បោះពុម្ពផ្សាយ៖27 សីហា 2019

លើកកម្ពស់ការទទួលបានទឹកទទួលទាន និងគុណភាពនៃការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង

ពាក់ព័ន្ធនឹងសកម្មភាពលើកកម្ពស់ការទទួលបានការប្រើប្រាស់ទឹកទទួលទាន និងគុណភាពនៃការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង​ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ ២០១៤-២០១៨ បានកំណត់នូវសកម្មភាពដូចខាងក្រោមៈ

បង្កើតក្របខណ្ឌច្បាប់សម្រាប់ការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង
លើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងវិស័យផ្គត់ផ្គង់ទឹកនៅទីក្រុង
ផ្ទេរស្វយ័តភាពពេញលេញសម្រាប់ការផ្តល់សេវា ទៅឲ្យប្រព័ន្ធគ្រប់គ្រងទឹកនៅតាមខេត្តទាំងអស់
បង្កើនហិរញ្ញវត្ថុរបស់វិស័យនេះ
លើកកម្ពស់ការអនុវត្តន៍​ និងការទទួលបានការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព​ តម្លៃសមរម្យ និងការផ្គត់ផ្គង់ទឹកដែលមាននិរន្តភាព និង
លើកកម្ពស់ការថែរក្សាប្រភពទឹក និងការអនុវត្តន៍បទបញ្ជា។​

(ចំណុចនីមួយៗខាងលើ​ មានសកម្មភាពពិស្តារ​បន្ថែមដែលមានរៀបរាប់នៅក្នុងផែនការយុទ្ធសា្រស្រ្តអភិវឌ្ឍន៍ជាតិ​ ២០១៤-២០១៨)

ក្រសួងឩស្សាហកម្ម និងសិប្បកម្មស​ម្រេចបាននូវការរីកចម្រើនមួយចំនួន​ ពាក់ព័ន្ធទៅនឹងចំណុចដែលមានលើកឡើងខាងលើនេះ​ តាមរបៀបមួយដែលមានលក្ខណៈជាប្រព័ន្ធ ​សហការណ៍ និងតាមដំណាក់កាលតាមរយៈ៖

ដាក់ចេញនូវប្រកាសមួយចំនួន​ (សូម​មើលត្រង់ឯកសារយោង)
ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមទីប្រជុំជន នៅទូទាំងប្រទេស (ដើម្បីលើកកម្ពស់គុណភាព)​ ដែលរួមទាំងគម្រោងហេដ្ឋារ​ចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហ៊ុនទឹកសាធារណៈនៅខេត្តបាត់ដំបង​ កំពត កំពង់ចាម។ វិនិយោគទុនឯកជន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបានលើកទឹកចិត្ត និងកំពុងមានចំនួនកើនឡើង។
បង្កើនសមត្ថភាពអជ្ញាធរទឹកនៅតាមខេត្ត និងមជ្ឈឹម ដើម្បីបង្កើនគុណភាពសេវា ក៏ដូចជានិរន្តភាពគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គភាពផ្គត់ផ្គង់ទឹកនីមួយៗ។
កំណែទម្រង់ស្ថាប័នដែលរួមមានទាំងការធ្វើឲ្យប្រសើឡើងនូវអង្គភាពរដ្ឋាភិបាលដែលពាក់ព័ន្ធ​ និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអជ្ញាធរដែលពាក់ព័ន្ធ ​(ដូចជា ការប្តូរនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត​ ទៅជាអគ្គនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនការគ្រប់គ្រងការផ្គត់ផ្គង់ទឹក និងការអនុវត្តបទបញ្ជាពាក់ព័ន្ធ)។

សកម្មភាពកំណែទម្រង់ទាំងនេះ កំពុងមានវឌ្ឍនភាព​ ប៉ុនែ្តកំណែទម្រង់ខ្លះ បានទទួលផលជាដុំកំភួនរួចហើយ ដែលជាការគួរឲ្យកោតសរសើរ​ សូម្បីតែពីលក្ខណៈស្តង់ដារពិភពលោកៈ

ពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ទិសដៅរបស់គោលដៅទី៧ (ធានាចីរភាពបរិស្ថាន)​ ស្តីពីទឹកស្អាតនៅតាមតំបន់ទីប្រជុំជន​ (៨០ភាគរយនៃប្រជាជននៅតាមតំបន់ប្រជុំជន​ ទទួលបានទឹកស្អាតប្រើប្រាស់ ត្រឹមឆ្នាំ២០១៥) ត្រូវបានសម្រេចជោគជ័យនៅមុនពេលកំណត់។
អជ្ញាធរទឹកនៅតាមខេត្តមួយចំនួន បានធ្វើឲ្យប្រសើឡើងនូវការអនុវត្តហិរញ្ញវត្ថុ។

ចែករំលែក