ព្រឹត្តិការណ៍ចុងក្រោយ

ការស្វែងយល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើបុគ្គលិក និងមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍នៅកម្ពុជា
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 21 ធ្នូ 2020
  • ម៉ោង៖ 10:00 am > 11:30 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអង្គការមូលនិធិអាស៊ីនឹងសហការរៀបចំកិច្ចពិភាក្សាគោលនយោបាយពីចម្ងាយមួយស្តីពី “ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើបុគ្គលិក និងមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍នៅកម្ពុជា” នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង១១.៣០ នាទីព្រឹក។

អំពីបាឋកថាគោលនយោបាយនេះ

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអង្គការមូលនិធិអាស៊ីនឹងសហការរៀបចំកិច្ចពិភាក្សាគោលនយោបាយពីចម្ងាយមួយស្តីពី “ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើបុគ្គលិក និងមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍នៅកម្ពុជា”។ កិច្ចពិភាក្សានេះនឹងផ្តោតលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩ទៅលើបុគ្គលិក និងមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ព្រមទាំងអាជីវកម្មខ្នាតតូចដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍។ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអនុវត្តការសិក្សាស្តីពី “ការវាយតម្លៃផលប៉ះពាល់នៃស្ថានភាពជំងឺកូវីដ-១៩ ទៅលើបុគ្គលិកក្នុងវិស័យទេសចរណ៍នៅកម្ពុជា” និង “ការស្វែងយល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍នៅកម្ពុជា” ។ ការស្ទង់មតិទី១បានសិក្សាអំពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមដោយបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារក្នុងវិស័យទេសចរណ៍ និងស្វែងរកដំណោះស្រាយដ៏សមស្របសម្រាប់រាជរដ្ឋាភិបាល និងដៃគូដទៃទៀត។ ការស្ទង់មតិចុងក្រោយបានពិនិត្យមើលផលប៉ះពាល់ជាក់ស្តែងដែលបណ្តាលមកពីកូវីដ-១៩ ទៅលើមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលរងគ្រោះ។

ស្ថានភាពនៃកូវីដ-១៩ នៅតែមិនប្រាកដប្រជា ហើយក្តីកង្វល់នានាត្រូវបានគេលើកឡើងទាក់ទងនឹងហានិភ័យរបស់វាទៅលើកម្មករដែលត្រូវបានបញ្ឈប់ពីការងារ និងគ្មានប្រាក់ចំណូលដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ។ មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍នៅកម្ពុជាបានទទួលរងផលប៉ះពាល់ពីជម្ងឺរាតត្បាតនេះដែលបង្កអោយមានការកាត់បន្ថយការប្រើប្រាស់ និងប៉ះពាល់ទៅលើខ្សែចង្វាក់តម្លៃ។ ទោះបីជាយ៉ាងណាក៏ដោយ មានទិន្នន័យតិចតួចទាក់ទងទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម និងវិធីសាស្ត្រដោះស្រាយវិបត្តិដែលមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមយកមកប្រើប្រាស់ ព្រមទាំងកម្មវិធីដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាលសម្រាប់ផលប្រយោជន៍របស់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ និងខ្សែចង្វាក់តម្លៃនៃអាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់។ បញ្ហាទាំងនេះអាចនឹងបង្កជាបញ្ហាសេដ្ឋកិច្ច និងសង្គម ប្រសិនបើគ្មានជម្រើសគោលនយោបាយសមស្របដើម្បីដោះស្រាយ។ លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយបានជួយតាមដានការវិវត្តនៃស្ថានភាពនេះ។

សំណួរមួយចំនួនស្តីពីផលប៉ះពាល់ និងជម្រើសគោលនយោបាយដែលមានសក្តានុពលដើម្បីទប់ទល់នឹងវិបត្តិ ដែលបង្កជាផលប៉ះពាល់ទៅលើបុគ្គលិកក្នុងវិស័យទេសចរណ៍ និងមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍អាចនឹងមានផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់សាធារណជនទូទៅ និងអ្នកពាក់ព័ន្ធនានា។ សំណួរចំបងៗសម្រាប់កិច្ចពិភាក្សានេះរួមមាន “តើបុគ្គលិកក្នុងវិស័យទេសចរណ៍ និងមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍បានរងផលប៉ះពាល់ដោយកូវីដ-១៩យ៉ាងដូចម្តេច? តើបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទទួលបានប្រាក់ឈ្នួល និងសំណងយ៉ាងដូចម្តេច ហើយតើពួកគេប្រើប្រាស់យុទ្ធសាស្ត្រអ្វីខ្លះដើម្បីដោះស្រាយការរស់នៅប្រចាំថ្ងៃ? តើរាជរដ្ឋាភិបាលផ្តល់ការគាំទ្រដល់ពួកគេយ៉ាងដូចម្តេច? តើការគាំទ្រទាំងនោះគួរតែត្រូវបានកែលម្អយ៉ាងដូចម្តេច? តើមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដំណើរការអាជីវកម្មរបស់ពួកគេយ៉ាងដូចម្តេចក្នុងអំឡុងពេលជំងឺកូវីដ-១៩? តើអន្តរាគមន៍ និងកម្មវិធីរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមអំឡុងពេលកូវីដ-១៩មានអ្វីខ្លះ? តើមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមបានប្រើប្រាស់វិធីសាស្រ្តណាខ្លះដើម្បីសម្របខ្លួន និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩?” ចម្លើយទៅកាន់សំណួរទាំងនេះនឹងត្រូវផ្តល់ដោយអ្នកស្រាវជ្រាវ ព្រមទាំងទស្សនៈនានាពីអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធសំខាន់ៗដែលធ្វើការនៅក្នុងវិស័យនេះ។

ដៃគូចូលរួម៖

សហការរៀបចំដោយ៖ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអង្គការមូលនិធិអាស៊ី

គាំទ្រដោយ៖ ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលីតាមរយៈគម្រោងពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសនូវែលហ្សេឡង់តាមរយៈស្ថានទូតនូវែលហ្សេឡង់។

ប្រភេទនៃព្រឹត្តិការណ៍៖ កិច្ចពិភាក្សាពីចម្ងាយតាមរយៈការអញ្ជើញ

វាគ្មិន និងអ្នកសម្របសម្រួល៖

១. លោក ប្រុញ សុភាណា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវាគ្មិន

២. លោក ច័ន្ទ សុផល នាយក មជ្ឍមណ្ឌលសិក្សាគោលនយោបាយ ជាវាគ្មិន

៣. លោកជំទាវ ឆាយ ស៊ីវលីន ប្រធាន សមាគមទេសចរណ៍កម្ពុជា ជាវាគ្មិន

៤. អ្នកតំណាង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវាគ្មិន

៥. លោកស្រី ហៀង សោភា ប្រធានកម្មវិធី នៃកម្មវិធីពន្លកចំណេះ នៃអង្គការមូលនិធិអាស៊ីជាអ្នកសម្របសម្រួល

អ្នកចូលរួម៖ អ្នកចូលរួមក្នុងបាឋកថាគោលនយោបាយនេះរួមមាន អ្នកស្រាវជ្រាវឯករាជ្យ សាស្រ្តាចារ្យ និស្សិត មន្ត្រីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធតាមបណ្តាស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល។ អ្នកចូលរួមទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមតាមប្រព័ន្ធអនឡាញ។

ការរៀបចំ៖

បាឋកថាគោលនយោបាយនេះនឹងត្រូវបានរៀបចំឡើងពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញក្នុងទម្រង់ជាកិច្ចពិភាក្សាដែលចូលរួមដោយអ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមជាមួយស្ថាប័នរៀបចំកម្មវិធី។ ការពិភាក្សាគោលនយោបាយនេះចាប់ផ្តើមជាមួយការណែនាំ និងការថ្លែងសន្ទរកថា កិច្ចបន្ទាប់គឺជាពិភាក្សា និងសំណួរ/ចម្លើយ។

តម្រូវការផ្នែកបច្ចេកទេស

អ្នកចូលរួមតម្រូវឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីចូលរួមក្នុងបាឋកថាគោលនយោបាយនេះដែលនឹងត្រូវរៀបចំឡើងដោយប្រើប្រាស់កម្មវិធីZoom។ តំណភ្ជាប់ទៅកាន់បាឋកថាគោលនយោបាយនេះនឹងចែករំលែកជាមួយអ្នកចូលរួមនៅក្នុងលិខិតអញ្ជើញ/ អ៊ីមែល។ អ្នកចូលរួមតម្រូវឱ្យចុះឈ្មោះមុនសម្រាប់ព្រឹត្តិការណ៍នេះ។

កម្មវិធី (៩០ នាទី)

០៩.៤៥-១០.០០ ព្រឹក៖ កម្មវិធីZoomត្រូវបានបើក

១០.០០-១០.០៥ ព្រឹក៖ ការចាប់ផ្តើមធ្វើឡើងដោយអ្នកសម្របសម្រួល

១០.០៥-១០.១៥ ព្រឹក៖ ការណែនាំសង្ខេបអំពីវាគ្មិនដោយអ្នកសម្របសម្រួល

១០.១៥-១១.០០ ព្រឹក៖ ការពិភាក្សា

១១.០០-១១.២៥ ព្រឹក៖ សំណួរ និងចម្លើយ

១១.២៥-១១.៣០ ព្រឹក៖ ការបិទ

អំពីអ្នករៀបចំ

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ

បង្កើតឡើងនៅចុងឆ្នាំ ២០១៤ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យ និងស្វយ័តដែលផ្តោតលើការស្រាវជ្រាវ និងការវិភាគគោលនយោបាយ ដើម្បីគាំទ្រដល់ការបង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា។ CPSប្រមើលមើលថា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងលទ្ធិប្រជាធិបតេយ្យសេរី ប្រទេសកម្ពុជានឹងបន្តរក្សាសន្តិភាព និងស្ថេរភាពទទួលបានការផ្លាស់ប្តូរបន្តិចម្តងៗ មានការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន និងមាននីតិរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានការអប់រំល្អ និងអាចសម្រេចបានភាពជឿនលឿនមួយនៅឆ្នាំ២០៥០។

អង្គការមូលនិធិអាស៊ី

គឺជាអង្គការអភិវឌ្ឍអន្តរជាតិមួយដែលមិនស្វែងរកប្រាក់ចំណេញ ដែលចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជុំវិញទ្វីបអាស៊ី។ អង្គការមូលនិធិអាស៊ីមានបទពិសោធន៍ការងារជាងប្រាំមួយទសវត្សរ៍ ដែលការងាររបស់អង្គការមូលនិធិអាស៊ីភាគច្រើនផ្តោតទៅលើគោលដៅធំៗចំនួនប្រាំរួមមាន៖ ការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ស្រ្តី ការលើកកម្ពស់សេដ្ឋកិច្ច ការលើកកម្ពស់បរិស្ថាន និងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់។

ពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា

ក្រោមកិច្ចសហការជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី អង្គការមូលនិធិអាស៊ីកំពុងអនុវត្តគម្រោងពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមមួយមានរយៈពេល៣ឆ្នាំ (២០១៩-២០២២) ដើម្បីពង្រឹងសមត្ថភាពស្ថាប័នស្រាវជ្រាវដើម្បីអនុវត្តការស្រាវជ្រាវប្រកបដោយគុណភាពដែលអាចគាំទ្រដល់ការពិភាក្សា និងវិភាគគោលយោបាយសាធារណៈនៅកម្ពុជា។

ចែករំលែក