សាវតារ

បង្កើត​ឡើង​ដោយ​លោក ​អ៊ូ វីរៈ​ នៅ​ចុង​ឆ្នាំ​២០១៥ វេទិកាអនាគតគឺ​ជាស្ថាប័នស្រាវជ្រាវ​ឯករាជ្យ​ ដោយ​ផ្តោតលើការស្រាវជ្រាវ ការវិភាគ និងគោលនយោបាយសាធារណៈ ដែលតំណាងឱ្យការឆ្លើយតបយ៉ាងយកចិត្តទុកដាក់ទៅលើ “​គម្លាតគោលនយោបាយ” ដែលបានកំណត់នៅក្នុងប្រទេសកម្ពុជា។

  • ចក្ខុវិស័យ៖ ប្រទេសកម្ពុជាដែល​ប្រកបដោយយុត្តិធម៌  ប្រជាធិបតេយ្យ ភាពស្វាហាប់ និងរុងរឿងបាន​ នៅ​ពេលដែល​​​តម្រូវការរបស់ប្រជាជនត្រូវបានបំពេញជា​ជាង​​តម្រូវការ​របស់មេដឹកនាំ។
  • បេសកកម្ម៖ “សាធារណៈ គោលនយោបាយ ឆ្ពោះ​ទៅ​មុខ​”។ បំពាក់បំប៉ន​សហគមន៍អ្នកគិតវ័យក្មេង  អភិវឌ្ឍដំណោះស្រាយគោលនយោបាយប្រកបដោយ​ភាព​វិជ្ជមាន និងបង្កើតកិច្ច​ពិភាក្សា​ដេញដោលដ៏សំខាន់ដើម្បី​អនាគតប្រទេសកម្ពុជាមានភាពប្រសើរឡើង។
  • គុណតម្លៃស្នូល៖​ បំពាក់​បំប៉ន​  បង្កើត ពិភាក្សាដេញ​ដោល​។
  • គោលបំណង៖ ១) សម្របសម្រួលការស្រាវជ្រាវ និងការវិភាគបែបត្រិះរិះពិចារណា ដើម្បីបង្កើតឱ្យមាន​ឥទ្ធិពលជាវិជ្ជមានទៅលើការពិភាក្សាគោលនយោបាយប្រទេស​កម្ពុជា នៅក្នុង​ថ្នាក់មូលដ្ឋាន ថ្នាក់​ជាតិ និងថ្នាក់អន្តរជាតិ។ ២) ផ្ដល់​ជា​កិច្ច​ពិភាក្សា​ដេញដោល​ដោយ​ផ្អែក​លើ​គោលការណ៍​ភស្ដុតាង​ ការ​វិភាគ​ និង​អនុសាសន៍ ដើម្បី​ជំរុញលើក​​​ទឹកចិត្ត បណ្ដុះគំនិ​ត​ប្រជាជនខ្មែរ​ ជា​ពិសេស​យុវជន ឲ្យ​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្ដូរលើ​ផ្នែក​ប្រជាធិបតេយ្យ​ នយោបាយ​ និង​សង្គមសេដ្ឋកិច្ច​ ដែល​នឹង​ផ្ដល់ផល​ប្រយោជន៍​រួម​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់គ្នា។​

សកម្មភាពចម្បងៗរបស់វេទិកាអនាគត

វេទិកាអនាគត រួមបញ្ចូលសសរស្តម្ភកម្មវិធីចំនួនបួន ក្នុង​ការ​គាំទ្រដល់ការ​ពង្រីក​វិសាល​នៃ​ភាព​ជោគជ័យទៅលើបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន៖

  • កម្មវិធីអ្នកស្រាវជ្រាវវ័យក្មេង៖ គឺជាកម្មវិធីបណ្តុះបណ្តាលគោលនយោបាយរយៈពេលមួយឆ្នាំ ដែលត្រូវបានរៀបចំឡើងសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា និងអ្នកជំនាញវ័យក្មេង។ តាមរយៈការបណ្តុះបណ្តាលនិងការណែនាំជាលក្ខណៈបុគ្គល កម្មវិធីនេះមានបំណងពង្រឹង​សិទ្ធិអំណាចយុវជនកម្ពុជាឱ្យមានសមត្ថភាពក្នុងការស្រាវជ្រាវ និងវិភាគគោលនយោបាយ ដើម្បីឱ្យពួកគេអាចមានឥទ្ធិពល និងអាច​ចូលរួមចំណែកក្នុងគោលនយោបាយសាធារណៈ នៅក្នុងផ្នែក​រដ្ឋាភិបាល សង្គមស៊ីវិល ការអប់រំឧត្តមសិក្សា ឬស្ថាប័នស្រាវជ្រាវនានា​។
  • មន្ទីរពិសោធន៍គោលនយោបាយ៖ គឺជាវេទិកាបណ្តុះបណ្តាល​ការ​អប់រំ​ពលរដ្ឋ​របស់វេទិកាអនាគត។ វេទិកានេះ​ ត្រូវបានរៀបចំឡើងដើម្បីជំរុញលើកទឹកចិត្ត​ បណ្តុះបណ្តាល ណែនាំ និងលើកកម្ពស់អ្នកស្រាវជ្រាវជា​និស្សិត និងអ្នកជំនាញក្នុងការបង្កើតគោលនយោបាយប្រកប​ដោយ​ការ​ត្រិះរិះ​ពិចារណា ភាព​ច្នៃប្រឌិត និងទិសដៅសមធម៌។
  • សហគមន៍អ្នកស្រាវជ្រាវ៖ គឺជាបណ្តាញអ្នកស្រាវជ្រាវទាំងក្នុងនិងក្រៅ ដែលចូលរួមក្នុងឱកាសស្គាល់គ្នា​ និងផ្សារ​​ភ្ជាប់បណ្តាញជាមួយសមាជិកសហគមន៍ដទៃទៀត​ ហើយនិងធ្វើការសហការជាមួយសមាជិកសហគមន៍ដទៃទៀត។
  • កម្មវិធីចក្ខុវិស័យកម្ពុជា៖ ធ្វើការគាំទ្រទៅលើដំណោះស្រាយនៃការតម្រង់ទិសគោលនយោបាយអភិវឌ្ឍ​ន៍ តាមរយៈការបោះពុម្ពផ្សាយក្នុងទម្រង់ផ្សេងៗ​ (សៀវភៅ របាយការណ៍ អត្ថបទ​សង្ខេប  កម្រង​រូបថត អត្ថបទ​អត្ថាធិប្បាយ និងទិនានុប្បវត្តិប្រចាំឆ្នាំរបស់យើង) ។

ក្រៅពីកម្មវិធីស្នូលទាំងបួននេះ វេទិកាអនាគតបានកំណត់វិស័យសិក្សាអាទិភាពចំនួនបីទៀត  ដោយ​ផ្តោតលើការបណ្តុះបណ្តាល និងបោះពុម្ពផ្សាយនៅក្នុង​វេទិការបស់យើងផ្ទាល់​។ កម្មវិធីនីមួយៗ គឺ​ផ្អែកលើតម្រូវការប្រទេសកម្ពុជាក្នុង​សម័យទំនើប៖ ការសិក្សាអភិវឌ្ឍន៍  ការសិក្សាអប់រំ និងការ​សិក្សា​នគរូបនីយកម្ម​។​

ភាពជា​ដៃគូនៅក្នុងគម្រោង​«ពន្លកចំណេះ»​

ភាពជាដៃគូសហការ​ជាមួយពន្លកចំណេះ​ ផ្តោតលើការបង្កើន​សមត្ថភាពនៃកម្មវិធី​អ្នកស្រាវជ្រាវវ័យក្មេងឆ្នើមៗ ដោយ​ផ្ដោត​លើ​​គុណភាព​  បរិមាណ និងទំហំវិសាល​ភាព​នៃកម្មវិធី។ ជាមួយគ្នា​នេះដែរ​ វេទិកាអនាគតនឹងប្រើប្រាស់ធនធានមួយចំនួន ដើម្បី​បង្កើនសមត្ថភាពទៅលើផ្នែក​​រៀបចំ និងបច្ចេកទេសរបស់ខ្លួនផងដែរ។

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការវេទិកាអនាគត។