សាវតារ

ដេប៉ាតឺម៉ង់ទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដោយក្រសួងអប់រំ យុវជន និងកីឡា។ ដេប៉ាតឺម៉ង់ទេសចរណ៍ប្តេជ្ញាក្នុងការផ្តល់ការអប់រំ និងការស្រាវជ្រាវផ្នែកទេសចរណ៍ដែលមានគុណភាព ព្រមទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលសហការរៀបរៀងជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី ប្រទេសអូស្រ្តាលី និងសាកលវិទ្យាល័យប៉ូឡូញ៉ា ប្រទេសអ៊ីតាលី។ ដេប៉ាតឺម៉ង់ទេសចរណ៍ផ្តល់ការអប់រំថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ ដែលនិសិ្សតបញ្ចប់ការសិក្សានឹងទទួលបាននូវចំណេះដឹងផ្នែកគ្រប់គ្រងអាជីវកម្ម ផែនការបរិស្ថាន សេដ្ឋកិច្ច ចិត្តវិទ្យា ការសិក្សាពីវប្បធម៌ ភូមិសាស្រ្ត ទីផ្សារនិងការគ្រប់គ្រង ការដឹកជញ្ជូន បដិសណ្ឋារកិច្ច និងការគ្រប់គ្រងតំបន់ទាក់ទាញជាដើម។ ចាប់តាំងពីឆ្នាំ២០១៤មក ដេប៉ាតឺម៉ង់ទេសចរណ៍ និងដេប៉ាតឺម៉ង់គ្រប់គ្រងអាជីវកម្មអន្តរជាតិ បានរៀបចំមុខវិជ្ជាសិក្សារួមគ្នា ដែលអនុញ្ញាតឱ្យនិសិ្សតអាចចុះឈ្មោះចូលរួមមុខវិជ្ជារបស់ដេប៉ាតឺម៉ង់ទាំងពីរបាន។

សកម្មភាពចម្បងៗរបស់ដេប៉ាតឺម៉ង់ទេសចរណ៍

ចាប់តាំងពីឆ្នាំ២០០៣មក ដេប៉ាតឺម៉ង់ទេសចរណ៍បានផ្តល់ការអប់រំថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ដែលផ្តោតទៅលើដំណោះស្រាយបែបទីផ្សារនៅក្នុងវិស័យទេចរណ៍ ក៏ដូចជាការអភិវឌ្ឍទេចរណ៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសហគមន៍។ ដេប៉ាតឺម៉ង់ទេសចរណ៍ក៏ធ្វើការស្រាវជ្រាវទាក់ទងនឹងវិស័យទេសចរណ៍នៅកម្រិតជាតិ ខេត្ត និងសហគមន៍។ ជានេះទៅទៀត មន្រ្តីរបស់ដេប៉ាតឺម៉ង់ទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗដែលរួមចំណែកដល់និរន្តភាពជីវភាពសហគមន៍ជាមួយសហគមន៍ទេសចរណ៍ផ្សេងៗ ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍សហគមន៍។ ដេប៉ាតឺម៉ង់ទេសចរណ៍មានអ្នកស្រាវជ្រាវចំនួន ១៣នាក់ ដេលក្នុងនោះ ៥នាក់ជាមន្រ្តីបម្រើការងារពេញម៉ោង ហើយទទួលខុសត្រូវអភិវឌ្ឍ និងបង្រៀនមុខវិជ្ជាស្រាវជ្រាវ បោះពុម្ពការស្រាវជ្រាវជាលក្ខណៈបុគ្គល និងស្វែងរកថវិកាគាំទ្រដល់ការស្រាវជ្រាវរបស់និសិ្សត។

ភាពជាដៃគូជាមួយ ពន្លកចំណេះ

ក្រោមការគាំទ្រពីគម្រោងពន្លកចំណេះ ដេប៉ាតឺម៉ង់ទេសចរណ៍នឹងធ្វើការស្រាវជ្រាវមួយដែលផ្តោតទៅលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលខេត្តសៀមរាបកំពុងប្រឈម និងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន។ ការស្រាវជ្រាវនេះមានគោលបំណងសិក្សាពីទិដ្ឋភាពមួយចំនួន រួមមាន៖ ឳកាសនិងបញ្ហាប្រឈមចំពោះស្រ្តីនៅក្នុងសហគ្រាសទេសចរណ៍ធុនតូចនិងមធ្យមដោយឆ្លុះបញ្ជាំងតាមរយៈបរិយាបន្ននិងសមភាព ការចូលរួមរបស់ភាគីពាក់ព័ន្ធតូចៗនៅក្នុងផ្នែកផ្គត់ផ្គង់ទេសចរណ៍ ការលើកកម្ពស់សហគមន៍តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍ និងការរួមចំណែករបស់ប្រតិបត្តិករទេសចរណ៍សំខាន់ៗឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបប្រកបដោយបរិយាបន្ន។ គំហើញនៅក្នុងការស្រាវជ្រាវនេះនឹងលើកទឹកចិត្តអ្នកអនុវត្ត អ្នកអភិវឌ្ឍ និងអ្នកតាក់តែងគោលនយោបាយផ្តោតការយកចិត្តទុកដាក់ទៅលើទិដ្ឋភាពនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅក្នុងគម្រោង និងផែនការអភិវឌ្ឍវិស័យទេសចរណ៍នាពេលអនាគត។

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី ដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។