សាវតារ
វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ត្រូវបានស្ថាបនាឡើងដោយ សម្ដេច នរោត្ដម សិរីវុឌ្ឍ កាលពីឆ្នាំ១៩៩៣។ វិទ្យាស្ថាននេះជាស្ថាប័នសិក្សាស្រាវជ្រាវផ្នែកគោលនយោបាយការបរទេសចំណាស់ជាងគេ និងជាបណ្ដាញស្រាវជ្រាវក្រៅរាជរដ្ឋាភិបាលឈានមុខគេនៅកម្ពុជា សម្រាប់កិច្ចសន្ទនាលើវិស័យកិច្ចការបរទេស។ CICP បានខិតខំជំរុញឱ្យមានការស្រាវជ្រាវ ដែលផ្អែកលើគោលនយោបាយ ដើម្បីរួមចំណែកដោះស្រាយបញ្ហានានា ក៏ដូចជាលើកកម្ពស់កិច្ចពិភាក្សាប្រកបដោយតុល្យភាពទៅលើបញ្ហាសំខាន់ៗ ដែលជះឥទ្ធិពលដល់ប្រទេសកម្ពុជា និងក្នុងតំបន់។ អស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ CICP បានសហការជាមួយអ្នកវិភាគ បញ្ញវន្ត និងអ្នកការទូតជុំវិញពិភពលោក ដើម្បីសិក្សាលើបញ្ហានានា ដូចជា ភូមិសាស្ត្រនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។
នៅក្នុងសន្ទស្សន៍ Lauder ដែលរៀបចំដោយសាកលវិទ្យាល័យ Pennsylvania វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព បានជាប់ចំណាត់ថ្នាក់លេខ ៣២ ក្នុងចំណោមស្ថាប័នស្រាវជ្រាវចំនួន ១០០ស្ថាប័ននៅតំបន់អាស៊ីអាគ្នេយ៍។ វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាពឈរលើគុណតម្លៃចំនួនបី គឺ ការពិត អព្យាក្រឹតភាព និងឯករាជ្យ។ វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព ធ្វើការសិក្សាស្រាវជ្រាវ ដោយគ្មានភាពលម្អៀង និងខិតខំជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើផ្នែកគោលនយោបាយឱ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព ក៏ខិតខំយ៉ាងសកម្មក្នុងការសហការជាមួយដៃគូនានា ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវនៅក្នុងប្រទេស ក្នុងគោលបំណងគាំទ្រដល់វិស័យសន្តិសុខ ការអភិវឌ្ឍ ក៏ដូចជាលើកស្ទួយអធិបតេយ្យភាពកម្ពុជា ព្រមទាំងជំរុញឱ្យមានសមាហរណកម្មនៅក្នុងតំបន់។
សកម្មភាពចម្បងៗរបស់វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព
ខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព ធ្វើការយ៉ាងសកម្មនៅក្នុងការស្រាវជ្រាវ ដើម្បីបោះពុម្ពអត្ថបទស្រាវជ្រាវ និងសៀវភៅ លើប្រធានបទពាក់ព័ន្ធនឹង គោលនយោបាយការបរទេសកម្ពុជា ក៏ដូចជាស្រាវជ្រាវលើប្រធានបទទាក់ទងនឹងមហាអនុតំបន់ទន្លេមេគង្គ តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។
ខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព មានស្នាដៃបោះពុម្ពផ្សាយចំនួន ពីរធំៗគឺ ព្រឹត្តិប័ត្រសិក្សាមហាអនុតំបន់ទន្លេមេគង្គ (Journal of Greater Mekong Studies) និងអត្ថបទសង្ខេបអំពីកិច្ចការការទូត (Diplomatic Briefing)។
ខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព ប្រមូលផ្ដុំនូវអ្នកវិភាគ បញ្ញវន្ត និងមន្ត្រីនានា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាបើកចំហទៅលើបញ្ហាសំខាន់ៗបច្ចុប្បន្ន ។ ក្នុងពេលកន្លងមក វិទ្យាស្ថានបានរៀបចំកិច្ចពិភាក្សាមួយចំនួនស្ដីពី វិបត្តិដែលកើតឡើងនៅប្រទេសភូមា ការវិវត្តនៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ឌីជីថលនីយកម្មនៅអាស៊ាន និងអនាគតនៃពហុភាគីនិយម។
ភាពជាដៃគូនៅក្នុងគម្រោង«ពន្លកចំណេះ»
ការស្រាវជ្រាវ៖ គម្រោងនិពន្ធ និងបោះពុម្ពសៀវភៅចំនួន ពីរក្បាល រួមមាន (១) ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងបរិបទសណ្ដាប់ធ្នាប់ពិភពលោកក្រោយវិបត្តិកូវីដ-១៩ និង (២) ចក្ខុវិស័យនាពេលអនាគតរបស់អាស៊ាននៅក្នុងបរិបទការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។
កិច្ចពិភាក្សាគោលនយោបាយ៖ រៀបចំស៊េរីនៃកិច្ចពិភាក្សាចំនួន បួន ដែលចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២១ តទៅ លើប្រធានបទពាក់ព័ន្ធនានានៅក្នុងតំបន់។
ស្ថាប័ននីយកម្ម និងការកសាងសមត្ថភាពផ្នែកស្ថាប័ន៖ បន្តអភិវឌ្ឍ និងរៀបចំស្តង់ដារ នីតិវិធី ព្រមទាំងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ ខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព ដើម្បីទ្រទ្រង់សកម្មភាពស្ថាប័នក្នុងរយៈពេលវែង។
ភាពជាដៃគូ៖ ពង្រឹងចំណងសហប្រតិបត្តិការរវាង ខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព និងស្ថាប័នស្រាវជ្រាវនានានៅប្រទេសកម្ពុជា ក្នុងតំបន់ និងប្រទេសអូស្ត្រាលី៕
សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព។