សាវតា

មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) ដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃប្រទេស កម្ពុជា តាំងពីខែមេសា ឆ្នាំ២០១១ មានគោលបំណង ដើម្បីក្លាយជាស្ថាប័នសិក្សាស្រាវជ្រាវ និងរៀនសូត្រឈានមុខមួយ ដែលធ្វើការជាមួយសហគមន៍ងាយរងគ្រោះ និងសហការជាមួយភ្នាក់ងារអភិវឌ្ឍន៍សំខាន់ៗ ដើម្បីវិភាគបញ្ហាប្រឈមបច្ចុប្បន្ន ព្រមទាំងរួមគ្នាបង្កើតនូវគំនិតផ្តួចផ្តើមសម្រាប់ឆ្លើយតបប្រកបដោយភាពច្នៃប្រឌិត និងយូរអង្វែង”។ វិសាលភាពការងាររបស់ ADIC គឺធ្វើការជាមួយសហគមន៍មូលដ្ឋាន ស្រាវជ្រាវតាមបែបចូលរួមដើម្បីអនុវត្តសកម្មភាព (PAR) និងការស្រាវជ្រាវគោលនយោបាយ សម្រាប់គម្រោងនានាដែលផ្តល់មូលនិធិដោយអន្តរជាតិ។ ការអនុវត្តន៍គម្រោងដែលមានកិច្ចសហការ កន្លងមក រួមមាន អង្គការ WorldFish សាកលវិទ្យាល័យ Mahidol សាកលវិទ្យាល័យ Sussex និងសាកលវិទ្យាល័យ Utah លើប្រធានបទដូចជា អភិបាលកិច្ចធនធានទឹក ការធ្វើចំណាកស្រុក កិច្ចគាំពារសង្គម និងពលកម្មកុមារជាដើម។ នៅក្នុងគ្រាដំបូង អង្គការបានអនុវត្តន៍នូវគម្រោងគួរឱ្យ កត់សម្គាល់រួមមាន ការប្រែប្រួលនូវការរប្រើប្រាស់ដីធ្លីនិងសន្តិសុខស្បៀងនៅក្នុងសហគមន៍ជនជាតិដើម ភាគតិច ការពង្រឹងអភិបាលកិច្ចធនធានជលផល និងកម្មវិធីប្រព័ន្ធកសិកម្មវារីជាតិ។ តាំងពីឆ្នាំ២០១១ មក អង្គការ ADIC ផ្តោតលើការគាំទ្រការងារតាមសហគមន៍មូលដ្ឋាននៅក្នុងខេត្តភាគឦសាន និងតំបន់បឹងទន្លេសាប។ ក្រោយមក ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០ អង្គការ ADIC បានរួមចំណែកក្នុងការសិក្សាអំពីការធ្វើចំណាកស្រុកឆ្លងដែន ដែលក្នុងនោះមានការគាំទ្រដោយវិទ្យាស្ថាន សិក្សាអភិវឌ្ឍន៍ (IDS) នៃសាកលវិទ្យាល័យ Sussex  ព្រមទាំងបានទទួលមូលនិធិសម្រាប់ការសិក្សាអំពី ចំណាកស្រុក ពីកម្មវិធីពន្លកចំណេះ ដំណាក់កាលទីមួយ (២០២១-២០២២) របស់ អង្គការមូលនិធិអាស៊ី ក្រោមជំនួយរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី។

សកម្មភាពសំខាន់ៗ

វិស័យអាទិភាពបច្ចុប្បន្នរបស់ អង្គការ ADIC រួមមាន ១) ការគ្រប់គ្រងធនធានធម្មជាតិ ២) ជីវភាពរស់នៅ និងការផ្សាភ្ជាប់ជាមួយទីផ្សារ និង ៣) ការឆ្លើយតបទៅនឹងការផ្លាស់ប្តូរសង្គម។ វិធីសាស្រ្តការងាររបស់យើងក្នុងពេលបច្ចុប្បន្ន និងអនាគត មានដូចជា ការកសាងសមត្ថភាពដល់អ្នកដឹកនាំសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការសិក្សាស្រាវជ្រាវសម្រាប់រួមចំណែកក្នុងការរៀបចំ ឬកែលម្អគោលនយោបាយ និងការស្រាវជ្រាវតាមបែបចូលរួមដើម្បីអនុវត្តសកម្មភាព (PAR)។ ខាង​ក្រោម​នេះ​គឺ​ជា​គម្រោង​សំខាន់ៗរបស់យើង​៖

  • ការកសាងសមត្ថភាពយុវជនក្នុងការស្រាវជ្រាវតាមបែបចូលរួមដើម្បីរួមចំណែកក្នុងផែនការ អភិវឌ្ឍន៍ថ្នាក់ក្រោមជាតិស្តីពី ការធ្វើចំណាកស្រុកឆ្លងព្រំដែនពីកម្ពុជាទៅប្រទេសថៃដោយសុវត្ថិភាព ដែលផ្តោតលើស្រុកកំរៀង ខេត្តបាត់ដំបង គាំទ្រដោយកម្មវិធីពន្លកចំណេះ ដំណាក់កាលទីពីរ របស់ អង្គការមូលនិធិអាស៊ី (២០២៤-២០២៥) ក្រោមជំនួយរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី
  • ការលើកកម្ពស់ជីវភាពរស់នៅតាមឆ្នេរសមុទ្រ និងការអភិរក្សព្រៃកោងកាងក្នុងខេត្តកំពត និងខេត្ត ព្រះសីហនុ គាំទ្រដោយ Landesa (វិទ្យាស្ថានអភិវឌ្ឍន៍ជនបទ) (២០២២-២០២៥)
  • ការទទួលបានសិទ្ធិដីធ្លី៖ ជំហានឆ្ពោះទៅរកការផ្តល់ប័ណ្ណកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិច (ICLT) នៅក្នុងខេត្តចំនួនពីររបស់ប្រទេសកម្ពុជា គឺខេត្តបាត់ដំបង និងព្រះវិហារ គាំទ្រដោយ Landesa (វិទ្យាស្ថានអភិវឌ្ឍន៍ជនបទ) (២០២៤)
  • ការលើកកម្ពស់ការអភិវឌ្ឍន៍សាកវប្បកម្ម និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្តរតនគិរី និង ខេត្ត​មណ្ឌលគិរី ឧបត្ថម្ភដោយមូលនិធិអភិវឌ្ឍន៍សង្គមនៃប្រទេសជប៉ុន (JSDF) តាមរយៈ ធនាគារពិភពលោក (២០២២-២០២៥)

ភាពជាដៃគូជាមួយកម្មវិធី​ពន្លកចំណេះ

ក្រុមការងារ ADIC បានចាប់ផ្តើមគម្រោងថ្មី ដែលគាំទ្រដោយ អង្គការមូលនិធិអាស៊ី តាមរយៈកម្មវិធីពន្លកចំណេះ ដើម្បីផ្តល់ភាពអង់អាចដល់យុវជនកម្ពុជា ជាពិសេសនៅក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជា កន្លែងធ្វើចំណាកស្រុកឆ្លងព្រំដែនច្រើន។ តាមរយៈការបណ្តុះបណ្តាលការស្រាវជ្រាវតាមបែបចូលរួមដើម្បីអនុវត្តសកម្មភាព អ្នកចូលរួមជាយុវជននឹងទទួលបានបទពិសោធន៍ និងជំនាញសំខាន់ៗដែល មានសារៈសំខាន់សម្រាប់ការចូលរួមជាមួយសហគមន៍របស់ពួកគេ រួមទាំងក្រុមដែលងាយរងគ្រោះ ដូចជា ស្ត្រី និងជនពិការ ព្រមទាំងចូលរួមរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានផងដែរ។ គំនិតផ្តួចផ្តើមនេះមានលក្ខណៈប្លែកពីគេ ដោយសង្កត់ធ្ងន់លើការចូលរួមរបស់យុវជនក្នុងការរៀបចំផែនការវិនិយោគឃុំ ដែលជាទូទៅការងារនេះ ត្រូវបានបំពេញដោយអាជ្ញាធរមូលដ្ឋាន។ តាមរយៈការផ្តល់ការបណ្តុះបណ្តាលការស្រាវជ្រាវបែបចូលរួមដើម្បីអនុវត្តសកម្មភាព ការសាកល្បង និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព អង្គការ ADIC មានគោលបំណងជំរុញការចូលរួមរបស់យុវជននៅក្នុងការរៀបចំផែនការ និង គោលនយោបាយអភិវឌ្ឍន៍នៅថ្នាក់ឃុំ។ ការងារនេះនឹងសម្រេចបានតាមរយៈការបណ្តុះបណ្តាល អំពីបញ្ហាចំណាកស្រុក អនុវត្តន៍សាកល្បងដើម្បីជជែកជាមួយក្រុមប្រឹក្សាឃុំ និងការប្រើប្រាស់សម្ភារៈ សម្រាប់ប្រាស្រ័យទាក់ទង ដើម្បីជាប្រយោជន៍ដល់សហគមន៍។ គោលដៅរបស់គម្រោងគឺដើម្បីធានាថា យុវជនដើរតួយ៉ាងសំខាន់ក្នុងដំណើរការធ្វើការសម្រេចចិត្តក្នុងមូលដ្ឋាន ដែលនាំទៅរកគំនិតផ្តួចផ្តើមសម្រាប់ការងារអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមនេះនឹងផ្អែកលើការសិក្សាពីមុនដែលបានធ្វើឡើងក្នុងឆ្នាំ២០២១-២០២២ ក្នុងខេត្តបាត់ដំបង។ សារៈសំខាន់នៃគម្រោងនេះសំដៅលើការស្វែងរកវិធីសាស្រ្តប្លែកៗ ដើម្បីពាំនាំមកនូវរបកគំហើញថ្មីៗ ក៏ដូចជាចូលរួមជាមួយអ្នកបង្កើតគោលនយោបាយនៅតាមមូលដ្ឋាន ដើម្បីសម្រេចបានលទ្ធផលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC)៕