សាវតារ

អេពិកអាតជាអង្គការអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពត ប្រទេសកម្ពុជា ការងាររបស់អេពិកអាត គឺដើម្បីបង្កើតពិភពលោកមួយដែលជនមានពិការភាពត្រូវបានរាប់បញ្ចូល គោរពផ្តល់តម្លៃ និងគ្មានការរើសអើង។ អេពិកអាតបង្កើតឡើងក្នុងឆ្នាំ២០០១ ក្នុងនាមជាអង្គការសប្បុរសធម៌នៅចក្រភពអង់គ្លេស ហើយនៅឆ្នាំ២០០៦ ត្រូវបានចុះបញ្ជីរទទួលស្គាល់ជាផ្លូវការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ យើងធ្វើការផ្សព្វផ្សាយលើកកម្ពស់សារ “មនុស្សគ្រប់រូបមានតម្លៃស្មើៗគ្នា”។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការអនុលោមតាមអាទិភាពថ្នាក់ជាតិ អេពិកអាតមចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ក្រសួងអប់រំ យុវជន និងកីឡា ។  កិច្ចសហការទាំងនេះជួយពង្រឹងសមត្ថភាពរបស់អង្គភាពចំពោះកិច្ចការងារគោលនយោបាយ ពង្រឹង និងពង្រីកការងារអប់រំបរិយាបន្ន និងលើកកម្ពស់សិទ្ធិជនដែលមានពិការភាពនៅទូទាំងប្រទេសកម្ពុជា។

តាមរយៈ កម្មវិធីអប់រំ កម្មវិធីសហគមន៍ និងសហគ្រាសសង្គម អេពិកអាតប្តេជ្ញាចិត្ត ធ្វើការផ្លាស់ប្រែជីវិតរបស់កុមារ និងយុវជនដែលមានពិការភាព។ តាមរយៈការប្រើប្រាស់ថាមពលនៃការច្នៃប្រឌិត និងការសម្តែង អេពិកអាតជួយគាំទ្រជនដែលមានពិការភាពឱ្យរីកចម្រើន បង្កើតសហគមន៍មួយប្រកបដោយបរិយាបន្ន និងលើកម្ពស់សមភាពគ្រប់ទីកន្លែងចាប់ពីថ្នាក់តំបន់រហូតដល់ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

ផ្អែកទៅលើគុណតម្លៃស្នូលរបស់អេពិកអាត ដែលមានដូចជា ការគោរព ភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត គុណភាព ភាពមេត្តាករុណា និងការបត់បែន ការងាររបស់អេពិកអាតឆ្លើយតបទៅនឹងតម្រូវការសហគមន៍ លើកកម្ពស់សង្គមដែលមានបរិយាបន្ន និងបង្កើតគំរូភាពនៃសេដ្ឋកិច្ចច្នៃប្រឌិតប្រកបដោយនិរន្តរភាព។

ការងាររបស់អេពិកអាត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយផ្តោតលើ

  • គោលដៅទី ១០៖ ការកាត់បន្ថយវិសមភាព
  • គោលដៅទី៤៖ ការអប់រំប្រកបដោយគុណភាព
  • គោលដៅទី ៨៖ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
  • គោលដៅទី១៦៖ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ

សកម្មភាពសំខាន់ៗ

១) កម្មវិធីអប់រំបរិយាបន្ន

យើងផ្តល់អំណាច និងការអប់រំដល់កុមារ យុវជន និងជនដែលមានពិការភាព ដើម្បីឱ្យពួកគេមានឯករាជ្យភាពនៅក្នុងការរស់នៅ និងរីកចម្រើននៅក្នុងសង្គម។ តាមរយៈការធ្វើការជាមួយនាយកដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងដែលពាក់ព័ន្ធផ្សេងៗទៀត យើងផ្តល់ធាតុចូលទៅលើគោលនយោបាយសាធារណៈ ដើម្បីលើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងប្រទេសកម្ពុជា។

កិច្ចការងារគម្រោងមានដូចជា៖

  • អប់រំពិសេស
  • បណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយបរិយាបន្ន
  • គាំទ្រដំណើរឆ្ពោះទៅរកការងារ

២) កម្មវិធីសហគមន៍

ខណៈពេលនៃការដោះស្រាយតម្រូវការសហគមន៍គោលដៅរបស់យើង យើងលើកកម្ពស់សិទ្ធិជនដែលមានពិការភាព និងសង្គមដែលមានការរួមបញ្ចូល ទាំងនៅកម្រិតមូលដ្ឋាន ជាតិ និងអន្តរជាតិ ។ យើងស្វែងរកការគាំទ្រ សម្រាប់គោលនយោបាយសាធារណៈប្រកបដោយបរិយាបន្ន តាមរយៈសិល្បៈ កិច្ចការងារសង្គម និងសុវត្ថិភាពកុមារ។ ដោយជឿជាក់លើថាមពលនៃកិច្ចសហការ យើងជំរុញភាពជាដៃគូដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន អង្គការដែលមានគោលគំនិតដូចគ្នា និងសាធារណជនទូទៅ ដើម្បីបង្កើនការរួមបញ្ចូលពិការភាពនៅទូទាំងសង្គម។

កិច្ចការងារគម្រោងមានដូចជា៖

  • កិច្ចការងារសង្គម និងសុវត្ថិភាពកុមារ
  • ព្រឹត្តិការណ៍សហគមន៍
  • ការស្រាវជ្រាវ និងបណ្តាញ

៣)​ កម្មវិធីសហគ្រាសសង្គម

យើងបង្កើតកន្លែងការងារ ដែលមានការរួមបញ្ចូលតាមរយៈ អេពិកអាតកាហ្វេ ក្រុមសម្តែងអេពិកអាត Epic Arts Création Shop និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិតផ្សេងទៀត។ យើងផ្តល់ឱកាស ការពង្រឹងសេដ្ឋកិច្ច និងការងារសម្រាប់ជនដែលមានពិការភាព ស្របពេលនឹងការស្វែងរកការគាំទ្រសម្រាប់សិទ្ធិពាក់ព័ន្ធនឹងពិការភាព និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។

ប្រាក់ចំណូលដែលទទួលបានពីកម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់អេពិកអាត ដែលអនុញ្ញាតឱ្យយើងពង្រីកផលជះរបស់យើង និងធានាបាននូវសុវត្ថិភាពការងាររយៈពេលវែងសម្រាប់ជនដែលមានពិការភាព។

កិច្ចការងារគម្រោងមានដូចជា៖

  • អេពិកអាតកាហ្វេ
  • Epic Arts Création​ Shop
  • ក្រុមសម្តែងអេពិកអាត

ភាពជាដៃគូជាមួយគម្រោងពន្លកចំណេះ

តាមរយៈគម្រោង ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់ អេពិកអាតមានគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងភាពធន់ទៅនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដោយធានាឱ្យមានការដាក់បញ្ចូលជនដែលមានពិការភាពនៅក្នុងសកម្ម​-ភាព និងកិច្ចសន្ទនាគោលនយោបាយស្តីពីអាកាសធាតុ ។ ដោយអនុវត្តនៅក្នុងខេត្តកំពត និងទូទាំងប្រទេស គម្រោងនេះជួយដោះស្រាយផលប៉ះពាល់មិនសមាមាត្រនៃបំរែបំរួលអាកាសធាតុលើជនដែលងាយរងគ្រោះ ជាពិសេសជនដែលមានពិការភាព តាមរយៈការផ្សព្វផ្សាយព័ត៌មានដែលអាចប្រើប្រាស់បាន ការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ និងការស្វែងរកការគាំទ្រដោយផ្អែកលើសិល្បៈ។

គំនិតផ្តួចផ្តើមសំខាន់ៗរួមមាន ការអភិវឌ្ឍន៍ និងការផ្សព្វផ្សាយព័ត៌មានអំពីការប្រែប្រួលអាកាសធាតុដែលមានលក្ខណៈបរិយាបន្ន ក្នុងទម្រង់ច្រើនដែលអាចចូលប្រើបាន ការបង្កើតផែនការត្រៀមរៀបចំឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលងាយរងគ្រោះសម្រាប់អ្នកដែលមានពិការភាព ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រើប្រាស់ការសម្តែង និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ អេពិកអាតក៏នឹងរៀបចំដឹកនាំសិក្ខាសាលា ព្រឹត្តិការណ៍សហគមន៍ និងកិច្ចសន្ទនាគោលនយោបាយ ដើម្បីផ្តល់សិទ្ធិអំណាចដល់ជនដែលមានពិកាភាព និងស្វែងរកកិច្ចគាំទ្រលើគោលនយោបាយស្តីពីអាកាសធាតុប្រកបដោយបរិយាបន្ន។

គម្រោងនេះគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធីសាស្រ្តរួមបញ្ចូលចំពោះភាពធន់ទៅនឹងអាកាសធាតុ ហើយមានគោលបំណងធានាថាសហគមន៍ទាំងអស់ ដោយមិនគិតពីសមត្ថភាព ត្រូវបានរៀបចំ និងការពារពីបញ្ហាប្រឈមដែលទាក់ទងទៅនឹងអាកាសធាតុ។

លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការអេពិកអាត។