សាវតារ

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) គឺជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ឯករាជ្យឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០។ CDRI ផ្តោតការស្រាវជ្រាវលើវិស័យសំខាន់ៗចំនួន៥ គឺ៖ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្មនិងអភិវឌ្ឍន៍ជនបទ អភិបាលកិច្ចនិងសង្គម ការអប់រំនិងការអភិវឌ្ឍការងារ និងបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងការស្រាវជ្រាវ ដោយផ្តោតទៅលើវិស័យទាំងនេះ ផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ បានធ្វើឲ្យ CDRI សម្រួលបាននូវកម្មវិធីស្រាវជ្រាវបច្ចុប្បន្ន និងបន្ដទិសដៅសម្រាប់ការស្រាវជ្រាវថ្មីៗ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីៗដែលកំពុងកើតមានឡើង ក៏ដូចជាគាំទ្រដល់លទ្ធផលស្រាវជ្រាវដែលជាតម្រូវការរបស់អ្នកតាក់តែងគោលនយោបាយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត ក្រោយវិបត្តិកូវីដ-១៩ នៅកម្ពុជា និងក្នុងតំបន់។

វិទ្យាស្ថាន CDRI មានអ្នកស្រាវជ្រាវពោរពេញដោយបទពិសោធន៍ប្រហែល៣០នាក់ ដែលបានប្តេជ្ញាចិត្ត ដើម្បីផលិតឯកសារស្រាវជ្រាវគោលនយោបាយប្រកបដោយគុណភាពខ្ពស់។ វិទ្យាស្ថាន CDRI បានផ្តល់អនុសាសន៍គោលនយោបាយ ដែលមានឥទ្ធិពល និងគួរឲ្យទុកចិត្តជាច្រើន ដល់អ្នកតាក់តែងគោលនយោបាយ និងភាគគីពាក់ព័ន្ធទាំងអស់។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ សន្និសីទចក្ខុវិស័យប្រចាំឆ្នាំរបស់ CDRI តែងតែបានអញ្ជើញចូលរួមជាអធិបតីដោយនាយករដ្ឋមន្ត្រី និងការចូលរួមពីមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងវិស័យអភិវឌ្ឍន៍ និងឯកជន។ វិទ្យាស្ថានCDRI គឺជាតួអង្គដ៏សំខាន់ក្នុងការរៀបចំ និងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ និងសិក្ខាសាលានានានៅថ្នាក់ជាតិ និងតំបន់ផងដែរ។

សកម្មភាពចម្បងៗរបស់ CDRI

វិទ្យាស្ថាន CDRI បានទទួលមូលនិធិ និងជំនួយស្រាវជ្រាវសំរាប់គម្រោងរយៈពេលច្រើនឆ្នាំនានា ដូចជា ការធ្វើការផ្លាស់ប្តូរឆ្លងជំនាន់ និងឥទ្ធិពលទៅលើសង្គម និងនយោបាយ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ផលប៉ះពាល់នៃកូវីដ-១៩ នៅមហាអនុតំបន់មេគង្គ លើសមភាពយេនឌ័រ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC) នៃប្រទេសកាណាដា ការវិភាគអំពីយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់ប្រទេសកម្ពុជា ជាមួយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ការបង្កើនភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចធនធានធម្មជាតិនៅកម្ពុជា និងការសិក្សាលើផលប៉ះពាល់នៃកម្មវិធីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បណ្តាញក្រុមផ្តល់គំនិតផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ សម្រាប់បណ្តាប្រទេសនៅអនុតំបន់មេគង្គ ជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) កំណែទម្រង់ និងនវានុវត្តន៍ឧត្តមសិក្សានៅកម្ពុជា ជាមួយក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT) អូស្ត្រាលី និងអង្គការមូលនិធិអាស៊ី (TAF) និងការសិក្សាវិសាលភាពគោលនយោបាយស្តីពីសេដ្ឋកិច្ចបៃតង ជាមួយវិទ្យាស្ថានអង្គការសហប្រជាជាតិសម្រាប់ការបណ្តុះបណ្តាល និងស្រាវជ្រាវ (UNITAR)។

វិទ្យាស្ថាន CDRI ក៏បានបោះពុម្ពផ្សាយនូវ សង្ខេបគោលនយោបាយ សង្ខេបចក្ខុវិស័យ របាយការណ៍សំយោគ ឯកសារពិភាក្សា និងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយនានាជាមួយ មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍នានា។ វិទ្យាស្ថាន ទទួលបានការគាំទ្រ និងទទួលស្គាល់ច្រើនលើស្នាដៃស្រាវជ្រាវរបស់ខ្លួន ដែលធ្វើឱ្យវិទ្យាស្ថានអាចបង្កើតបណ្តាញស្រាវជ្រាវ យ៉ាងទូលំទូលាយនៅទូទាំងក្នុងប្រទេស និងតំបន់។

 

ភាពជាដៃគូនៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២

នៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២ CDRI នឹងធ្វើការសិក្សាស្រាវជ្រាវចំនួនបី។ ការសិក្សាទី១ នឹងពិនិត្យទៅលើទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងជីវភាពរស់នៅ។ ការសិក្សាទី២ ផ្តោតលើបញ្ហាបរិយាបន្ន និងគុណភាពក្នុងការអប់រំ។ ការសិក្សាទី៣ វិភាគលើភាពធន់ នឹងការវិវត្តនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។ ការសិក្សានេះនិយាយអំពីវិសាលភាព ដែលកំណើនសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍ដល់ក្រុមងាយរងគ្រោះ ដោយសង្កត់ធ្ងន់លើបរិយាបន្ននៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមដោយប្រើទិន្នន័យរយៈពេលវែង។ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ CDRI ការសិក្សាទាំងបីនេះនឹងជំរុញអោយមានផលជះនៃការស្រាវជ្រាវរបស់ CDRI លើការបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលកាន់តែប្រសើរ។ គម្រោងនេះក៏មានគោលបំណងលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយបែប វិទ្យាសាស្ត្រផងដែរ។

 

សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។