សាវតារ

វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ត្រូវបានស្ថាបនាឡើងដោយ សម្ដេច នរោត្ដម សិរីវុឌ្ឍ កាលពីឆ្នាំ១៩៩៣។ វិទ្យាស្ថាននេះជាស្ថាប័នសិក្សាស្រាវជ្រាវផ្នែកគោលនយោបាយការបរទេសចំណាស់ជាងគេ និងជាបណ្ដាញស្រាវជ្រាវក្រៅរាជរដ្ឋាភិបាលឈានមុខគេនៅកម្ពុជា សម្រាប់កិច្ចសន្ទនាលើវិស័យកិច្ចការបរទេស។ CICP បានខិតខំជំរុញឱ្យមានការស្រាវជ្រាវ ដែលផ្អែកលើគោលនយោបាយ ដើម្បីរួមចំណែកដោះស្រាយបញ្ហានានា ក៏ដូចជាលើកកម្ពស់កិច្ចពិភាក្សាប្រកបដោយតុល្យភាពទៅលើបញ្ហាសំខាន់ៗ ដែលជះឥទ្ធិពលដល់ប្រទេសកម្ពុជា និងក្នុងតំបន់។ អស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ CICP បានសហការជាមួយអ្នកវិភាគ បញ្ញវន្ត និងអ្នកការទូតជុំវិញពិភពលោក ដើម្បីសិក្សាលើបញ្ហានានា ដូចជា ភូមិសាស្ត្រនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។

នៅក្នុងសន្ទស្សន៍ Lauder ដែលរៀបចំដោយសាកលវិទ្យាល័យ Pennsylvania CICP បានជាប់ចំណាត់ថ្នាក់លេខ៣២ ក្នុងចំណោមស្ថាប័នស្រាវជ្រាវចំនួន១០០ស្ថាប័ននៅតំបន់អាស៊ីអាគ្នេយ៍។ CICP ឈរលើគុណតម្លៃចំនួនបីគឺ ការពិត អព្យាក្រឹតភាព និងឯករាជ្យ។ CICP ធ្វើការសិក្សាស្រាវជ្រាវ ដោយគ្មានភាពលម្អៀង និងខិតខំជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើផ្នែកគោលនយោបាយឱ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ CICP ក៏ខិតខំយ៉ាងសកម្មក្នុងការសហការជាមួយដៃគូនានា ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវនៅក្នុងប្រទេស ក្នុងគោលបំណងគាំទ្រដល់វិស័យសន្តិសុខ ការអភិវឌ្ឍ ក៏ដូចជាលើកស្ទួយអធិបតេយ្យភាពកម្ពុជា ព្រមទាំងជំរុញឱ្យមានសមាហរណកម្មនៅក្នុងតំបន់។

សកម្មភាពចម្បងៗរបស់ CICP មានដូចជា៖

  • ធ្វើការយ៉ាងសកម្មនៅក្នុងការស្រាវជ្រាវ ដើម្បីបោះពុម្ពអត្ថបទស្រាវជ្រាវ និងសៀវភៅ លើប្រធានបទពាក់ព័ន្ធនឹង គោលនយោបាយការបរទេសកម្ពុជា ក៏ដូចជាស្រាវជ្រាវលើប្រធានបទទាក់ទងនឹងមហាអនុតំបន់ទន្លេមេគង្គ តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល
  • មានស្នាដៃបោះពុម្ពផ្សាយចំនួនពីរធំៗគឺ ព្រឹត្តិប័ត្រសិក្សាមហាអនុតំបន់ទន្លេមេគង្គ និងអត្ថបទសង្ខេបអំពីកិច្ចការការទូត និង
  • ប្រមូលផ្ដុំនូវអ្នកវិភាគ បញ្ញវន្ត និងមន្ត្រីនានា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាបើកចំហទៅលើបញ្ហាសំខាន់ៗបច្ចុប្បន្ន។ ក្នុងពេលកន្លងមក វិទ្យាស្ថានបានរៀបចំកិច្ចពិភាក្សាមួយចំនួនស្ដីពី វិបត្តិដែលកើតឡើងនៅប្រទេសភូមា ការវិវត្តនៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ឌីជីថលនីយកម្មនៅអាស៊ាន និងអនាគតនៃពហុភាគីនិយម។

ភាពជាដៃគូនៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២

  • ការស្រាវជ្រាវ៖ គម្រោងនិពន្ធ និងបោះពុម្ពសៀវភៅចំនួនពីរក្បាល រួមមាន (១) ទិនានុប្បវត្តិនៃការសិក្សាមហាអនុតំបន់មេគង្គ និង (២) ការប្រែមុខមាត់ថ្មីនៃអាស៊ាន
  • កិច្ចពិភាក្សាគោលនយោបាយ៖ រៀបចំកិច្ចពិភាក្សាគោលនយោបាយស្តីពីរបៀបវារៈ “ស្ត្រី សន្តិភាព និងសន្តិសុខ” ក្នុងអាស៊ាន
  • ស្ថាប័ននីយកម្ម និងការកសាងសមត្ថភាពផ្នែកស្ថាប័ន៖ បន្តអភិវឌ្ឍ និងរៀបចំស្តង់ដារ នីតិវិធី ព្រមទាំងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ CICP ដើម្បីទ្រទ្រង់សកម្មភាពស្ថាប័នក្នុងរយៈពេលវែង និង
  • ភាពជាដៃគូ៖ ពង្រឹងចំណងសហប្រតិបត្តិការរវាង CICP និងស្ថាប័នស្រាវជ្រាវនានានៅប្រទេសកម្ពុជា ក្នុងតំបន់ និងប្រទេសអូស្ត្រាលី៕

សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព។