ព្រឹត្តិការណ៍ចុងក្រោយ

បាឋកថាគោលនយោបាយ​៖ ការបង្រៀន និងការសិក្សានៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩៖ ការឆ្លើយតបរបស់គ្រឹះស្ថានសិក្សា និងបទពិសោធន៍របស់សិស្សានុសិស្ស
  • កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 29 កញ្ញា 2020
  • ម៉ោង៖ 10:00 am > 11:40 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា រាជធានភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

អង្គការមូលនិធិអាស៊ី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា សហការគ្នារៀបចំបាឋកថាគោលនយោបាយស្តីពី «ការបង្រៀន និងការសិក្សានៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩៖​ ការឆ្លើយតបរបស់គ្រឹះស្ថានសិក្សា និងបទពិសោធន៍របស់សិស្សានុសិស្ស» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក តាមរយៈកម្មវិធី Zoom។

អំពីបាឋកថានេះ

បាឋកថានេះពិភាក្សាអំពីការឆ្លើយតបរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានអប់រំ ព្រមទាំងបទពិសោធន៍របស់សិស្សានុសិស្សចំពោះការសិក្សាតាមអនឡាញ (online) នៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានបិទគ្រឹះស្ថានសិក្សាទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅក្នុងអំឡុងពេលនៃការបិទគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន ​ការបង្រៀន និងការសិក្សាអាចរៀបចំបានតែពីចម្ងាយ តាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ មួយឆមាសបន្ទាប់ពីការបិទគ្រឹះស្ថានអប់រំបណ្តោះអាសន្ន នេះជាពេលវេលាសមរម្យមួយដែលគួរពិនិត្យមើលឡើងវិញអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការបង្រៀន និងការសិក្សា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ភាគីពាក់ព័ន្ធផ្សេងៗក្នុងការឆ្លើយតបទៅនឹងបញ្ហនេះ។ សំណួរមួយចំនួនត្រូវបានលើកឡើងថា តើគ្រឹះស្ថានអប់រំ និងសិស្សានុសិស្សបានត្រៀមខ្លួនរួចរាល់កម្រិតណា ចំពោះការផ្លាស់ប្តូរបរិបទបង្រៀន និងសិក្សារបៀបថ្មី? តើគ្រឺះស្ថានសិក្សានឹងឆ្លើយតបដោយរបៀបណានៅក្នុងបរិបទក្រោយជំងឺកូវីដ-១៩? តើអ្វីខ្លះជាបទពិសោធន៍ដែលទទួលបានពីការឆ្លើយតបទៅនឹងបរិបទថ្មីនេះ?

អំពីវាគ្មិន និងអ្នកសម្របសម្រួល

  • បណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ​ អគ្គនាយកដ្ឋានគោលនយោបាយ​​ និងផែនការ ​ក្រសួងអប់រំ យុវជន និងកីឡា
  • លោក ហ៊ាន សំបឿន​ អនុប្រធាន វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
  • បណ្ឌិត សុង សុភក្តិ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
  • បណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ជាអ្នកសម្របសម្រួល

បណ្ឌិត បូ ច័ន្ទគុលិកា៖ លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ជាប្រធាននាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកអប់រំ ពីសាកលវិទ្យាល័យ Flinders នៅឆ្នាំ២០១៧។ ក្នុងនាមជាប្រធាននាយកដ្ឋានគោលនយោបាយ លោកស្រីដឹកនាំអ្នកស្រាវជ្រាវផ្នែកអប់រំ ដើម្បីឆ្លើយតបទៅនឹងការតាក់តែងគោលនយោបាយ ការសម្រេចចិត្ត ដំណើរការរៀបចំតាក់តែងគោលនយោបាយ និងការត្រួតពិនិត្យ និងវាយតម្លៃគោលនយោបាយ។ លោកស្រីក៏បានដឹកនាំ និងគ្រប់គ្រង ព្រឹត្តបត្រអប់រំកម្ពុជា (CAMBODIAN EDUCATION REVIEW) របស់ក្រសួងអប់រំ។ មុនពេលដែលលោកស្រីចូលរួមជាមួយក្រសួងអប់រំ លោកស្រីធ្លាប់បម្រើការងារជាអ្នកស្រាវជ្រាវឯករាជ្យឱ្យស្ថាប័នធំៗមួយចំនួន ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍ឆេក ជាដើម។ ជំនាញផ្នែកស្រាវជ្រាវរបស់លោកស្រ្តីរួមមាន គោលនយោបាយអប់រំ គោលនយោបាយសាធារណៈ រដ្ឋបាលសាធារណៈនិងអភិបាលកិច្ច ការអប់រំដើម្បីការអភិវឌ្ឍ នយោបាយ និងច្បាប់ ជាដើម។

លោក ហ៊ាន សំបឿន៖ ​ លោក ហ៊ាន សំបឿន ជាអនុប្រធាន វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកដឹកនាំកម្មវិធីអប់រំ និងបណ្តុះបណ្តាលសម្រាប់ជំនាញឌីជីថល។ លោកមានជំនាញផ្នែកប្រព័ន្ធបញ្ញាសប្បនិមិត្ត (AI) ទិន្នន័យឯកជននិងសន្តិសុខ (Data Privacy and Security) កម្មវិធីរៀនតាមអនឡាញ (E-Learning Models) ការអភវិឌ្ឍយុទ្ធសាស្រ្តជាដៃគូ និងការគ្រប់គ្រងគម្រោង ជាដើម។ លោកក៏ធ្លាប់បម្រើការងារជា ប្រធានមជ្ឈមណ្ឌល E-Learning នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនៅទីនោះលោកបានបង្កើនការសិក្សាតាមអនឡាញនៅក្នុងការអប់រំកម្រិតឧត្តមសិក្សាចាប់តាំងពីឆ្នាំ២០១២មក ព្រមទាំងបានបង្រៀនសិស្សជាង ៥ពាន់នាក់ ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។

បណ្ឌិត សុង សុភក្តិ៖  លោកបណ្ឌិត សុង សុភក្តិ ជានាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកអប់រំ និងនរវិទ្យា ពីសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ លោកក៏បានធ្វើការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅ Global Career Design នៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា មុនពេលលោកចូលបម្រើការងារនៅ CDRI នៅឆ្នាំ២០១៦។ ការសិក្សាស្រាវជ្រាវរបស់លោកផ្តោតទៅលើ ភាពជោគជ័យនៅក្នុងការសិក្សា ការសិក្សានៅក្នុងថ្នាក់រៀន ការអប់រំរបស់គ្រូបង្រៀន ការអប់រំស្ទែម និងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម។ បច្ចុប្បន្ន លោកកំពុងដឹកនាំគម្រោងស្រាវជ្រាវមួយរយៈពេល ៣ឆ្នាំកន្លះ ដែលផ្តោតទៅលើ TVET ដោយពិនិត្យមើលទៅលើការអភិវឌ្ឍកម្លាំងពលកម្ម និងទំនាក់ទំនងជាមួយនិយោជក។​ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការបោះពុម្ពការសិក្សាស្រាវជ្រាវផ្សេងៗនៅក្នុង Peer Reviewed Journal ជាច្រើនផងដែរ។

បណ្ឌិត អេង នេត្រា៖ ​ បណ្ឌិត អេង នេត្រា បានចូលរួមជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅឆ្នាំ ២០០៣ ក្នុងនាមជាអ្នកស្រាវជ្រាវ នៅក្នុងកម្មវិធីស្រាវជ្រាវអភិបាលកិច្ច។ នៅឆ្នាំ២០០៦-០៨ បណ្ឌិត នេត្រា បានក្លាយជាប្រធានផ្នែកអភិបាលកិច្ច និងបានមកកាន់តំណែងនេះឡើងវិញ នៅពេលដែលលោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅឆ្នាំ២០១៤។ បណ្ឌិត នេត្រា មានបទពិសោធន៍ជាច្រើនផ្នែកស្រាវជ្រាវ ដែលផ្តោតទៅលើ អភិបាលកិច្ច សង្គមស៊ីវិល វិមជ្ឈការ និងសេដ្ឋកិច្ចនយោបាយទៅលើកំណែទម្រង់វិស័យសាធារណៈនៅកម្ពុជា។ បណ្ឌិត នេត្រា បានដឹកនាំកម្មវិធីស្រាវជ្រាវធំៗមួយចំនួន នៅក្រោមផ្នែកអភិបាលកិច្ច ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា។​ គម្រោងស្រាវជ្រាវមួយរបស់ បណ្ឌិត នេត្រា មានឈ្មោះថា ពន្លក ដែលសិក្សាទៅលើផលប៉ះពាល់នៃការផ្លាស់ប្តូរប្រជាសាស្រ្តទៅលើសង្គម និងនយោបាយនៅកម្ពុជា។ បណ្ឌិត នេត្រា ក៏ជាសហស៊ើបអង្កេតមួយរូបនៃ Civil Society Elite នៅអាស៊ីអាគ្នេយ៍ ដែលអង្កេតទៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើទំនាក់ទំនងរវាងអាហារូបត្ថម្ភ និងយេនឌ័រ និងផលប៉ះពាល់របស់កូវីដ-១៩ទៅលើការគាំពារសង្គម និងយេនឌ័រនៅកម្ពុជា។ បណ្ឌិត នេត្រា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ពី​ សាកលវិទ្យាល័យ Monash  ដែលឧបត្ថម្ភថវិកាដោយកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអូស្រ្តាលីឆ្នាំ២០១០-២០១៣ ។