ប្រវត្តិអង្គការ
មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍(ADIC) បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជានៅខែមេសា ឆ្នាំ2011។ បេសកកម្មរបស់យើងគឺ “ដើម្បីក្លាយជាស្ថាប័នសិក្សាស្រាវជ្រាវនិងរៀនសូត្រឈានមុខមួយ ធ្វើការជាមួយសហគមន៍ងាយរងគ្រោះ និងសហការជាមួយភ្នាក់ងារអភិវឌ្ឍន៍សំខាន់ៗ ដើម្បីវិភាគបញ្ហាប្រឈមបច្ចុប្បន្ន ព្រមទាំងរួមគ្នាបង្កើតនូវគំនិតផ្តួចផ្តើមសម្រាប់ឆ្លើយតបចំពោះការផ្លាស់ប្តូរសង្គម ប្រកបដោយភាពច្នៃប្រឌិត និងយូរអង្វែង”។ អង្គការបានអនុវត្តការងាររៀបចំសហគមន៍ ការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព (PAR) និង ការស្រាវជ្រាវបែបគោលនយោបាយ ដោយមានគម្រោងជាច្រើនដែលផ្តល់មូលនិធិពីស្ថាប័នអន្តរជាតិ។ កន្លងមក អង្គការបានចាត់ចែងគម្រោងនៃការសិក្សាស្រាវជ្រាវស្របតាមតម្រូវការនិងគម្រោងគាំពារមតិទាក់ទងគោលនយោបាយ នៅតាមបណ្តាខេត្តទាំងប្រាំជុំវិញបឹងទន្លេសាប ដោយមានកិច្ចសហការជាមួយអង្គការ WorldFish និងសាកលវិទ្យាល័យ Mahidol នៃប្រទេសថៃ។ ប្រវត្តិដំបូងនៃការងាររបស់ក្រុមការងាររបស់អង្គការ ADIC គឺបានអនុវត្តតាំងពីឆ្នាំ ២០១១ នៅតំបន់ប៉ែកឦសាន្តនិងខេត្តមួយចំនួនទៀតនៅជុំវិញបឹងទន្លេសាបដូចជាខេត្តកំពង់ធំជាដើម ។ នៅពេលនោះ យើងបានសហការជិតស្និតជាមួយ អង្គការ WorldFish និងបណ្តាអង្គការដៃគូមួយចំនួនទៀត ក្នុងការលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ ដែលគាំទ្រដោយគម្រោង “Strengthening Aquatic Resources Governance (STARGO) 2011-2013” និង “Aquatic Agricultural System (AAS) Program”។ ការផ្តួចផ្តើមនៃគម្រោងនេះ ត្រូវបានប្រើវិធីសាស្ត្រ កិច្ចសហការដើម្បីភាពធន់ (CoRe) និង PAR ដោយគ្របដណ្តប់នៅខេត្តជុំវិញបឹងទន្លេសាប។ ដោយទ្បែក ADIC បានសហការជាមួយសាកលវិទ្យាល័យ Mahidol សម្រាប់ការសិក្សាស្រាវជ្រាវនៅក្នុងតំបន់ មានដូចជា ប្រទេសកម្ពុជា ឡាវ ភូមា និងប្រទេសថៃ លើការលើកកម្ពស់ចំណាកស្រុកដោយសុវត្ថិភាព។ អង្គការក៏បានរួមសហការជាមួយសាកលវិទ្យាល័យ Utah នៅសហរដ្ឋអាមេរិក សម្រាប់ការសិក្សាស្រាវជ្រាវនិងទទួលនិស្សិតចុះកម្មសិក្សាផងដែរ។ លើសពីនេះ ADIC បានចូលរួមសិក្សាស្រាវជ្រាវជាមួយវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍នៃសកលវិទ្យាល័យ Sussex នៃចក្រភពអង់គ្លេស សិក្សាលើបញ្ហាចំណាកស្រុក និង ពលកម្មកុមារ ក្នុងបរិបទកូវីដ ១៩។
សកម្មភាពសំខាន់ៗ
ការងារអាទិភាពនាពេលបច្ចុប្បន្នរួមមាន 1) អភិបាលកិច្ចធនធានធម្មជាតិ 2) ការបង្កើនជីវភាពនិងការអភិវឌ្ឍន៍ទីផ្សារ និង 3) ការឆ្លើយតបទៅនឹងការប្រែប្រួលសង្គម។ យុទ្ធសាស្រ្តរបស់អង្គការគឺក្នុងការផ្តល់នូវការកសាងសមត្ថភាព ផ្ដល់ការគាំទ្រដល់អ្នកដឹកនាំរបស់សហគមន៍និងភ្នាក់ងារអភិវឌ្ឍន៍ ការសិក្សាស្រាវជ្រាវសម្រាប់កម្រិតគោលនយោបាយ និងការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព (PAR) ។ ខាងក្រោមនេះគឺជាគម្រោងចម្បងៗដែលអង្គការបាននិងកំពុងអនុវត្ត៖
ភាពជាដៃគូជាមួយអង្គការមូលនិធីអាស៊ី ក្នុងគម្រោងពន្លកចំណេះ
ដោយទទួលបានជំនួយពី DFAT តាមរយៈអង្គការមូលនិធិអាស៊ី អង្គការ ADICបាននឹងកំពុងអនុវត្តការស្រាវជ្រាវតាមលក្ខណ:ចូលរួមដើម្បីធ្វើសកម្មភាព (PAR) លើគម្រោង “ ពិនិត្យមើលទៅលើសុខុមានភាពសង្គមនៃពលករចំណាកស្រុក និងក្រុមគ្រួសារនៅតាមព្រំដែនកម្ពុជាថៃ ក្នុងបរិបទកូវីដ១៩” នៅក្នុងសហគមន៍ចំនួនបួននៃចំនួន 3 ខេត្តគឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ តាមពិត ស្ថានភាពអូសបន្លាយនៃវិបត្តិកូវីដ ១៩ នៅអាស៊ីអាគ្នេយ៍និងបញ្ហាប្រឈមជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននៅតំបន់ជនបទក្នុងប្រទេសកម្ពុជា បានជំរុញឲ្យប្រជាជនជាច្រើន ហ៊ានពុះពារធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ ត្រឡប់ទៅធ្វើការប្រទេសថៃវិញ ទោះបីជាមានហានិភ័យនៃការឆ្លងជំងឺ និងមានឱកាសតិចសម្រាប់ការងារសមរម្យក៏ដោយ។ មេខ្យល់បានដើរតួនាទីសកម្មទ្បើងវិញ ដើម្បីទទួលបានផលប្រយោជន៍ពីចំណាកពលកម្មដោយប្រថុយប្រថាននិងមិនច្បាស់លាស់ អាចបង្កើតអោយមានហានិភ័យទាក់ទងទៅនឹងការជួញដូរមនុស្ស។
សំណួរស្រាវជ្រាវរួមគឺ៖ តើកូវីដ-១៩ ជះឥទ្ធិពលយ៉ាងដូចម្តេច ដល់លំនាំនៃការធ្វើចំណាកស្រុកនៅកម្ពុជា និងមានអ្វីកើតឡើងចំពោះគ្រួសារងាយរងគ្រោះ ជាពិសេសបញ្ហាសុខុមាលភាពសង្គម? ការស្រាវជ្រាវនេះផ្អែកលើការសិក្សាកន្លងមក ក្នុងឆ្នាំ ២០១៥ និង ២០១៨ ជាពិសេសនៅខេត្តពោធិ៍សាត់ និងបាត់ដំបង។ សារៈសំខាន់នៃការស្រាវជ្រាវនេះគឺថាជាចម្បង ADIC នឹងសិក្សាពីវិធីសាស្រ្តឬរបៀបនៃការធ្វើការងារថ្មីៗជាមួយបញ្ហាចំណាកស្រុក ដែលជាមូលដ្ឋានសំខាន់សម្រាប់ បង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗរបស់ ADIC នៅក្នុងតំបន់ទាំងនោះ ហើយក៏រំពឹងថា អ្នកអនុវត្តន៍គោលនយោបាយតាមសហគមន៍ នឹងបានជ្រាបជាព័ត៌មាន តាមរយ:កម្មវិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ហើយក៏រំពឹងថា ស្ថាប័នផ្សេងទៀត អាចដកស្រង់របកគំហើញ និងមេរៀនសំខាន់ៗ សម្រាប់ការរួមចំណែកដល់ការតាក់តែងគម្រោងរបស់គេនាពេលអនាគត។
លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍។