នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃំុ-សង្កាត់

ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ-សង្កាត់។ ប្រភព៖ ក្រសួងមហាផ្ទៃ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០

ក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ជូលវិធានការអនាម័យ និងបរិស្ថាន

ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ជូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ប្រភព៖ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

ការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់

ក្រសួងមហាផ្ទៃ បានផ្ញើលិខិតជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។ ប្រភព៖ ក្រសួងមហាផ្ទៃ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

សារាចរណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ប្រភព៖ រាជរដ្ឋាភិបាល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងទៅនឹងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម

ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងទៅនឹងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម។ សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គម និងអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ដែលតម្រូវឲ្យប្រទេសកម្ពុជាមានយន្តការជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នៅកម្ពុជា (កាសែតខ្មែរថាមស៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០)

ផែនការសកម្មភាពជាតិ ២០១៩-២០២៣ ក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីនៃការជួញដូរមនុស្ស

គណៈកម្មាធិការជាតិសម្រាប់ទប់ស្កាត់ការជួញដូរ បានចេញផែនការសកម្មភាពជាតិ ២០១៩-២០២៣ ក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីនៃការជួញដូរមនុស្ស រួមមាន ការពរពោះជំនួស និងការជួញដូរផ្លូវភេទនៅតាមក្លឹបកម្សាន្ត ដែលបានរីករាលដាលកាន់តែច្រើនឡើងតាមរយៈអ៊ីធើណេត។ កាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩

ផែនការយុទ្ធសាស្រ្តក្នុងការបង្កើនចំនួនស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៧-២០១៩)

ផែនការយុទ្ធសាស្រ្តនេះមានគោលបំណងពង្រឹងគុណភាពដឹកនាំ អនុវត្ត និងការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនចំនួនស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីលើកតម្កើងសុខុមាលភាពរបស់ស្រ្តី កុមារ និងសង្គមទាំងមូល។ យុទ្ធសាស្រ្តចំនួនបួននឹងត្រូវបានអនុវត្តនៅក្នុងផែនការនេះ៖ យុទ្ធសាស្ត្រទីមួ៖ ការបង្កើតបទបញ្ញត្តិដែលតម្រូវឱ្យមានការតែងតាំងស្រ្តីនៅក្នុងតួនាទីជាអ្នកដឹកនាំ យុទ្ធសាស្រ្តទីពីរ៖ ការបង្កើតឱកាសក្នុងការតែងតាំង និងការអភិវឌ្ឍសមត្ថភាពស្រ្តី យុទ្ធសាស្រ្តទីបី៖​ ការបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព និងវិជ្ជមានសម្រាប់ស្រ្តី យុទ្ធសាស្រ្តទីបួន៖ ការបញ្ចូលយេនឌ័រទៅក្នុងកំណែទម្រង់រយៈពេលវែង។

ប្រព័ន្ធកំណត់អត្តសញ្ញាណថ្មីត្រូវបានកំណត់ដាក់ចេញសម្រាប់ឆ្នាំ ២០១៩

ចាប់ពីឆ្នាំ២០១៩នេះតទៅ ក្រសួងនឹងផ្តល់លេខកូដអត្តសញ្ញាណ១០ខ្ទង់ ទៅអោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប លេខកូដអត្តសញ្ញាណនេះអាចយកទៅប្រើប្រាស់បានដើម្បីចូលទៅប្រើសេវាសាធារណៈ ឬឯកជនណាមួយ។ លេខកូដអត្តសញ្ញាណថ្មីនេះនឹងត្រូវបានផ្តល់ឱ្យរាល់ពេលបុគ្គលម្នាក់ៗឈានដល់អាយុ១៥ឆ្នាំ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនឯកជនក៏អាចចូលទៅម៉ាស៊ីនបម្រើ(server)ដើម្បីឆែកប្រវត្តិរូបបានដែរ។ See original document here.

ការពង្រឹងក្រុមប្រឹក្សាអាណត្តិទូទៅ

នៅចុងឆ្នាំ២០១៤ អនុក្រឹត្យលេខ២៨៥ ស្តីពីមុខងារជាជម្រើស ត្រូវបានអនុម័ត។ តាមរយៈមុខងារជាជម្រើសនេះ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើស គ្រប់គ្រង រៀបចំ និងប្រតិបត្តិមុខងារជាជម្រើសនេះផ្អែកទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកសារបច្ចេកទេសត្រូវបានចេញកាលពីចុងឆ្នាំ២០១៥ ក្រុមប្រឹក្សាបានចាប់ផ្តើមប្រើប្រាស់ឱកាសនេះ។

យន្តការ/ការិយាល័យច្រកចេញចូលតែមួយ

ក្រសួងមហាផ្ទៃកំពុងបញ្ចប់បញ្ជីនៃសេវារដ្ឋបាលរបស់ក្រសួងពាក់ព័ន្ធដែលអាចត្រូវបាន​ដាក់អោយដំណើរការតាមច្រកចេញចូលតែមួយ។ ក្រសួងមហាផ្ទៃ និង គ.ជ.អ.ប បានចេញអនុក្រឹត្យមួយស្តីពីការបង្កើតយន្តការនៃសេវាច្រកចេញចូលតែមួយនៅថ្នាក់ឃុំ និងព្រាងប្រកាសស្តីពីការបង្កើតមជ្ឈមណ្ឌលច្រកចេញចូលតែមួយ។