សាវតារ

បង្កើតឡើងដោយលោក អ៊ូ វីរៈ នៅចុងឆ្នាំ២០១៥ វេទិកាអនាគត គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យមួយដោយផ្តោតលើការបណ្ដុះបណ្ដាលអ្នកវិភាគ និងអ្នកស្រាវជ្រាវវ័យក្មេង ផ្សារភ្ជាប់ពួកគេក្នុងសហគមន៍គោលនយោបាយ ដែលមានទំនុកបម្រុង និងធ្វើជាដៃគូជាមួយពួកគេ និងស្ថាប័នជាដៃគូរផ្សេងទៀត ដើម្បីកំណត់ និងជំរុញដំណោះស្រាយគោលនយោបាយជាវិជ្ចមាន ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។ វេទិកាអនាគតតំណាងឲ្យការឆ្លើយតបថាមវន្ត ក្នុងការដោះស្រាយគម្លាតសមត្ថភាពក្នុងការបង្កើតគោលនយោបាយនៅកម្ពុជា។

  • ចក្ខុវិស័យ៖ ប្រទេសកម្ពុជាមានយុត្តិធម៌ ប្រជាធិបតេយ្យ ថាមវន្ត និងរុងរឿង ដែលស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
  • បេសកកម្ម៖ ដើម្បីសម្រេចបាននូវចក្ខុវិស័យ វេទិកាអនាគត បណ្ដុះបណ្ដាលអ្នកវិភាគ និងអ្នកស្រាវជ្រាវវ័យក្មេង ផ្សារភ្ជាប់ពួកគេទៅក្នុងសហគមន៍គោលនយោបាយដែលមានទំនុកបម្រុង និងធ្វើជាដៃគូជាមួយពួកគេ និងស្ថាប័នជាដៃគូរផ្សេងទៀត ដើម្បីកំណត់ និងជំរុញដំណោះស្រាយគោលនយោបាយជាវិជ្ចមានដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។
  • គុណតម្លៃ៖ គុណតម្លៃទាំង៥ ដែលបង្ហាញផ្លូវដល់ការងារ និងការសម្រេចចិត្តរបស់ស្ថាប័នគឺ ភាពច្នៃប្រឌិត ការគោរពសិទ្ធិមនុស្ស បរិយាបន្ន ការគាំទ្រទំនុកបម្រុង និងគំនិតសុទិដ្ឋិនិយម។
  • គោលដៅ៖ គោលនយោបាយផ្អែកលើភស្តុតាងល្អប្រសើរ ដែលត្រូវបានបង្កើតដោយអ្នកវិភាគ និងអ្នកស្រាវជ្រាវវ័យក្មេង ត្រូវបានយកទៅអនុម័ត និងអនុវត្តក្នុងរយៈពេលវែង ហើយនឹងផ្ដល់នូវលទ្ធផលគោលនយោបាយដែលកាន់តែពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

យុទ្ធសាស្ត្ររបស់វេទិកាអនាគត

១. វេទិកាអនាគតផ្តោតលើការបណ្តុះបណ្ដាលអ្នកវិភាគ និងអ្នកស្រាវជ្រាវវ័យក្មេងតាមរយៈកម្មវិធីខាងក្រោម៖

  • កម្មវិធីអ្នកស្រាវជ្រាវវ័យក្មេង (YRP) គឺជាកម្មវិធីបណ្តុះបណ្តាលស្រាវជ្រាវគោលនយោបាយរយៈពេលមួយឆ្នាំ ដែលបង្កើតឡើងក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាឱ្យក្លាយជាអ្នកជំនាញក្នុងការស្រាវជ្រាវ និងការវិភាគគោលនយោបាយ ដើម្បីឲ្យពួកគេអាចមានឥទ្ធិពល និងរួមចំណែកក្នុងការជំរុញការពិភាក្សាគោលនយោបាយសាធារណៈ តាមរយៈការបម្រើក្នុងរដ្ឋាភិបាល សង្គមស៊ីវិល ការអប់រំថ្នាក់ឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ ឬតាមរយៈមធ្យោបាយផ្សេងទៀត។ កម្មវិធីនេះត្រូវបានបែងចែកជាពីរផ្នែក៖ ការបណ្តុះបណ្តាលរយៈពេលប្រាំមួយខែលើមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវ និងការយល់ដឹងអំពីគោលនយោបាយ និងរយៈពេលប្រាំមួយខែសម្រាប់ការអភិវឌ្ឍគោលនយោបាយ និងការបោះពុម្ពស្នាដៃស្រាវជ្រាវជាទម្រង់សង្ខេបគោលនយោបាយ។ ជារៀងរាល់ឆ្នាំ វេទិកាអនាគតជ្រើសរើសអ្នកស្រាវជ្រាវចំនួនពីរក្រុម៖ ក្រុមទី១ ចាប់ផ្តើមនៅខែមករា និងក្រុមទី២ ចាប់ផ្តើមនៅខែកក្កដា។ អ្នកស្រាវជ្រាវវ័យក្មេងរហូតដល់ ២៥នាក់ក្នុងមួយក្រុម ត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី តាមរយៈដំណើរការជ្រើសរើសទូទាំងប្រទេសដែលមានការប្រកួតប្រជែងខ្ពស់។ បេក្ខជនត្រូវបានជ្រើសរើសពីគ្រប់មជ្ឈដ្ឋានរួមមាន៖ អ្នកធ្វើការអាជីពវ័យក្មេង និស្សិតទើបបញ្ចប់ការសិក្សា និងក្រុមងាយរងគ្រោះ (ស្ត្រី ជនមានពិការភាព អ្នកស្រលាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងអ្នកមកពីសហគមន៍ក្រោមតំណាងផ្សេងទៀត)។
  • វេទិកាអនាគតក៏រៀបចំវគ្គបណ្តុះបណ្តាលការស្រាវជ្រាវ និងគោលនយោបាយខ្លីៗ Bespoke Training តាមតម្រូវការ ដោយមានការសម្របសម្រួលជាមួយស្ថាប័នជាដៃគូ ដើម្បីគាំទ្រដល់ការគិតថ្មីៗ និងកម្មវិធី Executive Program សម្រាប់អ្នកស្រាវជ្រាវដែលមានបទពិសោធន៍ អ្នកជំនាញគោលនយោបាយ និងអ្នកដឹកនាំ។

២. វេទិកាអនាគតបង្កើតសហគមន៍អ្នកវិភាគគោលនយោបាយ និងអ្នកតស៊ូមតិ ហើយផ្តល់កន្លែងសំខាន់សម្រាប់កិច្ចសហការ ការផ្លាស់ប្តូរ និងបណ្តុះគំនិតតាមរយៈការផ្តល់នូវកន្លែងសិក្សា និងធ្វើការរួមបែបសហគមន៍ សម្របសម្រួលកម្មវិធីជួបជុំ និងដើរតួជាវេទិកាទំនាក់ទំនង។

  • The Hub៖ គឺជាកន្លែងធ្វើការរួម សម្រាប់សហគមន៍អ្នកស្រាវជ្រាវដើម្បី ស្រាវជ្រាវ បង្កើតទំនាក់ទំនង និងសហការ ។ វាត្រូវបានរចនាឡើងជាកន្លែងបណ្ដុះ និងពន្លឿនការអភិវឌ្ឈដំណោះស្រាយគោលនយោបាយថ្មី។ សមាសធាតុសំខាន់ៗរបស់ the Hub រួមមាន៖ ១) បណ្ណាល័យ ២) ប្រព័ន្ធទិន្នន័យ និង ៣) កន្លែងសិក្សា និងធ្វើការរួមបែបសហគមន៍។

៣. វេទិកាអនាគតធ្វើការជាដៃគូ និងសហការជាមួយអតីតអ្នកស្រាវជ្រាវរបស់យើង និងស្ថាប័នជាដៃគូផ្សេងទៀត ដើម្បីគាំទ្រការស្រាវជ្រាវ ការបង្កើតដំណោះស្រាយគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីតស៊ូមតិសម្រាប់គំនិតថ្មីៗ និងជម្រុញការជជែកពិភាក្សាដូចខាងក្រោម៖

វេទិកាគោលនយោបាយ៖ វេទិកាអនាគតរៀបចំវេទិកាគោលនយោបាយសំខាន់ៗចំនួនបួន៖

១. វេទិកាអភិបាលកិច្ច៖ សន្តិភាព រដ្ឋបាលសាធារណៈ ការផ្តល់មូលនិធិជំនួយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ នយោបាយ សន្និច្ច័យ ការអប់រំអំពីលទ្ធិពលរដ្ឋ និងភាពជាពលរដ្ឋ
២. វេទិការស់នៅ៖ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ថាមពល នគរូបនីយកម្ម ភាពងាយស្រួល ការរចនាសហគមន៍ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
៣. វេទិកាពលរដ្ឋ៖ ការធ្វើចំណាកស្រុក អត្តសញ្ញាណ កំណើនប្រជាជន យេនឌ័រ ការផ្តល់អំណាច សិល្បៈ និងវប្បធម៌
៤. វេទិកាអភិវឌ្ឍន៍៖ ការអភិវឌ្ឍធនធានមនុស្ស សុខភាពសាធារណៈ សន្តិសុខស្បៀង ការអប់រំ និងសេដ្ឋកិច្ច

  • ការបោះពុម្ពផ្សាយ៖ ប្រមូលផ្តុំការគិត និងគំនិតរបស់អ្នកស្រាវជ្រាវវ័យក្មេងដែលវេទិកាអនាគតបានបណ្តុះបណ្ដាល អ្នកដែលវេទិកាអនាគតកំពុងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍គោលនយោបាយ និងអ្នកដែលវេទិកាអនាគតកំពុងសហការជាមួយលើការស្រាវជ្រាវ តាមរយះទស្សនាវដ្តីអនាគតកម្ពុជា (Journal of Future Cambodia) និង សៀវភៅ Big Book of Small Ideas។

ភាពជាដៃគូនៅក្នុងកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២

ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ ផ្ដោតលើការបណ្ដុះបណ្ដាលអ្នកវិភាគ និងអ្នកស្រាវជ្រាវវ័យក្មេង នៅក្នុងវិស័យស្រាវជ្រាវគោលនយោបាយសាធារណៈ តាមរយៈកម្មវិធីអ្នកស្រាវជ្រាវវ័យក្មេងដ៏ល្បីល្បាញរបស់វេទិកាអនាគត ដើម្បីឲ្យពួកគេអាចបង្កើត និងតស៊ូមតិផ្ដល់ជាដំណោះស្រាយគោលនយោបាយជាវិជ្ជមាន ដែលចុងក្រោយនឹងផ្ដល់នូវលទ្ធផលគោលនយោបាយឲ្យកាន់តែពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនោះ វេទិកាអនាគតក៏នឹងប្រើប្រាស់មូលនិធិដើម្បីគាំទ្រដល់ការកែលម្អការអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនផងដែរ។

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការវេទិកាអនាគត។