PUBLISHED: 27 សីហា 2019

ឧស្សាហកម្ម​បូមខ្សាច់

ក. ការត្រួតពិនិត្យ​អាជ្ញាប័ណ្ណ (ការបូមខ្សាច់​ ដែលមិនគោរព​តាម​ច្បាប់)៖ មានក្រុមហ៊ុន​បូមខ្សាច់​ចំនួន ១៤២ ដែលកំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ប៉ុន្តែមានតែ​ក្រុមហ៊ុនចំនួន ៣៧ ក្រុមហ៊ុន​​ប៉ុណ្ណោះ ដែលមាន​អាជ្ញាប័ណ្ណ។ ក្រសួង​រ៉ែ និង​ថាមពល​បាន​ត្រួតពិនិត្យឡើងវិញ និង​បញ្ចប់កិច្ច​ព្រមព្រៀង​ផ្ដល់​​អាជ្ញាប័ណ្ណ និង​ដាក់ពិន័យក្រុមហ៊ុន​ ដែល​មិនបាន​គោរព​តាម​កិច្ច​ព្រមព្រៀង​ផ្ដល់អាជ្ញាប័ណ្ណ។

ខ. ការ​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​ដោយសារការបូមខ្សាច់៖ ក្រសួង​​រ៉ែ និងថាមពលបានផ្អាកទទួលពាក្យស្នើសុំ​អាជ្ញាប័ណ្ណថ្មីៗសុំ​ធ្វើប្រតិបត្តិការ​បូមខ្សាច់នៅក្នុងទន្លេ​ និង​បឹងរបស់ប្រទេសនេះ ដើម្បី​សិក្សាអំពី​ផលប៉ះពាល់​លើ​បរិស្ថាន និងសង្គម​ដោយសារ​សកម្មភាពទាំងនេះ ដែល​បានបណ្ដាល​ឱ្យ​​មាន​​ករណីបាក់ច្រាំងទន្លេ ដែលបង្កឲ្យមានការបាត់បង់ជីវិត។ កាលពីមុន ក្រសួងនេះ​ក៏បានធ្វើការ​សិក្សាអំពីផលប៉ះពាល់​លើ​បរិស្ថាន និង​សង្គម​នៅករណី​ក្រុមហ៊ុន​មួយចំនួន ដែល​បានស្នើសុំ​បូមខ្សាច់ ប៉ុន្តែ​ឥឡូវ​ក្រសួង​នឹងធ្វើការ​វាយ​តម្លៃ​អំពីផលប៉ះពាល់ក្នុង​ឧស្សាហកម្មទាំងមូល ដើម្បីធានាឲ្យបានថា ក្រុមហ៊ុន​ទាំងអស់​ធ្វើប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព។

គ. ការកំណត់ថ្លៃ​អតិបរមា​របស់ខ្សាច់៖ ក្រសួងបាន​កែសម្រួល​វិធានការកំណត់តម្លៃ​ខ្សាច់របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​សម​គំនិតគ្នា​ដាក់ថ្លៃ​ខ្សាច់ខ្ពស់ ដែលឧស្សាហកម្ម​សាងសង់​ដែល​ងាយ​រងគ្រោះ ពីមុនបានរអ៊ូរទាំអំពីថ្លៃខ្សាច់ឡើងខ្ពស់​នៅខែ​ឧសភា ក្រោយ​ពីការ​បូមខ្សាច់​ត្រូវបានផ្អាក រហូតដល់មាន​ការ​សិក្សាអំពីផលប៉ះពាល់​លើបរិស្ថាន​។ ខណៈដែល​ក្រុមហ៊ុននានា​ត្រូវលក់​ខ្សាច់​ឱ្យ​ដេប៉ូនានា​ក្នុង​តម្លៃ​ឋេរ ៣,៣០ ដុល្លារ ​ដេប៉ូទាំងនោះអាច​យកថ្លៃពី​អតិថិជនរហូតដល់ ៤,៥០ ដុល្លារ​ក្នុងមួយម៉ែត្រគូប។ ប្រសិន​បើ​ក្រុមហ៊ុនណាមួយ​នៅក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់់​បង្កើន​ថ្លៃលើស​ពីថ្លៃអតិបរមាន ក្រុមហ៊ុន​នោះនឹង​ត្រូវបាត់បង់​អាជ្ញាប័ណ្ណ។

ឃ.ដំណើរការថ្មី​សម្រាប់ការផ្ដល់​អាជ្ញាប័ណ្ណ៖ ដំណើរការដេញថ្លៃ​ត្រូវមាន​តម្លាភាព ពីព្រោះក្រសួង​បង្ហាញពីថ្លៃ ដែល​ដាក់ស្នើដោយ​ក្រុមហ៊ុនដេញថ្លៃជាសាធារណៈ។ អាជ្ញាប័ណ្ណ​បូមខ្សាច់​មានសុពលភាពរយៈពេលពីរឆ្នាំ។ ក្រុមហ៊ុនទាំងនេះ​ត្រូវ​ដាក់ប្រាក់​តំកល់ចំនួន ៥០.០០០ ដុល្លារ​សម្រាប់​ការទទួលបាន​អាជ្ញាប័ណ្ណ​នេះ។ ប្រសិនបើ​ក្រុមហ៊ុនទាំងនេះប្រព្រឹត្ត​អំពើខុសប្រក្រតី ឬ​ខុសច្បាប់ ក្នុងអំឡុងពេល​នៃ​អាជ្ញាប័ណ្ណ​រយៈពេល​ពីរឆ្នាំនេះ ក្រសួងនឹង​ដកហូតទាំងអាជ្ញាប័ណ្ណ និង​ប្រាក់​តំកល់។ ក្រសួងរ៉ែ និងថាមពល​បានចាប់ផ្ដើម​ចេញ​អាជ្ញាប័ណ្ណ​បូមខ្សាច់នៅឆ្នាំ ២០០៦។

Radio Free Asia, 25 March 2015
Phnom Penh Post, 25 June 2015
Radio Free Asia, 3 April 2015

Share