បោះពុម្ពផ្សាយ៖27 សីហា 2019
ការអប់រំ (កែលំអគុណភាពនៃការអប់រំ ទាំងការសិក្សា ទាំងការបង្រៀន)
I.គោលនយោបាយស្តីពីគ្រូបង្រៀន៖
ក. ទាក់ទាញបុគ្គលដែលមានសមត្ថភាពឲ្យចាប់យកវិជ្ជាជីវៈបង្រៀន៖ បេក្ខជនដែលទទួលបាននិទ្ទេស A, B, C សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសិទ្ធិជាប់ការប្រលងចូលវគ្គបណ្តុះបណ្តាលគ្រូបង្រៀន (១២ បូក ៤) ដោយស្វ័យប្រវត្តិ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់អាចចូលរួមក្នុងកម្មវិធីបរិញាបត្រជាន់ខ្ពស់ បូក ១ នៅវិទ្យាស្ថានជាតិអប់រំ ដើម្បីក្លាយជាគ្រូវិទ្យាល័យទទួលយកបេក្ខជនពីសាលារដ្ឋ និងឯកជនពង្រឹងការប្រលងជ្រើសរើសគ្រូថ្នាក់ជាតិ។
ខ. ពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន៖ កែទម្រង់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅគ្រប់កម្រិតទាំងអស់មានការរឹតបន្តឹងជាងមុនក្នុងពេលធ្វើកម្មសិក្សាបង្កើនគុណវឌ្ឍិគ្រូឧទ្ទេសនៅតាមមជ្ឈមណ្ឌលគរុកោសល្យឲ្យបានយ៉ាងហោចណាស់ត្រឹមសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។
គ. ការគ្រប់គ្រងគ្រូ៖ ពង្រឹងការគ្រប់គ្រងគ្រូការពង្រាយគ្រូ និងយន្តការផ្ទេរគ្រូរៀបចំមាគ៌ាអាជីពគ្រូ ដើម្បីឈានទៅរកការអភិវឌ្ឍផ្នែកវិជ្ជាជីវៈ និងបន្តការការវិវត្តអាជីពគ្រូធ្វើប្រតិភូកម្មការជ្រើសរើស និងការគ្រប់គ្រងគ្រូទៅថ្នាក់ក្រោមៗ។
ឃ. ការអភិវឌ្ឍអាជីពគ្រូបង្រៀន៖ លើកកម្ពស់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិត និងបង្កើនបេងើកនគុណវុឌ្ឍិគ្រូឲ្យដល់យ៉ាងហោចណាស់កម្រិតបរិញ្ញាបត្រ តាមរយៈកម្មវិធីពន្លឿនការអប់រំបរិញ្ញាបត្រ(BA-Fast Track Program)ដែលជាការបណ្តុះបណ្តាលចំនួន ៣វគ្គ ដោយមួយវគ្គមានរយៈពេលខែកន្លះនិងផ្តល់អាហារូបករណ៍ឲ្យគ្រូបន្តការអប់រំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ១០០០ កន្លែង ក្នុងមួយឆ្នាំ។
ង. លើកទឹកចិត្តគ្រូដើម្បីកាត់បន្ថយការលាឈប់ពីការងារ៖ កែលំអលក្ខខណ្ឌការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូ ផ្តល់សម្ភារៈ និងបរិក្ខារសម្រាប់ការបង្រៀន និងការស្រាវជ្រាវបានបង្កើត “ពានរង្វាន់គ្រូ” ទូទាំងប្រទេសដើម្បីផ្តល់រង្វាន់ដល់គ្រូដែលមានស្នាដៃឆ្នើម និងលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀនបានបង្កើតក្រុមបច្ចេកទេសក្នុងវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។ បង្កើនបៀវត្សរ៍គ្រូ និងដាក់ឲ្យអនុវត្តការតែងតាំងទៅតាមគុណសម្បត្តិការងារ (ចូលជាធរមាននៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៥ បៀវត្សរ៍មូលដ្ឋានកម្រិតអប្បបរមារបស់គ្រូ ត្រូវបានបង្កើនដល់ ៦៥០០០០ រៀល)។
ច. ពង្រឹងអភិបាលកិច្ចគ្រឹះស្ថានអប់រំ៖ រៀបចំស្តង់ដា សម្រាប់នាយកសាលា និងសៀវភៅណែនាំអំពីការគ្រប់គ្រងសាលាដើម្បីឈានទៅរកការដឹកនាំសាលារៀនប្រកបដោយប្រសិទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់នាយកសាលាផ្តល់ការបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំដល់គណៈគ្រប់គ្រងសាលារៀន (បុគ្គលិក ១០០០ នាក់ ក្នុងមួយឆ្នាំ) ធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំខាន់ៗ និងអំណាចធ្វើសេចក្តីសម្រេចចិត្តដល់ថ្នាក់សាលារៀន។
II. ការកម្មវិធីសិក្សានៅគ្រប់កម្រិតទាំងអស់លើកម្មវិធីអប់រំ កម្មវិធីសិក្សា និងបរិយាកាសក្នុងសាលារៀន
ក. ពិនិត្យឡើងវិញលើកម្មវិធីសិក្សានៅគ្រប់កម្រិតទាំងអស់ កែសម្រួលសៀវភៅសិក្សា និងរៀបចំសៀវភៅណែនាំសម្រាប់គ្រូថ្មីៗ (មុខវិជ្ជាជាអាទិភាព៖ គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា និងអក្សរសាស្ត្រខ្មែរ)។
ខ. កែលំអហេដ្ឋារចនាសម្ព័ន្ធសាលារៀន៖ បន្ទប់រៀន បង្គន់អនាម័យ និងផ្ទះគ្រូ។
គ. រៀបចំគោលការណ៍ណែនាំស្តីពីស្តង់ដាអប្បបរមាអំពីទឹកស្អាត និងអនាម័យ នៅតាមសាលាបឋមសិក្សា។
ឃ. បង្កើនប្រាក់ឧបត្ថម្ភ សម្រាប់សិស្សអាហារូបករណ៍មកពីគ្រួសារក្រីក្រ និងសិស្សពូកែ នៅសាលាមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។
III. ការអនុវត្តសវនកម្មលើគុណភាព៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ បានអនុម័តលើលិខិតបទដ្ឋានគតិយុត្តិស្តីពីការធានាគុណភាពអប់រំ រួមនឹងឧបករណ៍សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ។
IV. លើកកម្ពស់គុណភាព តាមរយៈការរៀបចំការប្រលងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ
ក. កំណែទម្រង់ការប្រលងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ៖ ក្នុងឆ្នាំ ២០១៤ រដ្ឋមន្ត្រីក្រសួងអប់រំ ដោយសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តវិធានការដើម្បីកុំឲ្យមានការបន្លំបើកមើល និងអំពើពុករលួយក្នុងការប្រលង។ សន្តិសុខ និងការពិនិត្យតាមដាន ត្រូវបានពង្រឹងនៅតាមមណ្ឌលប្រលង។ ក្រសួងបានធ្វើការប្រកាសអនុវត្តកំណែទម្រង់នេះសម្រាប់ការប្រលងមធ្យមសិក្សាតិយភូមិថ្នាក់ជាតិឆ្នាំ ២០១៥ផងដែរ។
ខ. ការប្រលងថ្នាក់ជាតិនៅថ្នាក់ទី ៦ លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ គណិតវិទ្យា ក៏ដូចជា ការវាយតំលៃលើចំណេះដឹងនៃការអាននិងគណិតគណិតវិទ្យា (EGRA និង EGMA)និងការប្រកួតប្រជែង នៅថ្នាក់តំបន់ និងអន្តរជាតិ។
V. កំណែទម្រង់ឧត្តមសិក្សា៖
ក. ក្រសួងបានអនុម័តលើស្តង់ដាអប្បបរមាសម្រាប់ផ្តល់ការបញ្ជាក់គុណភាពការអប់រំកម្រិតឧត្តមសិក្សាក្នុងប្រទេសកម្ពុជាដែលមាន៩ ស្តង់ដា និង ៧៣ សូចនាករ។
ខ. ក្រសួងបានផ្តល់អាទិភាព ដល់ការបង្កើតគ្រឹះស្ថានឧត្តមសិក្សាឯកជនថ្មី ប្រសិនបើគ្រឹះស្ថានទាំងនេះអាចឆ្លើយតបចំពោះតម្រូវការនៃការអភិវឌ្ឍសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងទីផ្សារការងារ។
គ. កំណែទម្រង់សកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ ការបង្កើតមហាវិទ្យា-ល័យអប់រំ។
ឃ. ក្រសួងអប់រំ យុវជន និងកីឡា បានផ្តោតការយកចិត្តទុកដាក់លើលទ្ធភាពទទួលបានការអប់រំកម្រិតឧត្តមសិក្សាប្រកបដោយសមធម៌ តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សស្រី និងសិស្សមកពីតំបន់ជនបទ។ ក្រសួងបានសាងសង់អន្តេវាសិកដ្ឋានចំនួន ៤ ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់កន្លែងស្នាក់នៅដល់សិស្សស្រីមកពីគ្រួសារក្រីក្រ និងគ្រួសារមកពីខេត្តឆ្ងាយៗ។
