បោះពុម្ពផ្សាយ៖27 សីហា 2019
ការអនុវត្តគោល-នយោបាយ
ក. បឋមសិក្សា៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឲ្យអនុវត្តនូវគោលនយោបាយសាលាកុមារមេត្រី ជាមួយនឹងចក្ខុវិស័យ ដើម្បីផ្តល់ឲ្យកុមារដល់អាយុចូលរៀនទាំងអស់នូវឳកាសចុះឈ្មោះចូលរៀន និងសិក្សាឲ្យបានយ៉ាងហោចណាស់ត្រឹមការអប់រំកម្រិតមូលដ្ឋាន ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួន។
ខ. មធ្យមសិក្សា និង បច្ចេកទេស៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយស្តីពីមជ្ឈមណ្ឌលធនធានមធ្យមសិក្សា ជាមួយនឹងចក្ខុវិស័យ ដើម្បីបង្កើតនូវមជ្ឈមណ្ឌលឧត្តមភាពខាងការសិក្សា។ មជ្ឈមណ្ឌលទាំងនេះផ្តល់ឳកាសរៀនសូត្រ ដល់សហគមន៍ និងកសាងមូលដ្ឋានចំណេះដឹងដ៏រឹងមាំ ដើម្បីសម្រេចបាននូវសសរស្តម្ភនៃការអប់រំ លើការបណ្តុះបណ្តាល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាព និងសមធម៌។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំនូវក្របខ័ណ្ឌសមស្រមមួយ ដើម្បីចេញវិញ្ញាបនបត្របណ្តោះអាសន្ន និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតទី ៣ និងបានរៀបចំឯកសារតម្រង់ទិសផ្នែកវិជ្ជាជីវៈ សម្រាប់ការអប់រំមធ្យមសិក្សាបឋមភូមិ។ កម្មវិធីសិក្សាសម្រាប់ការអប់រំផ្នែកបច្ចេកទេស នៅកម្រិតមធ្យមសិក្សា បានទទួលការអនុម័ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។
គ. ឧត្តមសិក្សា៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយស្តីពីការស្រាវជ្រាវអប់រំ ជាមួយនឹងចក្ខុវិស័យ ដើម្បីកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ ការច្នៃប្រឌិត នវានុវត្តន៍ និង សហគ្រិនភាពកម្រិតខ្ពស់។
