សាវតារ
វិទ្យាស្ថានទស្សនវិស័យអាស៊ី (AVI) ជាស្ថាប័នស្រាវជ្រាវឯករាជ្យមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩។ ចក្ខុវិស័យរបស់វិទ្យាស្ថានរួមមាន៖
- ដើម្បីមានឥទ្ធិពលដល់ការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបង្កើតនូវចំណេះដឹង និងភាពជាដៃគូពហុភាគី
- ដើម្បីកសាងសង្គមអាស៊ីដែលប្រកបដោយសន្តិភាព បរិយាប័ន្ន ភាពធន់ក្នុងការសម្របខ្លួននិងនិរន្តរភាព
- ដើម្បីលើកកម្ពស់ឧត្តមគតិ និងទស្សនវិស័យអាស៊ីនិងគុណតម្លៃមនុស្សជាតិ សន្តិភាព និងពិពិធកម្មវប្បធម៌អាស៊ី។
សកម្មភាពចម្បង
- ការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយ៖ AVI ផ្តល់អាទិភាពចម្បងដល់ការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព និងការបោះពុម្ពផ្សាយសម្រាប់ការរួមចំណែក និងការចែករំលែកចំណេះដឹងនៅក្នុងសង្គម។ ចាប់តាំងពីវិទ្យាស្ថានត្រូវបានបង្កើតឡើងមក បញ្ញាវន្តរបស់AVI បានសរសេរអត្ថបទបោះពុម្ភផ្សាយជាច្រើន លើប្រធានបទផ្សេងៗគ្នា ដែលចែកចេញជា ៥ ប្រភេទសំខាន់ៗគឺ៖ អត្ថបទ Commentary, អត្ថបទសង្ខេបគោលនយោបាយ (Policy Brief), អត្ថបទ Perspective, សៀវភៅ និងទស្សនាវដ្តី។ ទន្ទឹមនឹងការបោះពុម្ពផ្សាយរបស់វិទ្យាស្ថាន បញ្ញាវន្ត AVI ក៏បានបោះពុម្ពផ្សាយអត្ថបទស្តីនៅលើបណ្តាញសារព័ត៌មានជាតិអន្តរជាតិនិងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផងដែរ។ ជាមួយគ្នានេះ បញ្ញាវន្ត និងអ្នកជំនាញរបស់យើងបានធ្វើការសិក្សាស្រាវជ្រាវជាច្រើនរួមមាន៖ desk research, base-line research, field research និងការស្ទង់មតិជាដើម។
- កម្មវិធីវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព៖ ដើម្បីចែករំលែក និងបម្លែងពីចំណេះដឹងឱ្យចេញទៅជាសកម្មភាព វិទ្យាស្ថាន AVI យើងបង្កើត និងផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់អ្នកចូលរួមជាច្រើន មានដូចជា៖ អ្នកបង្កើតគោលនយោបាយ បញ្ញាវន្ត អ្នកមានជំនាញវិជ្ជាជីវៈ អ្នកសិក្សាវ័យក្មេង ។ល។ ក្នុងនោះ AVI បានបង្កើតវគ្គបណ្តុះបណ្តាលមួយចំនួនដូចជា៖ (១) កម្មវិធីសហគ្រិនឌីជីថលស្ត្រី សម្រាប់សហគ្រិនវ័យក្មេង ជាពិសេសស្ត្រី (២) វគ្គបណ្តុះបណ្តាលការវិភាគភូមិសាស្ត្រនយោបាយ សម្រាប់អ្នកសារព័ត៌មានក្នុងស្រុកនិងអ្នកសារព័ត៌មានវ័យក្មេង និង (៣) វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មចម្រុះសម្រាប់ប្រជាជនមូលដ្ឋានតាមខេត្តមួយចំនួនជាដើម។
- ការអនុវត្តកម្មវិធី និងគម្រោង៖ AVI ក៏បានបង្កើតជាកម្មវិធីនិងគម្រោងនានា ដើម្បីផ្តល់ផលវិជ្ជមានដល់សង្គមជាតិផងដែរ។ គម្រោងតេជោភូមិ ១០០ គឺជាគម្រោងដ៏ធំមួយរបស់យើងដែលមានគោលបំណងអភិវឌ្ឍដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងនិរន្តរភាពចំពោះការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា និងអាស៊ី។ ក្រៅពីនេះ AVI ក៏មានគម្រោងនានាផ្សេងទៀតផងដែរដូចជា៖ច្រករបៀងត្រី និងស្រូវ, គម្រោងសន្តិសុខស្បៀង, គម្រោងច្រករបៀងវប្បធម៌ គម្រោងឥរិយាបថសុវត្ថិភាពផ្លូវនៅកម្ពុជា, កម្មវិធីសន្ទនា AVI-SDGs Dialogue ជាដើម។ កម្មវិធី និងគម្រោងរបស់យើងនីមួយៗ ផ្តោតលើចំនុចសំខាន់ៗមួយចំនួនដូចជា៖ ការសិក្សាស្រាវជ្រាវ ការស្ទង់មតិ ការធ្វើសន្និសីទ ឬព្រឹត្តិការណ៍ និងកិច្ចពិភាក្សាជាដើម ដែលធ្វើឱ្យកម្មវិធី និងគម្រោងរបស់យើងមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានគុណតម្លៃបន្ថែម។
- ការសិក្សាស្រាវជ្រាវគោលនយោបាយ កិច្ចសន្ទនា និងកិច្ចពិភាក្សាគោលនយោបាយ៖ ជាមួយនឹងអ្នកជំនាញ ចំណេះដឹងនិងបណ្តាញការងារដ៏មានសក្តានុពលរបស់យើង AVI បានធ្វើការសិក្សាស្រាវជ្រាវគោលនយោបាយ និងកិច្ចពិភាក្សាគោលនយោបាយនានា ជាពិសេសក្នុងវិស័យគោលនយោបាយការបរទេស, គោលនយោបាយអភិវឌ្ឍន៍ គោលនយោបាយគាំទ្រសង្គម និងគោលនយោបាយផ្សេងៗទៀត។ អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ កិច្ចសន្ទនា និងកិច្ចពិភាក្សា រួមមាន៖ អ្នកសម្រេចចិត្ត អ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធនានា ត្រូវអញ្ចើញចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីធ្វើឱ្យការរៀបចំ និងការអនុវត្តគោលនយោបាយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែប្រសើរឡើង។
ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ
ក្រោមកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២ AVI កំពុងអនុវត្តគម្រោងស្រាវជ្រាវស្តីពី “សារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍ព្រៃឈើ (CBF)” ។ គម្រោងនេះផ្តោតលើការស្រាវជ្រាវ ការពិភាក្សាគោលនយោបាយ និងការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សកម្មភាពអាកាសធាតុដែលឆ្លើយតបនឹងយេនឌ័រ។ គោលបំណងរបស់គម្រោងគឺបង្ហាញពីតួនាទីរបស់ស្ត្រីក្នុងការកាត់បន្ថយអាកាសធាតុ រួមចំណែកដល់កិច្ចពិភាក្សាគោលនយោបាយ និងគាំទ្រដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាពក្នុងខេត្តមណ្ឌលគិរី កំពង់ធំ និងព្រះវិហារ។ តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងភាពធន់នឹងសហគមន៍ AVI រួមចំណែកដល់គោលនយោបាយអាកាសធាតុប្រកបដោយនិរន្តរភាព និងចីរភាពនៅក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ AVI រំពឹងទុកថានឹង៖
- លើកកម្ពស់ការពិភាក្សាគោលនយោបាយ តាមរយៈការជំរុញគោលនយោបាយផ្អែកលើទិន្នន័យដែលដោះស្រាយឫសគល់នៃបញ្ហាដែលបានកំណត់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសង្គម
- បង្កើនកិច្ចសហប្រតិបត្តិការដោយសម្របសម្រួលភាពជាដៃគូជិតស្និទ្ធរវាងភាគីពាក់ព័ន្ធនិងការចែករំលែកចំណេះដឹងរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពប្រកបដោយភាពច្នៃប្រឌិត និងភាតរភាព
- កសាងសមត្ថភាព ដោយគាំទ្ររដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ក្នុងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានដៅគោលអភិវឌ្ឍន៍ប្រកបដោយចីរភាព
- ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននិងសហគមន៍ និងបង្កើតករណីសិក្សាលើការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាជននៅក្នុងសហគមន៍ដែលបានជ្រើសរើស ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវសង្គមដែលមានលក្ខណៈបរិយាប័ន្ន និរន្តរភាព និងរឹងមាំ
- ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដែលមានប្រយោជន៍ ដល់ភាគីពាក់ព័ន្ធ រួមទាំងអ្នកតាក់តែងគោលនយោបាយ និងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធ។
សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៕
