សាវតារ  

វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមអភិបាលកិច្ចនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​ដែលមានភារកិច្ចទទួលខុសត្រូវក្នុងការផ្តល់ការអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យសង្គមកិច្ច ការងារសង្គម កិច្ចគាំពារសង្គម រដ្ឋបាលសាធារណៈ គោលនយោបាយសាធារណៈ និងគោលនយោបាយសង្គម។  វិទ្យាស្ថានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ និងមាននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យជាង ៥០០នាក់ ដែលបានបន្តរួមចំណែកប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ពួកគេជាមួយស្ថាប័ន និងទីភ្នាក់ងាររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសហគមន៍មូលដ្ឋានជាច្រើន។ បន្ថែមពីលើកម្មវិធីសិក្សារបស់ខ្លួន វិទ្យាស្ថានផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីដ៏ទូលំទូលាយដែលគ្របដណ្តប់លើប្រធានបទ និងជំនាញផ្សេងៗគ្នាទាក់ទងនឹងការងារសង្គម ការការពារកុមារ ការថែទាំមនុស្សចាស់ ការធ្វើអត្តសញ្ញាណកម្មជនមានពិការភាព និងកិច្ចការងារសង្គមជាច្រើនទៀត។ គំនិតផ្តួចផ្តើមលើការបណ្តុះបណ្តាលទាំងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់បុគ្គលដែលធ្វើការក្នុងវិស័យទាំងនេះ និងបំពាក់បន្ថែមដល់បុគ្គលិកសង្គមកិច្ចនូវជំនាញ ចំណេះដឹង និងអាកប្បកិរិយាឆ្ពោះទៅរកការជួយដល់តម្រូវការរបស់ជនរងគ្រោះ ក្រុមងាយរងគ្រោះ និងក្រុមដែលមានហានិភ័យខ្ពស់ក្នុងប្រទេសកម្ពុជា។ 

លើសពីនេះទៅទៀត វិទ្យាស្ថានបានសហការជាមួយដៃគូផ្សេងៗ ដើម្បីអនុវត្តគម្រោងសិក្សាស្រាវជ្រាវជាច្រើន ដោយផ្តោតជាក់លាក់លើការផ្តល់ធាតុចូលដល់អ្នកបង្កើតគោលនយោបាយ និងអ្នកបង្កើតផលជាវិជ្ជមានសម្រាប់ក្រុមងាយរងគ្រោះ។ តាមរយៈការចូលរួមក្នុងសកម្មភាពស្រាវជ្រាវ និងចែករំលែកចំណេះដឹង វិទ្យាស្ថានក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតគោលនយោបាយដែលផ្អែកលើភស្តុតាង និងការជំរុញនូវការរីកចម្រើននៃគំនិតផ្តួចផ្តើមជាច្រើនអំពីសុខុមាលភាពសង្គម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងចម្រុះរបស់ខ្លួន វិទ្យាស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់សុខុមាលភាពសង្គមនៅកម្ពុជា។  

សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីវិទ្យាស្ថានជាតិសង្គមកិច្ច (NISA)។ 

 

ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ  

នៅក្រោមភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះដំណាក់កាលទីពីរ វិទ្យាស្ថានជាតិសង្គមកិច្ច កំពុងធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទមួយដែលមានចំណងជើងថា «ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈកម្មវិធីផ្ទេរប្រាក់នៅកម្ពុជា៖ បទពិសោធន៍ជាក់ស្តែងពីសហគមន៍តំបន់ឆ្នេរ»។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងអង្កេតមើលទំនាក់ទំនងនៃកម្មវិធីផ្ទេរសាច់ប្រាក់ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងភាពធន់នៃសហគមន៍តំបន់ឆ្នេរ។ ការសិក្សានេះនឹងវិភាគផងដែរទៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវភាពរស់នៅ ពិនិត្យមើលទំនាក់ទំនងអន្តរកម្មរវាងកម្មវិធីផ្ទេរសាច់ប្រាក់និងការអភិវឌ្ឍន៍ភាពធន់នឹងអាកាសធាតុ និងផ្តល់អនុសាសន៍សម្រាប់ការបង្កើនអត្ថប្រយោជន៍របស់កម្មវិធីសម្រាប់សហគមន៍ដែលជួបការលំបាក។ ការរកឃើញនេះនឹងជួយបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីគាំទ្រ និងផ្តល់អំណាចដល់សហគមន៍ងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ 

កម្មវិធីផ្ទេរសាច់ប្រាក់ (CTP) គឺជាសមិទ្ធិផលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជួយដល់ក្រុមងាយរងគ្រោះនៅក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលមានវិបត្តិដូចជាជំងឺរាតត្បាតកូវីដ១៩។ កម្មវិធីនេះផ្តល់ជំនួយជាសាច់ប្រាក់ប្រចាំខែដល់អ្នកដែលមានអត្តសញ្ញាណប័ណ្ណសមធម៌ ដែលត្រូវបានផ្តល់ឱ្យគ្រួសារដែលត្រូវបានវាយតម្លៃដោយប្រុងប្រយ័ត្នដើម្បីកំណត់សិទ្ធិទទួលបានរបស់ពួកគេដោយផ្អែកលើលក្ខណវិនិច្ឆ័យផ្សេងៗគ្នា ជាពិសេសការចាត់ថ្នាក់ពួកគេជាប្រភេទក្រី១ និងក្រ២ ។  

ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ជាមួយសមត្ថភាពនៅមានកម្រិតសម្រាប់ការបន្សាំនោះ វាជាសំណាងល្អដែលគ្រួសារដែលកំពុងជួបការលំបាកទទួលបានការគាំទ្រមួយចំនួនពីរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយការចំណាយលើការបន្សាំរបស់ពួកគេ និងកែលម្អលក្ខខណ្ឌរស់នៅទូទៅរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការកត់សំគាល់មួយឃើញថា ដំណើរការវាយតម្លៃបច្ចុប្បន្នសម្រាប់ប្រភេទគ្រួសារក្រ១ និងក្រ២ មិនទាន់បានឆ្លុះបញ្ចាំងឱ្យបានគ្រប់គ្រាន់នូវលក្ខណវិនិច្ឆ័យទាក់ទងនឹងអាកាសធាតុនៅឡើយទេ។ ជាលទ្ធផល សហគមន៍ជាច្រើន ជាពិសេសតំបន់ដែលរងផលប៉ះពាល់អាកាសធាតុ ដូចជាតំបន់ឆ្នេរនៃប្រទេសកម្ពុជា ពុំទាន់មានសិទ្ធិពេញលេញក្នុងការទទួលបានអត្ថប្រយោជន៍ពី កម្មវិធីផ្ទេរសាច់ប្រាក់នោះទេ។ វាមានសារសំខាន់ណាស់ក្នុងការសិក្សាស្រាវជ្រាវបន្ថែមដើម្បីកំណត់ថាតើកម្មវិធីផ្ទេរសាច់ប្រាក់មានប្រសិទ្ធភាពបង្កើតភាពធន់នឹងផលប៉ះពាល់អាកាសធាតុ។ ការសិក្សានេះក៏មានគោលបំណងបញ្ជាក់ឡើងវិញនូវផលជះរបស់កម្មវិធីផ្ទេរសាច់ប្រាក់ទៅលើការបង្កើនសមត្ថភាពបន្សាំ និងផ្តល់អនុសាសន៍អំពីការដាក់បញ្ចូលនូវលក្ខណវិនិច្ឆ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងដំណើរការវាយតម្លៃគ្រួសារក្រ១ និងក្រ២នាពេលអនាគត។ តាមរយៈការពង្រីកការគ្របដណ្តប់នៃជំនួយរបស់រាជរដ្ឋាភិបាលដើម្បីរួមបញ្ចូលសហគមន៍ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ កម្មវិធីផ្ទេរសាច់ប្រាក់អាចរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនូវសមត្ថភាពរបស់គ្រួសារក្រីក្រក្នុងការសម្របខ្លួន និងរីកចម្រើន បើទោះបីជាមានបញ្ហាប្រឈមដោយសារការប្រែប្រួលអាកាសធាតុក៏ដោយ។ 

 

គម្រោងនេះនឹងស្រាវជ្រាវរួមគ្នាជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)។  

API គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការតស៊ូមតិ ឥទ្ធិពលគោលនយោបាយ អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ ជាមួយនឹងបទពិសោធន៍ជាងពីរទសវត្សរ៍ API បានបង្កើតជំនាញតស៊ូមតិ និងធ្វើឱ្យការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងគណនេយ្យភាពក្នុងតំបន់ក្លាយជាការពិត។ API បានបើកវគ្គបណ្តុះបណ្តាលជាង ៣០០ សម្រាប់អ្នកចូលរួមជាង ១០.០០០ នាក់ រួមមាន អង្គការសង្គមស៊ីវិល អង្គការសហគមន៍ ក្រុមប្រឹក្សាមូលដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ សហជីព ស្ថាប័នរាជរដ្ឋាភិបាល និងសភាកម្ពុជា។ API មានលក្ខណៈពិសេសនៅក្នុងសង្គមស៊ីវិលរបស់ប្រទេសកម្ពុជាសម្រាប់តួនាទីរបស់ខ្លួនក្នុងការផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋ និងការលើកកម្ពស់សិទ្ធិមនុស្ស បម្រើប្រជាជនកម្ពុជាទាំងអស់ និងផ្តល់តម្លៃដល់ភាពចម្រុះ។  

សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)។ 

អង្គការ FACT គឺជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដើម្បីដោះស្រាយបញ្ហាជលផល និងបរិស្ថានជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ។ កាលពីដើម អង្គការនេះជាផ្នែកមួយនៃគម្រោងបរិស្ថានរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) ដែលត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំបី ដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា។ នៅឆ្នាំ២០០៤ អង្គការ FACT បានបំបែកចេញពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានលុបបំបាត់ឡូត៍នេសាទពាណិជ្ជកម្មរហូតដល់ ៥៦% ហើយផ្ទេរការគ្រប់គ្រងដល់សហគមន៍វិញ។ អង្គការFACT ផ្តោតលើការតស៊ូមតិលើបញ្ហាជលផល និងតាមដានកំណែទម្រង់គោលនយោបាយ កៀរគរអង្គការមិនមែនរដ្ឋាភិបាលខេត្ត និងអង្គការសហគមន៍ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍នានា។ ការងាររបស់អង្គការ FACT ផ្តោតលើបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍នេសាទនៅក្នុងប្រទេសកម្ពុជា។  

សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ FACT ។