ប្រវត្តិអង្គការ

មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍(ADIC) បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជានៅខែមេសា ឆ្នាំ2011។ បេសកកម្មរបស់យើងគឺ “ដើម្បីក្លាយជាស្ថាប័នសិក្សាស្រាវជ្រាវនិងរៀនសូត្រឈានមុខមួយ ធ្វើការជាមួយសហគមន៍ងាយរងគ្រោះ និងសហការជាមួយភ្នាក់ងារអភិវឌ្ឍន៍សំខាន់ៗ ដើម្បីវិភាគបញ្ហាប្រឈមបច្ចុប្បន្ន ព្រមទាំងរួមគ្នាបង្កើតនូវគំនិតផ្តួចផ្តើមសម្រាប់ឆ្លើយតបចំពោះការផ្លាស់ប្តូរសង្គម ប្រកបដោយភាពច្នៃប្រឌិត និងយូរអង្វែង”។ អង្គការបានអនុវត្តការងាររៀបចំសហគមន៍ ការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព (PAR) និង ការស្រាវជ្រាវបែបគោលនយោបាយ ដោយមានគម្រោងជាច្រើនដែលផ្តល់មូលនិធិពីស្ថាប័នអន្តរជាតិ។ កន្លងមក អង្គការបានចាត់ចែងគម្រោងនៃការសិក្សាស្រាវជ្រាវស្របតាមតម្រូវការនិងគម្រោងគាំពារមតិទាក់ទងគោលនយោបាយ នៅតាមបណ្តាខេត្តទាំងប្រាំជុំវិញបឹងទន្លេសាប ដោយមានកិច្ចសហការជាមួយអង្គការ WorldFish ​និងសាកលវិទ្យាល័យ Mahidol នៃប្រទេសថៃ។ ប្រវត្តិដំបូងនៃការងាររបស់ក្រុមការងាររបស់អង្គការ​ ADIC គឺបានអនុវត្តតាំងពីឆ្នាំ ២០១១​ នៅតំបន់ប៉ែកឦសាន្តនិងខេត្តមួយចំនួនទៀតនៅជុំវិញបឹងទន្លេសាបដូចជាខេត្តកំពង់ធំជាដើម ។ នៅពេលនោះ យើងបានសហការជិតស្និតជាមួយ អង្គការ​ WorldFish និងបណ្តាអង្គការដៃគូមួយចំនួនទៀត ក្នុងការលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ ដែលគាំទ្រដោយគម្រោង “Strengthening Aquatic Resources Governance (STARGO) 2011-2013” និង “Aquatic Agricultural System (AAS) Program”។ ការផ្តួចផ្តើមនៃគម្រោងនេះ ត្រូវបានប្រើវិធីសាស្ត្រ កិច្ចសហការដើម្បីភាពធន់ ​(CoRe) និង​ PAR ដោយគ្របដណ្តប់នៅខេត្តជុំវិញបឹងទន្លេសាប។ ដោយទ្បែក  ADIC បានសហការជាមួយសាកលវិទ្យាល័យ Mahidol សម្រាប់ការសិក្សាស្រាវជ្រាវនៅក្នុងតំបន់ មានដូចជា ប្រទេសកម្ពុជា​ ឡាវ ភូមា និងប្រទេសថៃ លើការលើកកម្ពស់ចំណាកស្រុកដោយសុវត្ថិភាព។​ អង្គការក៏បានរួមសហការជាមួយសាកលវិទ្យាល័យ Utah នៅសហរដ្ឋអាមេរិក សម្រាប់ការសិក្សាស្រាវជ្រាវនិងទទួលនិស្សិតចុះកម្មសិក្សាផងដែរ។  លើសពីនេះ ADIC បានចូលរួមសិក្សាស្រាវជ្រាវជាមួយ​វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍នៃសកលវិទ្យាល័យ Sussex នៃចក្រភពអង់គ្លេស សិក្សាលើបញ្ហាចំណាកស្រុក និង ពលកម្មកុមារ ក្នុងបរិបទកូវីដ ១៩។

សកម្មភាពសំខាន់ៗ

ការងារអាទិភាពនាពេលបច្ចុប្បន្នរួមមាន 1) អភិបាលកិច្ចធនធានធម្មជាតិ  2) ការបង្កើនជីវភាពនិងការអភិវឌ្ឍន៍ទីផ្សារ និង 3) ការឆ្លើយតបទៅនឹងការប្រែប្រួលសង្គម។ យុទ្ធសាស្រ្តរបស់អង្គការគឺក្នុងការផ្តល់នូវការកសាងសមត្ថភាព ផ្ដល់ការគាំទ្រដល់អ្នកដឹកនាំរបស់សហគមន៍និងភ្នាក់ងារអភិវឌ្ឍន៍ ការសិក្សាស្រាវជ្រាវសម្រាប់កម្រិតគោលនយោបាយ និងការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព (PAR) ។ ខាងក្រោមនេះគឺជាគម្រោងចម្បងៗ​ដែលអង្គការបាននិងកំពុងអនុវត្ត៖

  • អង្គការកំពុងអនុវត្តការគាំទ្រនៃការកសាងសមត្ថភាពរយៈពេលមួយឆ្នាំដល់អង្គការ PNKS នៅក្នុងខេត្តស្ទឹងត្រែង​ តាមរយៈការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព និងការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេល 3-5 ឆ្នាំក្នុងការធ្វើការជាមួយនឹងសហគមន៍។
  • យើងកំពុងតែអនុវត្តគម្រោងរយៈពេល 4 ឆ្នាំដែលទទួលបានជំនួយពីមូលនិធិអភិវឌ្ឍន៍សង្គមរបស់ប្រទេសជប៉ុន (JSDF) តាមរយៈធនាគារពិភពលោក ដោយផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យសាកវប្បកម្មនិងការផ្សារភ្ជាប់ជាមួយទីផ្សារ នៅក្នុងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី។
  • យើងកំពុងតែអនុវត្តគម្រោងស្តីពីការលើកកម្ពស់សមត្ថភាពដល់ថ្នាក់ដឹកនាំនិងសមាជិករបស់សហគមន៍ក្នុងផលិតកម្មដំណាំស្រូវសរីរាង្គនិងការបង្កើនគុណភាពដីនៃគម្រោង Blockchain ដើម្បីលើកកម្ពស់ជីវភាព តាមរយៈការផលិតស្រូវអង្ករសរីរាង្គ (BlocRice) II។​ គម្រោងនេះអនុវត្តនៅក្នុងខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមហ៊ុន Amru Rice, អង្កការOxfam, និង Schuttelaar & Partners B.V.។ ប្រាក់ចំណូលសរុបជាមធ្យមដែលទទួលបានពីការធ្វើកសិកម្មរបស់សមាជិកសហគមន៍កសិកម្ម បានកើនឡើងដែលនេះជាការរួមចំណែក កាត់បន្ថយគម្លាតប្រាក់ចំណូលរបស់ពួកគេ។
  • យើងកំពុងអនុវត្តគម្រោងស្រាវជ្រាវស្ដីអំពីផលប៉ះពាល់នៃជំងឺការ​រាតត្បាត​សកលកូវីដ១៩ ទៅលើទេសន្តប្រវេសន៍និងពលកម្មកុមារនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ (IDS) នៃសកលវិទ្យាល័យ Sussex នៃចក្រភពអង់គ្លេស។
  • យើងកំពុងធ្វើការសិក្សាស្រាវជ្រាវស្ដីអំពី ការវាយតម្លៃអំពីតម្រូវការដីធ្លី (Land Tenure Needs Assessment) នៅក្នុងខេត្តចំនួន 4 គឺខេត្តរតនៈគីរី ព្រះវិហារ កំពង់ធំនិងខេត្តកោះកុង ដែលគាំទ្រថវិកាដោយអង្គការ Landesa (វិទ្យាស្ថានអភិវឌ្ឍន៍ជនបទ) សហរដ្ឋអាមេរិក។
  • អង្គការកំពុងអនុវត្តគម្រោងស្ដីអំពី ការចលនាជនជាតិដើមភាគតិចជាពិសេសស្ត្រីនិងយុវជននៅក្នុងភូមិបង្កើនផល នៅក្នុងខេត្តព្រះវិហារ ដើម្បីការពារដីសមូហភាពនិងធនធានព្រៃឈើ។ គម្រោងនេះត្រូវបានគាំទ្រថវិកា ដោយវិទ្យាស្ថានសំឋាណា (Samdhana Institute) ដែលស្ថិតនៅក្នុងប្រទេសហ្វីលីពីន។

ភាពជាដៃគូជាមួយអង្គការមូលនិធីអាស៊ី ក្នុងគម្រោងពន្លកចំណេះ

ដោយទទួលបានជំនួយពី DFAT តាមរយៈអង្គការមូលនិធិអាស៊ី  អង្គការ ADICបាននឹងកំពុងអនុវត្តការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព (PAR) លើគម្រោង “ ពិនិត្យមើលទៅលើសុខុមានភាពសង្គមនៃពលករចំណាកស្រុក និងក្រុមគ្រួសារនៅតាមព្រំដែនកម្ពុជាថៃ ក្នុងបរិបទកូវីដ១៩” នៅក្នុងសហគមន៍ចំនួនបួននៃចំនួន 3 ខេត្តគឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ តាមពិត ស្ថានភាពអូសបន្លាយនៃវិបត្តិកូវីដ ១៩ នៅអាស៊ីអាគ្នេយ៍និងបញ្ហាប្រឈមជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននៅតំបន់ជនបទក្នុងប្រទេសកម្ពុជា បានជំរុញឲ្យប្រជាជនជាច្រើន ហ៊ានពុះពារធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ ត្រឡប់ទៅធ្វើការប្រទេសថៃវិញ ទោះបីជាមានហានិភ័យនៃការឆ្លងជំងឺ និងមានឱកាសតិចសម្រាប់ការងារសមរម្យក៏ដោយ។ មេខ្យល់បានដើរតួនាទីសកម្មទ្បើងវិញ ដើម្បីទទួលបាន​ផលប្រយោជន៍ពីចំណាកពលកម្មដោយប្រថុយប្រថាននិងមិនច្បាស់លាស់ អាចបង្កើតអោយមានហានិភ័យទាក់ទងទៅនឹងការជួញដូរមនុស្ស។

សំណួរស្រាវជ្រាវរួមគឺ៖ តើកូវីដ-១៩ ជះឥទ្ធិពលយ៉ាងដូចម្តេច ដល់លំនាំនៃការធ្វើចំណាកស្រុកនៅកម្ពុជា និងមានអ្វីកើតឡើងចំពោះគ្រួសារងាយរងគ្រោះ ជាពិសេសបញ្ហាសុខុមាលភាពសង្គម? ការស្រាវជ្រាវនេះផ្អែកលើការសិក្សាកន្លងមក ក្នុងឆ្នាំ ២០១៥ និង ២០១៨ ជាពិសេសនៅខេត្តពោធិ៍សាត់ និងបាត់ដំបង។ សារៈសំខាន់នៃការស្រាវជ្រាវនេះគឺថាជាចម្បង ADIC នឹងសិក្សាពីវិធីសាស្រ្តឬរបៀបនៃការធ្វើការងារថ្មីៗជាមួយបញ្ហាចំណាកស្រុក ដែលជាមូលដ្ឋានសំខាន់សម្រាប់ បង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗរបស់ ADIC នៅក្នុងតំបន់ទាំងនោះ ហើយក៏រំពឹងថា អ្នកអនុវត្តន៍គោលនយោបាយតាមសហគមន៍ នឹងបានជ្រាបជាព័ត៌មាន តាមរយ:កម្មវិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ហើយក៏រំពឹងថា ស្ថាប័នផ្សេងទៀត អាចដកស្រង់របកគំហើញ និងមេរៀនសំខាន់ៗ សម្រាប់ការរួមចំណែកដល់ការតាក់តែងគម្រោងរបស់គេនាពេលអនាគត។

លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍។