សាវតារ
មជ្ឈមណ្ឌលសិក្សាគោលនយោបាយ គឺជាស្ថាប័នឯករាជ្យ មិនប្រកាន់បក្សនយោបាយ មិនរកប្រាក់ចំណេញ និងស្វយ័ត ក្នុងការបម្រើផលប្រយោជន៍សាធារណៈនៃប្រទេសកម្ពុជា។ ក្រោយពីបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានធ្វើការសិក្សាលើផ្នែកកសិកម្ម ដីធ្លី ពលកម្ម ដែលភាគច្រើនតាមរយៈការដេញថ្លៃគម្រោង និងការប្រកួតប្រជែងយកគម្រោងជំនួយ ដែលប្រកាសដោយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ គម្រោងសិក្សាស្រាវជ្រាវនិងសេវាកម្មមួយចំនួន ដែលមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានធ្វើកន្លងមកគឺសម្រាប់ជាការពិចារណា និងអន្តរាគមន៍ផ្នែកគោលនយោបាយ និងការរៀបចំនិងអនុវត្តគម្រោង។ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ ជាដៃគូមានតម្លៃ និងជាប្រភពធនធានមួយសម្រាប់ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវជាច្រើនក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលចាប់ផ្តើមដំបូងអស់រយៈពេល៥ឆ្នាំកន្លងមក បច្ចុប្បន្ន មជ្ឈមណ្ឌលសិក្សាគោលនយោបាយ មានបុគ្កលិកចំនួន ១២នាក់ធ្វើការពេញម៉ោង (ស្រ្តីចំនួន ៧នាក់) ដែលនឹងប្រែប្រួលតាមបន្ទុកការងារ ហើយមានក្រុមប្រឹក្សាភិបាលចំនួន ៥រូប។
សកម្មភាពសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ មានដូចជា៖
- ការស្រាវជ្រាវលើប្រធានបទ និងបញ្ហាអាទិភាពក្នុងសង្គម ក្នុងផ្នែកកសិកម្ម ដីធ្លី ពលកម្ម និងធនធានធម្មជាតិ
- ផ្តល់អនុសាសន៍គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត និងជាក់ស្តែង ដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងការវិភាគបែបសត្យានុម័ត
- រួមចំណែកក្នុងការពិភាក្សាគោលនយោបាយសេដ្ឋកិច្ចសង្គមថ្នាក់ជាតិ តាមរយៈការប្រជុំ សិក្ខាសាលា និងការប្រឹក្សាយោបល់
- តស៊ូមតិ និងផ្សព្វផ្សាយគំនិតបែបស្ថាបនា តាមរយៈមធ្យោបាយផ្លូវការផង (ការបោះពុម្ព និងប្រព័ន្ធផ្សព្វផ្សាយ) និងក្រៅផ្លូវការផង
- លើកកម្ពស់ចក្ខុវិស័យ និងគុណតម្លៃរួមរបស់ប្រទេសកម្ពុជា
- បង្កើនការយល់ដឹងអំពីគោលនយោបាយសាធារណៈ ដែលមានលក្ខណៈសមស្របដល់អ្នកពាក់ព័ន្ធ និងសាធារណជន។
ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ
CPS និង MAFF អនុវត្តគម្រោងស្រាវជ្រាវរួមគ្នាស្តីពី៖ “ការសិក្សាអំពីផលិតផលកសិកម្មតាមលក្ខខណ្ឌកសិផលនៅខេត្តពោធិ៍សាត់។” ការសិក្សាដែលបានស្នើឡើងមានគោលបំណងផ្តល់ធាតុចូលដល់ក្រុមការងាររបស់រដ្ឋាភិបាលដែលចូលរួមដោយថ្នាក់ដឹកនាំ MAFF ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍កសិកម្មចម្រុះ និងធន់នៅក្នុងខេត្តពោធិ៍សាត់ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការចែករំលែកអត្ថប្រយោជន៍នៅក្នុងក្រុមសង្គមផ្សេងៗគ្នារួមមានស្ត្រី ជនមានពិការភាព និងសហគមន៍ជនជាតិដើមភាគតិច។ ការរកឃើញនេះនឹងបម្រើជាមូលដ្ឋានសម្រាប់ MAFF ក្នុងការណែនាំពីឯកទេសនៃផលិតផលកសិកម្មមួយចំនួននៅក្នុងឃុំគោលដៅ ឬស្រុកក្នុងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់គុណសម្បត្តិប្រៀបធៀបច្បាស់លាស់។
សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលសិក្សាគោលនយោបាយ។
