សាវតារ

អង្គការនារីដើម្បីសន្តិភាព “នដស” គឺជាអង្គការក្នុងស្រុកឈានមុខគេមួយដែលធ្វើការទៅលើ ភាពប្រទាក់ក្រឡាគ្នានៃការកសាងសន្តិភាព យេនឌ័រ និងការអភិវឌ្ឍ។ “នដស” កើតចេញពីគំនិតផ្តួចផ្តើមដោយបណ្តាញក្រុមស្រ្តី និងយុវជនអ្នកដឹកនាំវ័យក្មេងនៅក្នុងឆ្នាំ ២០០០ បន្ទាប់មកក៏បានចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាល នៅឆ្នាំ២០០៣។ នដស មានទស្សនវិស័យចង់ឃេីញសង្គម​មួយ​​ពោរ​ពេញ​ទៅ​ដោយ​សន្តិភាពពេញ​លេញ​​ និងយុត្តិធម៌​យេនឌ័រ ​ដែល​អាច​​ឲ្យមនុស្ស​គ្រប់​រូប​​សម្រេច​បាន​នូវ​​សក្តានុពល​ពេញ​លេញរបស់ខ្លួន ​និង​​ជៀសផុត​ពី​អំពេីហិង្សា​គ្រប់​ប្រភេទ រួម​ទាំង​ហិង្សា​លើ​យេន​ឌ័រ ដោយ​មិន​ប្រកាន់​អត្ត​សញ្ញាណ​ ឬ​សមត្ថភាព​របស់​បុគ្គល​នោះ​ឡើយ​។​ ដើម្បីសម្រេចបាននូវគោលដៅនេះ “នដស”” ធ្វើការគាំ​ទ្រ​ការ​ពង្រឹង​ភាព​អង់​អាច​របស់​ស្រ្តី​និង​យុវជន ទប់​ស្កាត់​អំពើ​ហិង្សា រួម​ទាំងអំពើ​ហិង្សា​លើ​យេន​ឌ័រ កសាង​សន្តិភាព និង​ដោះ​ស្រាយ​ទំនាស់​ដោយ​ផ្តល់​ឧបករណ៍ច្នៃ​ប្រឌិត ​និងកសាង​​បរិយាកាស​អំណោយ​ផល​ ​​ ​សម្រាប់ការ​សន្ទនា​​ ការ​យល់​ដឹង​ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ការ​អន្តរាគម​ជា​យុទ្ធសាស្រ្ត ទៅ​លើ​បញ្ហា​យេន​ឌ័រ​និង​ការ​កសាង​សន្តិភាព។​​ “នដស” បានធ្វើការរៀនសូត្រនិងធ្វេីការងារក្នុងវិស័យនេះជាង២ ទសរត្សរ៍មកហើយ ជាមួយនឹង បទពិសោធន៍ដ៏យូរអង្វែង ក្នុងការអន្តរាគមន៍ទៅលើស្ថានភាពនៃអំពើហិង្សាលើយេនឌ័រ​ និងទំនាស់នៅក្នុងប្រទេសកម្ពុជា។ “នដស” បានបង្កេីតមូលដ្ឋានគ្រឹះកម្មវិធីច្នៃប្រឌិតនានាក្នុងការលើកកម្ពស់ការយល់ដឹង ពង្រឹងភាពអង់អាចលើស្រ្តីឬយុវជន និងការគៀងគងការគាំទ្រដើម្បីការអភិវឌ្ឍជាវិជ្ជមានក្នុងសហគមន៍ និង ការដោះស្រាយទំនាស់ដោយអហិង្សា។ “នដស” មានកម្មវិធីចម្បង២ គឺ កម្មវិធីយេនឌ័រ និងបញ្ហាស្រ្តី និង កម្មវិធីសន្តិភាពនិងការបំម្លែងទំនាស់។ កម្មវិធីយេនឌ័រ និងបញ្ហាស្រ្តី រួមមានគំនិតផ្តួចផ្តើមនានា​ ទាក់ទងនឹងសមភាពយេនឌ័រ ភាពជាអ្នកដឹកនាំនិងការពង្រឹងភាពអង់អាចទៅលើស្រ្តីនិងក្មេងស្រី ការទប់ស្តាត់អំពើហិង្សាផ្អែកលើយេនឌ័រ ការសម្រុះសម្រួលឆ្លេីយតបយេនឌ័រ និងការលេីកកម្ពស់បរិយាបន្នក្រុមភាគតិច ។ កម្មវិធីសន្តិភាពនិងការបំម្លែងទំនាស់ រួមមានគំនិតផ្តួចផ្តើមនានាទាក់ទងនឹងការកសាងសន្តិភាពចម្រុះជាតិសាសន៍ ការអប់រំសន្តិភាព សេរីភាពសាសនានិងជំនឿ ស្រ្តី​ សន្តិភាព​ និងសន្តិសុខ​ ក៏ដូចជា​ ការការសិក្សារស្រាវជ្រាវតាមបែបសន្តិភា​ និង​ ហ្វេមីនីស្ត។ “នដស”​ប្រកាន់ខ្ជួាប់នូវគុណតម្លៃរបស់ខ្លួន ហេីយ​សំឡេងនិងតម្រូវការរបស់សហគមន៏គឺជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសដៅការងារជាយុទ្ធសាស្រ្តនិងការបន្តសិក្សារៀនសូត្ររបស់​ នដស។

បច្ចុប្បន្ន “នដស” ធ្វើការជាមួយស្រ្តី​ យុវជន​និងសហគមន៏នៅកម្រិតមូលដ្ឋាន។ នៅកម្រិតថ្នាក់ជាតិ​ នសដធ្វេីការជាមួយសង្គមស៊ីវិល និងអ្នកពាក់ព័ន្ថ្នាក់ថ្នាក់ជាតិសំខាន់ៗ​ និងនៅកម្រិតថ្នាក់តំបន់ជាមួយអង្គការក្រៅរដ្ឋាភិបាល សកលវិទ្យាល័យ និងបណ្តាញយេនឌ័រ និងអ្នកកសាងសន្តិភាពនៅតាមបណ្តាប្រទេសជិតខាងនិងតំបន់។

សកម្មភាពចម្បងៗរបស់អង្គការនារីដើម្បីសន្តិភាព

ន.ដ.ស ធ្វើការដើម្បីគាំទ្រដល់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងយុវជន បំលែងទំនាស់ និងទប់ស្កាត់អំពើហិង្សាទូទៅ រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយផ្តល់នូវឧបករណ៍ច្នៃប្រឌិត និងកន្លែង សម្រាប់កិច្ចសន្ទនា ការយល់ដឹងកាន់តែស៊ីជម្រៅ និងការអន្តរាគមជាយុទ្ធសាស្ត្រលើបញ្ហាយេនឌ័រ និងសន្តិភាព។ ន.ដ.ស ផ្តោតលើកម្មវិធីប្រធានបទប្រសព្វចំនួន២៖ ១) បញ្ហាយេនឌ័រ និងស្ត្រី និង ២) សន្តិភាព និងការបំលែងទំនាស់។ ន.ដ.សធ្វើការនៅកម្រិតមូលដ្ឋានជាមួយសហគមន៍មូលដ្ឋាន នៅថ្នាក់ជាតិជាមួយសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធសំខាន់ៗ និងនៅកម្រិតតំបន់ជាមួយអង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ និងបណ្តាញផ្សេងៗ។ ការងារយេនឌ័ររបស់ន.ដ.ស ផ្តោតលើសក្ដានុពលយេនឌ័រ សិទ្ធិស្ត្រី រួមទាំងក្មេងស្រី និងភាពជាអ្នកដឹកនាំ ខណៈដែលការងារសន្តិភាព ផ្តោតលើការកសាងសុខដុមចម្រុះជាតិសាសន៍ ការ ទប់ស្កាត់អំពើហិង្សា និងការបំលែងទំនាស់។ ក្នុងនាមជាអង្គការសិទ្ធិស្ត្រី រាល់ការអន្តរាគមរបស់ន.ដ.ស មានគោលបំណង ស្វែងយល់ពីវិសមភាពយេនឌ័រនៅគ្រប់បរិបទ និងយល់ដឹងអំពីសក្ដានុពលនៃអំណាច ដែលពាក់ព័ន្ធនឹងយេនឌ័រ។ មិនថារៀបចំនៅក្នុងកម្មវិធីបញ្ហាយេនឌ័រ និងស្ត្រី ឬកម្មវិធីសន្តិភាពទេ រាល់សកម្មភាពផ្តល់នូវឱកាសដើម្បីស្វែងយល់ និងលើកកម្ពស់សិទ្ធិ និងចំណាប់អារម្មណ៍របស់ស្ត្រីទៅកាន់សាធារណៈជនកាន់តែទូលំទូលាយ។ ន.ដ.ស ប្រើប្រាស់វិធីសាស្ត្រដែលអាចធានាបាននូវគោលការណ៍ផ្អែកលើសិទ្ធិ នៅគ្រប់សកម្មភាពទាំងអស់។

ភាពជាដៃគូនៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២

ក្រោមកម្មវិធីពន្លកចំណេះ ន.ដ.ស ផ្តល់ការគាំទ្រផ្នែកប្រឹក្សាដល់ដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ ទៅលើ សមភាពយេនឌ័រ និងបរិយាបន្នពិការភាព និងសង្គម (GEDSI) ក្នុងការស្រាវជ្រាវ ការទំនាក់ទំនង ការពិភាក្សា និងបណ្តាញ ក៏ដូចជាគាំទ្រកម្មវិធី ដើម្បីធានាថា GEDSI ត្រូវបានបញ្ជ្រាប ទៅក្នុងសកម្មភាពដែលពាក់ព័ន្ធនៅតាមដៃគូយុទ្ធសាស្រ្តនីមួយៗ។ ន.ដ.ស ក៏នឹងគាំទ្រកម្មវិធីពន្លកចំណេះ ក្នុងនាមជាអ្នកសម្របសម្រួលបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ ក្នុងឆ្នាំទី១ និងទី២ ផងដែរ (២០២៣-២០២៥)។

សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការនារីដើម្បីសន្តិភាព (ន.ដ.ស)។