សាវតារ

មជ្ឈមណ្ឌលខេមរសិក្សា គឺជាស្ថាប័នស្រាវជ្រាវ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងមានដំណើរការនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩។​ មជ្ឈមណ្ឌលខេមរសិក្សា មានឈ្មោះល្បីល្បាញក្នុងចំណោមសិស្ស និស្សិត និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស និងបានក្លាយជាស្ថាប័នដំបូងគេនៅប្រទេសកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ទាក់ទងនឹងការស្រាវជ្រាវ ក៏ដូចជាថវិការធ្វើដំណើរក្នុងការសិក្សាស្រាវជ្រាវ និងធ្វើការ​បកប្រែសៀវភៅសំខាន់ៗជាភាសាខ្មែរ ដូចជាសៀវភៅប្រវត្ដិសាស្រ្ដខ្មែរ របស់លោក ដេវិឌ ឆាណ្ឌល័រ  ឬធ្វើការបោះពុម្ភផ្សាយទិនានុប្បវត្ដិស្រាវជ្រាវឯករាជ្យជា ៣ ភាសា រួមទាំងភាសាខ្មែរផងដែរ។ ដូច្នេះ​ តាមរយៈនេះផងដែរ បានជួយដល់អ្នកស្រាវជ្រាវខ្មែរ ​អាចទទួលបានធនធានជាសកល និងមានគុណភាពខ្ពស់ដំបូងគេក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមស្ថាប័នស្រាវជ្រាវចំណាស់ជាងគេមួយក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលខេមរសិក្សា អាចបង្កើតទំនាក់ទំនងយ៉ាងរឹងម៉ាំជាមួយស្ថាប័នសិក្សាជាន់ខ្ពស់ សាកលវិទ្យាល័យ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាច្រើននៅសហរដ្ឋអាមេរិច អឺរ៉ុប និងអាស៊ីអាគ្នេយ៍។ កម្មវិធីស្រាវជ្រាវរបស់មជ្ឈមណ្ឌលខេមរសិក្សា បានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ និងបានដំណើរការដោយជោគជ័យរហូតមកដល់សព្វថ្ងៃ។ កម្មវិធីទាំងអស់នោះ ត្រូវបានអនុវត្តជាមួយស្ថាប័នឈានមុខគេ និងអ្នកប្រាជ្ញជាច្រើន និងត្រូវបានទទួលបានមូលនិធិពីម្ចាស់ជំនួយ និងដៃគូខាងក្រៅ ចាប់តាំងពីឆ្នាំ ២០០០។ ថវិការ និងធនធានទាំងអស់ ត្រូវបានគ្រប់គ្រងប្រកប ដោយទំនួលខុសត្រូវ និងតម្លាភាព។

សកម្មភាពចម្បងៗរបស់មជ្ឈមណ្ឌលខេមរសិក្សា

  • បណ្ណាល័យស្រាវជ្រាវរបស់មជ្ឈមណ្ឌលខេមរសិក្សា ផ្ដល់ជូននូវបណ្ណាល័យដែលធំជាងគេនៅក្រៅរាជធានីភ្នំពេញ ដែលមានឯកលេខនា សៀវភៅ និងទិនានុប្បវត្ដិសរុបជាង ២០០០០ និងមានបំពាក់កុំព្យូទ័រដែលអាចចូលប្រើប្រាស់បានជាសាធារណៈ។
  • អាហារូបករណ៍សម្រាប់ការសិក្សាស្រាវជ្រាវ៖ លើកកម្ពស់ការស្រាវជ្រាវ និងការអប់រំទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ជាន់ខ្ពស់មកពីប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗ។
  • កម្មវិធីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាល៖ ធ្វើការបណ្ដុះបណ្ដាលដល់និស្សិតខ្មែរ អ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យមហាវិទ្យាល័យ លើគំនិត និងប្រធានបទជាច្រើន ព្រមទាំងការបោះពុម្ភផ្សាយរបាយការណ៍ស្រាវជ្រាវ ដែលត្រូវនឹងស្ដង់ដារអប់រំ។
  • សន្និសិទ ឬ កម្មវិធីនានា៖ ធ្វើបទបង្ហាញដល់សាធារណជនក្នុងស្រុក និងបរទេស នូវសិក្ខាសាលា​ សន្និសិទ និងបឋកថា ដែលមានលក្ខណៈជាអន្តរវិជ្ជា នៅខេត្ដសៀមរាប និងភ្នំពេញ ដើម្បីបង្កើតភាពជាដៃគូប្រកបដោយវិជ្ជាជីវៈរវាងអ្នកស្រាវជ្រាវ ខ្មែរ និងបរទេស។
  • កម្មវិធីបោះពុម្ភផ្សាយ ដែលជ្រើសរើសសៀវភៅសិក្សាមានគុណភាពខ្ពស់ ហើយបកប្រែទៅជាភាសាខ្មែរ ដើម្បីជាប្រយោជន៍ដល់និស្សិតខ្មែរ និងមានបោះពុម្ភផ្សាយទិនានុប្បវត្ដិស្រាវជ្រាវជា ៣ ភាសាផងដែរ។

ភាពជាដៃគូនៅក្នុងគម្រោង«ពន្លកចំណេះ​»

ក្រោមកម្មវិធី ពន្លកចំណេះ មជ្ឈមណ្ឌលខេមរសិក្សានឹងមានការផ្តោតលើកិច្ចការចំនួនបី ដូចខាងក្រោម៖

  • ការស្រាវជ្រាវ៖ ១) ការអភិវឌ្ឍនៃទីក្រុងប្រកបដោយនិរន្តរភាព ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិធីបង្កើនភាពធន់នៃទីក្រុងរបស់ប្រទេសកម្ពុជា និងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ និងជួយកសាងប្រព័ន្ធអេកូឡូស៊ីនៃទីក្រុងបៃតង។ ២) សេដ្ឋកិច្ចថ្មី ដែលមានគោលបំណងស្វែងយល់ពីទិសដៅជាក់លាក់នៅចំនុចប្រសព្វរវាងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដូចជា ឥណទានខ្នាតតូច និងបំណុលដែលទាក់ទងនឹងគ្រួសារដែលងាយរងគ្រោះ ឬ រវាងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចនៃទីក្រុង ។ល។
  • ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស៖ គាំទ្រដល់ការបង្កើតកម្មវិធីកសាងសមត្ថភាពស្រាវជ្រាវអោយបានទូលំទូលាយដោយប្រើ វិធីសាស្រ្តស្រាវជា្រវបែបវិទ្យាសាស្រ្ដសង្គម និងមនុស្សជាតិ ដើម្បីជួយឲ្យអ្នកដើរតួសំខាន់ៗក្នុងស្រុកយល់កាន់តែច្បាស់អំពី “បញ្ហាស្មុគស្មាញ និងពិបាកដោះស្រាយ”។
  • ការអភិវឌ្ឍសមត្ថភាពស្ថាប័ន៖ បង្កើតក្រុមអ្នកស្រាវជ្រាវកម្ពុជានៃមជ្ឈមណ្ឌលខេមរសិក្សា សម្រាប់ការស្រាវជ្រាវនៃផ្នែកទាំង ២ ខាងលើ។

ការបោះពុម្ពផ្សាយដោយ មជ្ឈមណ្ឌលខេមរសិក្សាក្រោមគម្រោង ពន្លកចំណេះ

ទិន្នន័យទីក្រុងកម្ពុជា

នៅឆ្នាំ ២០២១ មជ្ឈមណ្ឌលខេមរសិក្សា បានដាក់អោយដំណើរការនូវកម្មវិធីទិន្នន័យទីក្រុងកម្ពុជា ដើម្បីផ្តល់ឱ្យអ្នកស្រាវជ្រាវ និងអ្នកអនុវត្ត នូវទិន្នន័យ និងឯកសារលើប្រធានបទទាក់ទងនឹងការអភិវឌ្ឍទីក្រុងក្នុងប្រទេសកម្ពុជា។ ដោយសារតំបន់ទីក្រុងរបស់ប្រទេសកម្ពុជាមានការរីកចម្រើន និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការស្រាវជ្រាវ និងទិន្នន័យដែលមានគុណភាពខ្ពស់ និងការធ្វើអោយការស្រាវជ្រាវ និងទិន្នន័យទាំងនោះអាចប្រើប្រាស់បានដោយសាធារណជនទាក់ទងនឹងប្រធានបទនេះ ពិតជាមានសារៈសំខាន់ដើម្បីពង្រឹកចំណេះដឹង និងគាំទ្រដល់ការបង្កើតគោលនយោបាយ។

សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលខេមរសិក្សា។