PUBLISHED: 30 មករា 2020

ក្រមសីលធម៌សម្រាប់ការគាំពារពលករចំណាកស្រុក

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវក្រមសីលធម៌សម្រាប់ភ្នាក់ងារឯកជនជ្រើសរើសពលករ ឱ្យអនុវត្តតាម ក្នុងគោលបំណងបង្កើន និងគាំពារសិទ្ធរបស់ពលករចំណាកស្រុក។ ក្រមសីលធម៌នេះមាន ១២មាត្រា ដែលត្រូវបានរៀបរៀងឡើងដោយសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងសមាគមពលកម្មកម្ពុជា ដោយបានចែងថា រាល់ភ្នាក់ងារឯកជនដែលជ្រើសរើសពលករទាំងអស់ត្រូវគោរពតាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិជាមូលដ្ឋាន ត្រូវមានទំនួលខុសត្រូវ និងគោរពតាមក្រមសីលធម៌នេះនៅពេលជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករចេញទៅបរទេស ដើម្បីធានាអំពីសុវត្ថិភាព និងសិទ្ធិរបស់ពលករទាំងនោះ។

បើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភ្នាក់ងារឯកជនជាង១២០ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងក្នុងការបញ្ជូនពលករទៅក្រៅប្រទេស ហើយក្នុងនោះមានពលករចំនួនប្រហែល ១លាន ២សែននាក់ ត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង។ រៀងរាលឆ្នាំ ពលករទាំងអស់នោះបានផ្ញើប្រាក់ត្រឡប់មកស្រុកវិញប្រមាណ ២ពាន់លាន ដុល្លាអាមេរិក។

ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

Share