ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 19 មិថុនា 2024
- ម៉ោង៖ 8:00 am > 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ខេត្តបាត់ដំបង, ប្រទេសកម្ពុជា
មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) បានសម្ពោធគម្រោងស្រាវជ្រាវថ្មីនៅឯស្រុកកំរៀង ខេត្តបាត់ដំបង។
កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ADIC បានសម្ពោធគម្រោងស្រាវជ្រាវស្តីពី៖ “ការកសាងសមត្ថភាពដល់យុវជនតាមរយៈការស្រាវជ្រាវដោយការចូលរួមដើម្បីរួមចំណែកអភិវឌ្ឍផែនការថ្នាក់ក្រោមជាតិអំពីការចំណាកស្រុកឆ្លងដែនប្រកបដោយសុវត្ថិភាពពីកម្ពុជាទៅថៃ” នៅឯវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ កម្មវិធីសម្ពោធគម្រោងស្រាវជ្រាវថ្មីនេះត្រូវបានរៀបចំឡើងដោយ ADIC ដោយមានការរួមសហការនឹងមណ្ឌលទទួលពលករកំរៀង (KMRC) និងសាលាស្រុកកំរៀង។
ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៤២នាក់ (ស្រី១៨នាក់) រួមមាន អភិបាលរងស្រុកកំរៀង ក្រុមប្រឹក្សាឃុំ ប្រធានភូមិ ប្រធានស្តីទីនៃមណ្ឌលទទួលពលករកំរៀង តំណាងយុវជននៃកាកបាទក្រហមកម្ពុជានិងសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តក្នុងភូមិ យុវជន រួមទាំងសិស្សានុសិស្សនៃវិទ្យាល័យកំរៀង។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវព័ត៌មានជូនទៅភាគីពាក់ព័ន្ធអំពីគោលដៅ អត្ថប្រយោជន៍ ការអនុវត្តនៃគម្រោងស្រាវជ្រាវ ក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ។
លោកអភិបាលរងស្រុកកំរៀង បានបញ្ចាក់ទៅលើសារៈសំខាន់នៃគម្រោងស្រាវជ្រាវនេះនៅក្នុងការប្រមូលនូវទិន្នន័យដែលត្រឹមត្រូវសម្រាប់គម្រោងអភិវឌ្ឍន៍ស្រុក។ លោកក៏បានលើកឡើងថា នេះជាលើកទីមួយហើយដែលអង្គការក្រៅរដ្ឋាភិបាលបានផ្តោតលើប្រធានបទនេះនៅក្នុងស្រុកកំរៀង។ លោកក៏បានបង្ហាញក្តីរំពឹងថា តាមរយៈគំនិតផ្តួចផ្តើមនៃការកសាងសមត្ថភាពនេះ យុវជននឹងអាចមានឱកាសក្នុងការជួយដល់ក្រុមប្រឹក្សាឃុំក្នុងការអភិវឌ្ឍគម្រោងឆ្លើយតបទៅនឹងតម្រូវការសហគមន៍។
ដើម្បីស្វែងយល់បន្ថែមអំពីមជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) សូមចុចនូវតំណរភ្ជាប់នេះ៖ មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) | Policy Pulse
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។