ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 27 មករា 2025
- ម៉ោង៖ 2:30 pm > 4:10 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Online Microsoft Team
កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់មួយស្តីពី៖ «លទ្ធផលបឋមនៃការវិភាគលើសហគ្រាស ចំនួន ១០០ និងការរៀបចំនៃវគ្គបណ្តុះបណ្តាលការគ្រប់គ្រង និងបច្ចេកវិទ្យា»។
សិក្ខាសាលានេះ បានប្រមូលផ្តុំអ្នកចូលរួមចម្រុះ រួមមាន មន្ទីរពាក់ព័ន្ធ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យមមកពីវិស័យផ្សេងៗ ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិក និងអ្នកស្រាវជ្រាវវ័យក្មេង នៃគម្រោងស្រាវជ្រាវធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ (NUBB-RIS) ដើម្បីពិភាក្សាអំពីការយល់ដឹងសំខាន់ៗ និងរួមចំណែកក្នុងការរៀបចំនៃវគ្គបណ្តុះបណ្តាលការគ្រប់គ្រង និងបច្ចេកវិទ្យា ស្របទៅតាមតម្រូវការនៃសហគ្រាសក្នុងស្រុក។
ចំណុចសំខាន់ៗដែលទទួលបានពីសិក្ខាសាលានេះ រួមមាន៖
- កម្មវិធីបណ្តុះបណ្តាលត្រូវពន្យល់កសិករឱ្យបានច្បាស់លាស់ថា វិធីសាស្រ្តនៃការអនុវត្តកសិកម្មល្អអាចមិនមែនជាកាតព្វកិច្ចរបស់គាត់ ក៏ប៉ុន្តែវាជាវិធីសាស្រ្តមួយដែលអាចជួយក្នុងការកាត់បន្ថយថ្លៃដើម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផលរបស់គាត់ ដើម្បីទាក់ទាញការគាំទ្រពីអតិថិជន។
- អ្នកពាក់ព័ន្ធបានយល់ស្របលើការអនុម័តវិធីសាស្រ្តបង្រៀន “Action Learning Tasks” ដោយរួមបញ្ចូលការងារផ្អែកសកម្មភាពនៅក្នុងការបង្រៀន និងផ្តល់ប្រឹក្សាបន្ថែមសម្រាប់សហគ្រាសនីមួយៗ។
លើសពីនេះទៅទៀត សាកលវិទ្យាល័យជាតិបាត់ដំបង នឹងបន្តជំហានបន្ទាប់សម្រាប់គម្រោងស្រាវជ្រាវ ដូចជា៖
- លើកទឹកចិត្តសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ឱ្យរៀបចំសម្ភារៈសម្រាប់វគ្គបណ្តុះបណ្តាលទៅតាមវគ្គសិក្សាដែលបានចែង និង
- អនុវត្តវគ្គបណ្តុះបណ្តាលការគ្រប់គ្រង និងបច្ចេកវិទ្យា។
សិក្ខាសាលាផ្ទៀងផ្ទាត់នេះ គឺជាផ្នែកមួយនៃ គម្រោងស្រាវជ្រាវស្តីពី៖ «ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អាជ្ថាធរខេត្ត មន្ទីរពាក់ព័ន្ធ និងសហគ្រាសនៅថ្នាក់ខេត្ត» របស់សាកលវិទ្យាល័យជាតិបាត់ដំបង។
សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពីគម្រោងស្រាវជ្រាវនេះបន្ថែមទៀត!
