ ជនក្រីក្រ ជនមានពិការភាព ស្ត្រី និងកុមារ។ល។  ដើម្បីធានាឲ្យមានបរិយាបន្នទៅក្នុងសង្គម ឬសហគមន៍ដែលមនុស្សគ្រប់គ្នាអាចរស់នៅប្រកបដោយកិត្តយស សមធម៌ និងគ្មានការរើសអើង។ គ្រប់ទិសដៅ ​គោល​ការណ៍ សកម្មភាពការងារ និងយុទ្ធសាស្ដ្រ​ទាំងអស់របស់អង្គការនេះគឺ ដើម្បី​បម្រើផលប្រយោជន៍សាធារណៈ។ ក្រុមប្រឹក្សាភិបាល និង​បុគ្គលិក​របស់​អង្គការនេះ មិនត្រូវបានផ្ដល់​សិទ្ធិ​អំណាច​ឱ្យប្រើប្រាស់​ឈ្មោះរបស់អង្គការ​ សម្រាប់​បម្រើ​​ផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍ផ្នែកនយោបាយរបស់គណបក្សនយោបាយណាមួយ ឬ​ផលប្រយោជន៍​​របស់​បុគ្គល​ដទៃទៀតឡើយ។ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២។​​

ទស្សនវិស័យរបស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នគឺ​ «សង្គមមួយប្រកបដោយបរិយាបន្នដែលឱកាសដើម្បីចូលរួមក្នុងបរិយាកាសវប្បធម៌ សង្គម និងសេដ្ឋកិច្ច គឺបើកចំហសម្រាប់ទាំងអស់គ្នា»។

បេសកកម្មរបស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នគឺ «ដើម្បីរួមចំណែកដល់ពិភពលោកមួយដែលមនុស្សទាំងអស់គ្នារស់នៅក្នុងភាពថ្លៃថ្នូរ និងអនុវត្តសិទ្ធិរបស់ពួកគេយ៉ាងពេញលេញហើយឈានដល់សក្តានុពលរបស់ពួកគេ»។

គោលបំណងរបស់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្នគឺ «ដើម្បីលើកកម្ពស់ការចូលរួម និង​កំរិតជីវភាពសាធារណជនទាំងអស់ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដូចជា​ ជនក្រីក្រ ជនមានពិការភាព ស្ត្រី និងកុមារ ។ល។  ដើម្បីធានាឲ្យមានបរិយាបន្នទៅក្នុងសង្គម ឬសហគមន៍ដែលមនុស្សគ្រប់គ្នាអាចរស់នៅប្រកបដោយកិត្តយស សមធម៌ និងគ្មានការរើសអើង»។

អង្គការនឹងបន្តការអនុវត្តការងារ និងភាពឆ្នៃប្រឌិត(នវានុវត្តន៏)​​ក្នុងការជម្រុញការអភិវឌ្ឍបរិយាបន្នក្នុងប្រទេសកម្ពុជា និងក្នុងតំបន់​ដោយផ្តល់នូវដំណោះស្រាយចាំបាច់នានាចំពោះបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន មានការផ្តេជ្ញា និងប្រកាន់ភ្ជាប់នូវគុណតម្លៃដូចខាងក្រោម៖

    • ចូលរួមក្នុងការលើកកម្ពស់ការចូលរួម និងផ្តល់សិទ្ធអំណាចដល់ក្រុមដែលងាយរងគ្រោះដូចជា ជនមានពិការភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការអភិវឌ្ឍ
    • ខិតខំពុះពារដើម្បីជំនះរាល់ឧបសគ្គនៅក្នុងសង្គម និងបង្កើតបរិយាកាសដែលបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) ​និង​មានសុវត្ថភាពសម្រាប់មនុស្សគ្រប់គ្នា
    • ធានាការយកចិត្តទុកដាក់ដល់ស្ត្រី និងក្មេងស្រីដែលការមិនបានរាប់បញ្ចូលពួកគេជាមូលហេតុនៃភាពក្រីក្រ និងការអភិវឌ្ឍមិនស្មើរភាពគ្នា
    • ដឹកនាំដោយគុណតម្លៃស្នូល៖ ការយកចិត្តទុកដាក់ (Care), ការឆ្លើយតប (Responsiveness), គុណភាព (Quality), ការសហការ​ (Collaboration), និង គណនេយ្យភាព (Accountability) ។

យើងប្រតិបត្តិដោយតម្លៃស្នូលរបស់យើងដែលរួមមាន ការយកចិត្តទុកដាក់ ការឆ្លើយតប គុណភាព ការសហការនិងការទទួលខុសត្រូវ។

សកម្មភាពសំខាន់ៗ

ក្នុងដំណើរការងាររបស់យើង យើងបានយល់ថាការអភិវឌ្ឍ ត្រូវតែឆ្លងកាត់ដំណើរការផ្លាស់ប្តូរផ្នែកខ្លះក្នុងស្ថាប័ន និងក្នុងប្រព័ន្ធនៃកម្មវិធី ដើម្បីឈានទៅរកការរួមបញ្ចូលជនមានពិការភាព​ ឱ្យមាននិរន្តរភាព។ យើងគាំទ្រដល់ដំណើរការទាំងនេះ នៅកម្រិតសហគមន៍ អង្គការ និងរដ្ឋាភិបាល។ យើងធ្វើការងារដោយវិធីសាស្រ្តមានការចូលរួម ដោយលើកកម្ពស់ការសន្ទនារួម តាមរយៈកម្មវិធីថ្នាក់ជាតិ និងតាមក្របខ័ណ្ឌអន្តរជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ (UNCRPD) ហើយរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយមិនទុកនរណាម្នាក់ចោល។

ជំនាញសំខាន់ៗរបស់យើងគឺ ការរួមបញ្ចូលជនពិការភាព និងការអភិវឌ្ឍរួម។ យើងខិតខំដើម្បីពង្រឹង និងគាំទ្រកំលាំងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធ ដូចជា អង្គការតំណាងជនពិការ (OPDs) អង្គការក្នុងស្រុកនិងអន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងសហគមន៍ នៅទាំងកម្រិតមូលដ្ឋាន និងថ្នាក់ជាតិក្នុងពេលតែមួយ។ ព្រមជាមួយគ្នានេះដែរ យើងក៏ធ្វើការងារដោយផ្ទាល់ជាមួយក្រុមដែលងាយរងគ្រោះបំផុត ដូចជាជនមានពិការ ដើម្បីធានាថាពួកគេអាចចូលរួមទទួលបានសិទ្ធិ និងសមត្ថភាពរបស់ខ្លួន តាមរយៈការកាត់បន្ថយឱនភាពទំនាក់ទំនងសំខាន់ៗ។

វិស័យសំខាន់ៗដែលយើងផ្តោតរួមមាន៖

  • គាំទ្រដល់ស្រ្តីមានពិការភាព ក្នុងបណ្តាញភាពជាអ្នកដឹកនាំ និងការតស៊ូមតិ តាមរយៈការបង្កើនសមត្ថភាព ការសន្ទនារួម និងការចូលរួមក្នុងសហគមន៍។
  • គាំទ្រការគ្រប់គ្រងមូលដ្ឋានឱ្យមានការរួមបញ្ចូល តាមរយៈការទំនាក់ទំនងសម្រាប់ការតស៊ូមតិ។
  • ប្រតិបត្តិការលើ Social Innovation Labs សម្រាប់ការរួមបញ្ចូលជនមានពិការភាព ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការស្វែងរកឳកាសការងារ និងការបង្កើនជីវភាពរស់នៅដល់ជនមានពិការភាព។
  • លើកកម្ពស់ការបញ្ចូលសិទ្ធិជនពិការ ទូទាំងវិស័យផ្សេងៗ តាមរយៈការសន្ទនារួម ការអភិវឌ្ឍសមត្ថភាព ការតស៊ូមតិ និងបញ្ចូលកត្តាសំខាន់ៗមួយចំនួនក្នុងគោលនយោបាយជាតិ។
  • សមធម៌យេនឌ័រ ការរួមបញ្ចូលជនមានពិការភាព និងសង្គម (GEDSI) និងសកម្មភាពការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ក៏ជាវិស័យសំខាន់ៗក្នុងការអន្តរាគមន៍ និងអនុវត្តន៍របស់អង្គការយើងផងដែរ។

ភាពជាដៃគូជាមួយគម្រោងពន្លកចំណេះ

ក្រោមកម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២ និងតាមរយៈកិច្ចសហការនេះ PAfID ធ្វើការលើគម្រោង “ការលើកកម្ពស់ការពិភាក្សាប្រកបដោយបរិយាបន្ន សម្រាប់ការចូលប្រើប្រាស់កាន់តែទូលំទូលាយក្នុងការគាំពារសង្គម ដោយផ្តោតលើកម្មវិធី ប័ណ្ណក្រីក្រ​ (PoorID) និង កម្មវិធីកញ្ចប់គ្រួសារ (Family Package Programs) សម្រាប់ជនមានពិការភាព” ។ គម្រោងនេះនឹងរួមចំណែកក្នុងការពង្រឹងគោលនយោបាយផ្អែកលើភស្តុតាង និងការពិភាក្សាប្រកបដោយបរិយាបន្ននៅកម្ពុជា ជាមួយនឹងការផ្តោតលើការរួមបញ្ចូលជនមានពិការភាព និងកិច្ចគាំពារសង្គម។ PAfID ធ្វើការជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាថាមតិរបស់ក្រុមដែលងាយរងគ្រោះ ជាពិសេសជនមានពិការភាព ត្រូវបានឆ្លុះបញ្ចាំងក្នុងការពិភាក្សាផ្នែកគោលនយោបាយ និងដំណើរការទទួលសេចក្ដីសម្រេច។ តាមរយៈវគ្គបណ្តុះបណ្តាល ការពិភាក្សាក្រុមតូច កិច្ចប្រជុំសហគមន៍ និងវេទិកាសន្ទនាផ្សព្វផ្សាយថ្មីៗ ដែលភ្ជាប់ជាមួយ អង្គការមូលនិធីអាស៊ី និងអង្គការដៃគូនានា PAfID បានធានាថាមតិចម្រុះត្រូវបានស្តាប់ និងបញ្ចូលទៅក្នុងដំណើរការនយោបាយ។ កិច្ចសហការនេះបានរួមចំណែកក្នុងប្រព័ន្ធកិច្ចគាំពារសង្គមឱ្យមានភាពរួមបញ្ចូល នូវសមធម៌ និងចីរភាពកាន់តែប្រសើរ។

គោលបំណងគម្រោង

គោលបំណងសំខាន់ៗរបស់គម្រោងនេះរួមមាន៖

  • ធ្វើឱ្យមានការពិភាក្សាប្រកបដោយបរិយាបន្នរវាងភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរ អង្គការសង្គមស៊ីវិល និងសមាជិកសហគមន៍ រួមទាំងជនមានពិការភាព។
  • កំណត់ និងដោះស្រាយឧបសគ្គក្នុងការចូលប្រើប័ណ្ណសមធម៌ (PoorID) និងកម្មវិធីកញ្ចប់គ្រួសារ។
  • លើកកម្ពស់ការយល់ដឹងតាមរយៈការសន្ទនារួមអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌសិទ្ធិរបស់កម្មវិធីគាំពារសង្គម។
  • បង្កើតសំណើដែលអាចអនុវត្តបានសម្រាប់កម្មវិធីកិច្ចគាំពារសង្គមអោយកាន់តែមានបរិយាបន្ន និងមានប្រសិទ្ធភាព ដោយផ្តល់ព័ត៌មានដល់កម្មវិធីសាធារណៈនានា។

លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន។