សាវតារ
សាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេមួយ ដែលមាន ទីតាំងស្ថិតនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ស.ជ.គ. មានទីតាំងចំនួនពីរគឺ ទីតាំងវត្តភ្នំ (ចាប់ពីឆ្នាំ១៩៨៣) និងទីតាំងអន្តរជាតិវាលស្បូវ (ចាប់ពីឆ្នាំ២០២៤)។ គ្រឹះស្ថានឧត្តមសិក្សានេះបង្កើតឡើងដំបូងក្រោមឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៨៣។ សាកលវិទ្យាល័យនេះបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដើម្បីក្លាយជាសាកលវិទ្យាល័យដែលមានជំនាញផ្តោតលើ ការគ្រប់គ្រង អាជីវកម្ម សេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ ស.ជ.គ. ត្រូវបានទទួលស្គាល់ ចំពោះការ ប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះឧត្តមភាពផ្នែកសិក្សា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយសម្រាប់ ប្រទេសកម្ពុជា និងក្នុងតំបន់។
សកម្មភាពចម្បង
ស.ជ.គ. ផ្តល់ជូននូវកម្មវិធីសិក្សាជាច្រើនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ ដែលផ្តោតលើជំនាញដូចជា៖ គ្រប់គ្រងធុរកិច្ច សេដ្ឋកិច្ច ហិរញ្ញវត្ថុ នីតិសាស្ត្រ គោលនយោបាយសាធារណៈ រដ្ឋបាលសាធារណៈ ទេសចរណ៍ សហគ្រិនភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន រ៉ូបូតវិទ្យា សេដ្ឋកិច្ចឌីជីថល ។ល។ សាកលវិទ្យាល័យប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយនវានុវត្តន៍ និងធ្វើការស្រាវជ្រាវដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងក្នុងកម្រិតជាតិ និងកម្រិតសកល។ សកម្មភាពចម្បងរបស់សាកលវិទ្យាល័យរួមមាន៖
- កម្មវិធីសិក្សា៖ ស.ជ.គ. ផ្តល់ជូនកម្មវិធីផ្តល់សញ្ញាបត្រដែលផ្តោតសំខាន់លើជំនាញអនុវត្តជាក់ស្តែង និងការគិតត្រិះរិះពិចារណា ដើម្បីរៀបចំសិស្សនិស្សិតសម្រាប់អាជីពការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
- ការស្រាវជ្រាវ និងនវានុវត្តន៍៖ សាកលវិទ្យាល័យគាំទ្រ និងលើកទឹកចិត្តដល់ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងសិស្សនិស្សិត ជាពិសេសក្នុងវិស័យដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
- ការចូលរួមក្នុងសហគមន៍៖ តាមរយៈសិក្ខាសាលា ការបណ្តុះបណ្តាល និងកម្មវិធីចុះដល់សហគមន៍
ស.ជ.គ. ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងការសិក្សាពេញមួយជីវិត។ - កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ស.ជ.គ. បង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងអង្គការនានានៅទូទាំងទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងលើសពីនេះ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍សិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។
ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ
សាកលវិទ្យាល័យជាតិគ្រប់គ្រងបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយ កម្មវិធីពន្លកចំណេះ ដែលជាគំនិតផ្តួចផ្តើមមួយផ្តោតលើការពង្រឹងការអភិវឌ្ឍវិស័យចំណេះដឹងនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ ស.ជ.គ. និង កម្មវិធី ពន្លកចំណេះ បានធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការស្រាវជ្រាវ ការពិភាក្សាគោលនយោបាយ និងការកសាងសមត្ថភាព ជាពិសេសក្នុងវិស័យដែលពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង និងការអភិវឌ្ឍប្រកបដោយចីរភាព។ សកម្មភាពចម្បងៗជាមួយ កម្មវិធី ពន្លកចំណេះ រួមមាន៖
- ឆ្នាំ២០២២-២០២៣ ជំនួយសម្រាប់ការស្រាវជ្រាវ ដែលរបាយការណ៍ស្រាវជ្រាវ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើគរុសិស្ស និងសិស្ស៖ ករណីសិក្សានៅវិទ្យាស្ថានជាតិអប់រំពិសេស (វ.ជ.អ.ព.) និងវិទ្យាល័យអប់រំពិសេសចំនួនប្រាំនៅកម្ពុជា
- ឆ្នាំ២០២៥-២០២៦៖ ជំនួយសម្រាប់ការស្រាវជ្រាវលើការរៀបចំកម្មវិធីសិក្សា និង វេទិកាគោលនយោបាយសម្រាប់យុវជន (កំពុងដំណើរការ)
សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីសាកលវិទ្យាល័យជាតិគ្រប់គ្រង៕
