ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចពិភាក្សាចែករំលែក លើកទី៨ | ការពង្រឹងការតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដោយផ្អែកលើទិន្នន័យ
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 3 មេសា 2026
  • ម៉ោង៖ 8:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦កម្មវិធីពន្លកចំណេះ បានរៀបចំកិច្ចពិភាក្សាចែករំលែកអំពី៖ «ការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៖ ការស្វែងយល់អំពីក្របខណ្ឌ និងការផ្សារភ្ជាប់ជាមួយវិស័យស្រាវជ្រាវនៅកម្ពុជា» ដែលមានអ្នកចូលរួមប្រមាណជាង ៣០ នាក់ រួមមាន តំណាងវិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានសាធារណៈ និងអង្គការសង្គមស៊ីវិល។   

យើងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ ឯកឧត្តម ឡៅ ប៉ូលីវ៉េត អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរងនៃ គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)​ ដែលបានចែករំលែកស៊ីជម្រៅអំពី «ក្របខ័ណ្ឌពិនិត្យ និងវាយតម្លៃ (M&E) នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ 

កិច្ចពិភាក្សាចែករំលែកនេះមានគោលបំណងពង្រឹងការយល់ដឹង ស៊ីជម្រៅដល់ដៃគូពាក់ព័ន្ធអំពីអភិក្រមតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ កិច្ចពិភាក្សានេះក៏ផ្តោតលើតួនាទីដ៏សំខាន់នៃវិស័យស្រាវជ្រាវនៅកម្ពុជា ក្នុងការផ្តល់នូវទិន្នន័យ ការស្រាវជ្រាវ និងការវិភាគ ដើម្បីគាំទ្រដល់ការពិនិត្យ ការរៀនសូត្រ និងការតាក់តែងគោលនយោបាយ។ ក្រៅពីនេះ យើងក៏បានពិភាក្សាអំពីការដាក់ការបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម​ (GEDSI) ទៅក្នុងការងារតាមដានយុទ្ធសាស្ត្រជាតិ ដើម្បីឱ្យប្រាកដថា រាល់ទិន្នន័យស្រាវជ្រាវពិតជាបានជួយដល់ការអភិវឌ្ឍសម្រាប់មនុស្សគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោល ។ 

កិច្ចពិក្សាចែករំលែកនៃកម្មវិធីពន្លកចំណេះ គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យស្ថាប័នដៃគូចូលរួមដោយស្ម័គ្រចិត្ត ដើម្បីផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ពីបញ្ហាគោលនយោបាយដែលកំពុងកើតមាន និងរៀនសូត្រពីអ្នកជំនាញចម្រុះ។ វេទិកានេះជំរុញឱ្យមានកិច្ចពិភាក្សា ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការឆ្លុះបញ្ចាំង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃវិស័យស្រាវជ្រាវឆ្ពោះទៅរកការតាក់តែងគោលនយោបាយនៅកម្ពុជា។ 

ចែករំលែក