ព្រឹត្តិការណ៍ចុងក្រោយ

ការពង្រឹងកិច្ចគាំពារសង្គមដែលឆ្លើយតបនឹងបញ្ហាអាកាសធាតុនៅកម្ពុជា
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 23 មិនា 2026 8:00 am > ថ្ងៃ ព្រហស្បតិ៍, 26 មិនា 2026 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន (MoE) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) និងមជ្ឈមណ្ឌលវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគម្រោង «ការអភិវឌ្ឍឯកសារទស្សនាទាន ដើម្បីសម្រេចបានកិច្ចគាំពារសង្គមនៅក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣» ដែលមានគោលបំណងបំប្លែងការប្តេជ្ញាចិត្តកម្រិតជាតិ ឱ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បីសម្រេចបាននូវកិច្ចគាំពារសង្គមសម្រាប់ប្រជាជនដែលងាយរងគ្រោះ និងប្រឈមហានិភ័យ ព្រមទាំងរួមចំណែកដល់របាយការណ៍ NDC 3.0 របស់កម្ពុជាផងដែរ។

សិក្ខាសាលានេះតំណាងឱ្យការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការស្រាវជ្រាវ ទៅជាគោលនយោបាយដែលអាចអនុវត្តបាន ដោយផ្តោតលើការរៀបចំសេចក្តីព្រាងគម្រោងសម្រាប់ស្វែងរកថវិកាគាំទ្រ។ ផ្អែកលើផែនការដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា និងការស្រាវជ្រាវដែលឧបត្ថម្ភដោយកម្មវិធីពន្លកចំណេះ កិច្ចពិភាក្សានេះមានគោលបំណងពង្រឹងការគាំពារសង្គមឱ្យស្របទៅនឹងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (NDC 3.0) ។
សិក្ខាសាលានេះបានផ្តោតលើគោលបំណងសំខាន់ៗ រួមមាន៖
– ការពង្រឹងការគាំពារសង្គមដែលឆ្លើយតបទៅនឹងបរិបទនៃភាពងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុ។
– ការបញ្ចូលទស្សនៈរបស់ក្រុមជនងាយរងគ្រោះ (ស្ត្រី យុវជន ជនជាតិដើមភាគតិច អ្នកស្រឡាញ់ភេទដូចគ្នា និងជនមានពិការភាព) ទៅក្នុងយុទ្ធសាស្ត្រគម្រោង។
– ការរួមគ្នាបង្កើតផែនការសម្រាប់រៀបចំគម្រោង និងការស្វែងរកធនធាន។

ថវិកាគំាទ្រការចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ គំាទ្រគំនិតផ្តួចផ្តើមរួមគ្នារវាងសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស និងដៃគូរបស់ កម្មវិធីពន្លកចំណេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកស្រាវជ្រាវ (ទិន្នន័យ) ការផ្សព្វផ្សាយ ឬការពិភាក្សា ដែលស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ការសម្រេចចិត្តផ្អែកលើទិន្នន័យ និងបរិយាបន្ន។