សាវតារ

អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC គឺជាអង្គការក្នុងស្រុកមិនរកកម្រៃ បានបង្កើតឡើងដោយក្រុមស្ត្រី បន្ទាប់ពីការប្រារព្ធសន្និសីទជាតិលើកទីមួយស្តីពី យេនឌ័រ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីក្នុងការទទួលបានសមភាពយេនឌ័រ និងសិទ្ធិមនុស្ស។ ចាប់តាំងពីពេលនោះមក អង្គការ GADC បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយមានសម្លេងនាំមុខគេលើវិស័យសមភាពយេនឌ័រនៅកម្ពុជា។ អង្គការ GADC បានធ្វើការអស់រយៈពេលជាងម្ភៃឆ្នាំមកហើយជាមួយស្ត្រី បុរស និងយុវជន ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច ដែលមានឥទ្ធិពលដល់ជីវិតរស់នៅរបស់ពួកគេ ទាំងនៅក្នុងគ្រួសារ និងសហគមន៍ ក៏ដូចជាក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ប្រកាន់យកតួនាទីជាអ្នកដឹកនាំ បង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរការនយោបាយនិងសាធារណៈ ជំរុញរាជរដ្ឋាភិបាលឲ្យទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនក្នុងការបង្កើតសមភាពយេនឌ័រ និងចាត់វិធានការដើម្បីបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រ និងការរើសអើងចំពោះស្ត្រី និងក្មេងស្រី នៅក្នុងសហគមន៍ ដោយធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់កណ្តាល និងនៅក្នុងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ។

សកម្មភាពចម្បងៗរបស់ GADC

អង្គការ GADC សម្រេចបាននូវគោលដៅរបស់ខ្លួន តាមរយៈកម្មវិធីអប់រំសហគមន៍ ការតស៊ូមតិនិងការកសាងបណ្តាញ កម្មវិធីអប់រំបែបហ្វេមីនីស និងការចូលរួមរបស់បុរស។ អង្គការបានបង្កើតនូវដំណើរការរយៈពេលវែង ដើម្បីកសាងការយល់ដឹង ការឆ្លុះបញ្ចាំងអំពីខ្លួនឯង ការគិតគូ ចំណេះដឹង និងជំនាញនៃក្រុមអ្នកស្ម័គ្រចិត្តភូមិ ជាពិសេសនៅក្នុងខេត្តចំនួនបួនគឺ ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ។ អង្គការផ្តល់ការបណ្តុះបណ្តាលនិងការបង្ហាត់បង្រៀន ប្រើប្រាស់វេទិកាសាធារណៈ និងដំណើរការនៃយេនឌ័រកាហ្វេ និងកិច្ចពិភាក្សាបុរស ដើម្បីផ្តល់ព័ត៌មានទៅដល់ប្រជាជនអំពីវិសមភាពយេនឌ័រ និងសិទ្ធិស្ត្រី ក៏ដូចជាដើម្បីជំរុញ ឱ្យមានការឆ្លុះបញ្ចាំងអំពីខ្លួនឯង និងការគាំទ្រគ្នាទៅវិញទៅមកជាមួយក្រុមផ្សេងៗគ្នា ដែលមានដូចជាក្រុមស្ត្រី ក្រុមបុរស ក្រុមយុវជន ក្រុមមន្ត្រីរាជការ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល។ អង្គការ GADC បានបង្កើតកញ្ចប់ឧបករណ៍ និងកម្មវិធីសិក្សាផ្សេងៗស្តីពីជំនាញភាពជាអ្នកដឹកនាំ និងជំនាញសម្របសម្រួល ការតស៊ូមតិ និងយុទ្ធនាការ ការរៀបចំផែនការ និងថវិការបស់ក្រុមប្រឹក្សាឃុំលើអំពើហិង្សាក្នុងគ្រួសារ បំណិនជីវិតសម្រាប់យុវជន ការបញ្ជ្រាបយេនឌ័រ និងថវិកាឆ្លើយតបយេនឌ័រ។ អង្គការ GADC បានបង្កើតទំនាក់ទំនងដ៏គួរឱ្យទុកចិត្តរយៈពេលវែងជាមួយក្រសួងកិច្ចការនារី និងសហការជាមួយតួអង្គសង្គមស៊ីវិលដទៃទៀត ដោយផ្តល់ការវិភាគគុណភាព និងដំបូន្មានលើការអភិវឌ្ឍគោលនយោបាយ និងជំរុញឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនលើសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ ដោយជួយដល់ជនរងគ្រោះជាមួយនឹងសេវាបន្ត។ អង្គការ GADC ស្វែងរកសម្ព័ន្ធភាព និងការសហការជាច្រើនប្រភេទ ដើម្បីប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត នូវឱកាសជាច្រើនជាមួយអ្នកផ្សេងទៀត ក្នុងការនិយាយអំពីភាពអយុត្តិធម៌យេនឌ័រ ឬសារព័ត៌មានសម្រាប់គោលនយោបាយយេនឌ័រផ្លូវការដែលត្រូវបានបង្កើតឡើង កែលម្អ ផ្តល់មូលនិធិ និងអនុវត្ត។ អង្គការ GADC ជាអ្នកផ្តួចផ្តើមដ៏សំខាន់ និងមានតួនាទីជាលេខាធិការដ្ឋានក្នុងបណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ (GADNet) ដែលមានអង្គការសង្គមស៊ីវិលជាង៤០ និងបម្រើការជាម្ចាស់ផ្ទះនៃបណ្តាញបុរសកម្ពុជា (CMN)។

ភាពជាដៃគូនៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២

ក្រោមកម្មវិធីពន្លកចំណេះ អង្គការ GADC ផ្តល់ការគាំទ្រផ្នែកប្រឹក្សាដល់ដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ ទៅលើ សមភាពយេនឌ័រ និងបរិយាបន្នពិការភាព និងសង្គម (GEDSI) ក្នុងការស្រាវជ្រាវ ការទំនាក់ទំនង ការពិភាក្សា និងបណ្តាញ ក៏ដូចជាគាំទ្រកម្មវិធី ដើម្បីធានាថា GEDSI ត្រូវបានបញ្ជ្រាប ទៅក្នុងសកម្មភាពដែលពាក់ព័ន្ធនៅតាមដៃគូយុទ្ធសាស្រ្តនីមួយៗ។ GADC ក៏នឹងគាំទ្រកម្មវិធីពន្លកចំណេះ ក្នុងនាមជាអ្នកសម្របសម្រួលបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ ក្នុងឆ្នាំទី៣ និងទី៤ ផងដែរ (២០២៥-២០២៧)។

សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា។