Published: 1 កក្កដា 2024

របាយការណ៍នៃសន្និសីទគោលនយោបាយអប់រំលើកទី៤

ក្នុងគោលបំណងរួមចំណែកដល់ការលើកកម្ពស់កិច្ចពិភាក្សាប្រកបដោយបរិយាបន្ន និងកិច្ចសហការរវាងរាជរដ្ឋាភិបាលនិងស្ថាប័នស្រាវជ្រាវនៅក្នុងការតាក់តែងគោលនយោបាយ កម្មវិធីពន្លកចំណេះសូមចែករំលែករបាយការណ៍សង្ខេបនៃកិច្ចពិភាក្សា និងសេចក្តីថ្លែងការណ៍ស្តីពីវិធីសាស្ត្រនៃការធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃវិស័យអប់រំនៅកម្ពុជា។​

ឯកសារ​នេះត្រូវបានផ្សព្វផ្សាយដោយនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា 

របាយការណ៍នេះបានទទួលធាតុចូលពីអ្នកចូលរួមជិត ៧០០នាក់ នៅក្នុងសន្និសីទគោលនយោបាយអប់រំលើកទី៤៖ «ការត្រៀមខ្លួនរបស់សាលារៀននាពេលអនាគតដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ» ដែលបានរៀបចំឡើងដោយក្រសួង អប់រំ យុវជននិងកីឡារួមសហការជាមួយដៃគូយុទ្ធសាស្រ្តរបស់កម្មវិធីពន្លកចំណេះគឺ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា 

របាយការណ៍ខាងលើបង្ហាញអំពីទំនាក់ទំនងរវាងសាលារៀន ឪពុកម្តាយ និងសហគមន៍ ដែលជាចំណុចស្នូលក្នុងការកសាងនូវប្រព័ន្ធអប់រំប្រកបដោយនិរន្តរភាពនិងភាពធន់។  របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ប្រសិនបើប្រទេសកម្ពុជានឹងបន្តវិវត្តទៅថ្ងៃមុខ កត្តាសំខាន់ដែលយើងត្រូវមានគឺ​ ជំនាញចាំបាច់ និងសមត្ថភាពពិតប្រាកដដើម្បីទទួលបាននូវភាពជោគជ័យ នៅក្នុងពិភពលោកដែលវិវត្តន៍ឥតឈប់ឈរ។  

គោលនយោបាយអាទិភាពដែលបានកំណត់ខាងលើ ក៏បានរួមបញ្ចូលនូវ វប្បធម៌នៃការរក្សាឱ្យបាននូវភាពជាអ្នកដឹកនាំដ៏រឹងមាំនៅក្នុងសាលារៀន ការអភិវឌ្ឍផ្នែកសមាហរណកម្មនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀននិងការរៀន ការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ការបន្តអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀននិងនាយកសាលា និងភាពជាដៃគូរវាងសហគមន៍និងវិស័យសាធារណៈ 

អានបន្ថែមអំពីរបាយការណ៍នេះ (ជាភាសាខ្មែរ) តាមរយៈតំណរភ្ជាប់ខាងក្រោមhttps://policypulse.org/wp-content/uploads/2024/06/The-4th-Education-Forum-Proceeding-2024-compressed.pdf  

សន្និសីទគោលនយោបាយអប់រំលើកទី៤ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី