ព្រឹត្តិការណ៍ចុងក្រោយ

ការឆ្លុះបញ្ចាំងពី AAC2025៖ ការពង្រឹងសេវាទឹកស្អាត និងអនាម័យ (WASH) ដែលធន់នឹងអាកាសធាតុនៅកម្ពុជា
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 1 ធ្នូ 2025 8:00 am > ថ្ងៃ សុក្រ, 5 ធ្នូ 2025 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Canberra & Sydney, Australia

កម្មវិធីពន្លកចំណេះរីករាយក្នុងការចែករំលែកអំពីទស្សនៈ និងបទពិសោធន៍របស់លោកបណ្ឌិត អាង រស្មី អ្នកស្រាវជ្រាវមកពី វិទ្យាស្ថានបណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានតំណាងឱ្យកម្ពុជា ចូលរួមក្នុងសន្និសីទ Australasian AID Conference 2025។  

បណ្ឌិត រស្មី បានបង្ហាញអំពីលទ្ធផលស្រាវជ្រាវក្រោមប្រធានបទ “ការពង្រឹងសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅកម្ពុជា”។ ការស្រាវជ្រាវនេះបង្ហាញថា ការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់កាន់តែខ្លាំងដល់សេវាទឹកស្អាត និងអនាម័យ ជាពិសេសសម្រាប់សហគមន៍ងាយរងគ្រោះ និងសហគមន៍ដែលត្រូវបានផាត់ចេញ។ លោកផ្តោតលើការគាំទ្រដល់អង្គការសង្គមស៊ីវិល សមាគម និងរដ្ឋាភិបាល ក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពី ផែនការទឹកស្អាតដែលធន់នឹងអាកាសធាតុ ព្រមទាំងយល់ដឹងអំពីបញ្ហាប្រឈម និងកត្តាជំរុញដែលមានឥទ្ធិពលលើការអនុវត្តប្រកបដោយចីរភាព ។

បណ្ឌិត រស្មី​ មិនត្រឹមតែចែករំលែកលទ្ធផលស្រាវជ្រាវរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងវេទិកាពិភាក្សាសំខាន់ៗអំពីសន្តិសុខអាកាសធាតុ និងវិធីសាស្ត្រផ្អែកលើបរិបទមូលដ្ឋាន សម្រាប់ការកសាងភាពធន់នឹង អាកាសធាតុ។ ការពិភាក្សានេះបានជួយពង្រឹងការយល់ដឹងរបស់លោកអំពីបរិបទមូលដ្ឋាន និងភាពជាដៃគូសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រ ការបន្សាំដែលមានប្រសិទ្ធភាព។

មុនពេលចូលរួមសន្និសីទ លោកបណ្ឌិត រស្មី បានធ្វើដំណើរទស្សនកិច្ចសិក្សានៅទីក្រុងស៊ីដនី ដែលលោកបានជួបជាមួយអ្នកជំនាញពីសាកលវិទ្យាល័យ Western Sydney វិទ្យាស្ថាន Institute for Sustainable Futures នៃសាកលវិទ្យាល័យ UTS និងមជ្ឈមណ្ឌល Sydney Southeast Asia Centre នៃសាកលវិទ្យាល័យស៊ីដនី។ ការផ្លាស់ប្តូរមតិយោបល់នេះបានបង្កើតកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការរៀបចំកម្មវិធី និងការកសាងសមត្ថភាព ដើម្បីពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជានាពេលអនាគត។

កម្មវិធីពន្លកចំណេះមានមោទណភាពក្នុងការគាំទ្រដៃគូរបស់យើង ដើម្បីលើកស្ទួយការស្រាវជ្រាវរបស់កម្ពុជា និងចូលរួមក្នុងការពិភាក្សាគោលនយោបាយនៅលើឆាកអន្តរជាតិ។ 

ចែករំលែក