អនុក្រឹត្យស្តីពី​ ការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី​ ការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល​។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

ការតម្លើងកម្រិត និងការបង្កើតអង្គភាពសុខាភិបាល

ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួងស្តីពី ការតម្លើងកម្រិត និងការបង្កើតអង្គភាពសុខាភិបាល។ ប្រភព៖ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

ការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមេវជ្ជសាស្រ្តតាមកុំព្យូទ័រ

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ស្តីពី ការក្រើនរំលឹកចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមេវជ្ជសាស្រ្តតាមកុំព្យូទ័រ។ ប្រភព៖ ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

សេចក្តីណែនាំស្តីពីបំរាមការផ្សាយពាណិជ្ជកម្មអំពីផលិតផលថ្នាំជក់

សាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំឱ្យក្រុមហ៊ុនថ្នាំជក់ទាំងអស់បញ្ឈប់ការផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញបារីនៅតាមទីសាធារណៈដែលទង្វើនេះផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់។ ច្បាប់នេះបានហាមរាល់ការផ្សព្វផ្សាយទាំងឡាយណាដែលពាក់ព័ន្ធនឹងបារីនៅតាមទីសាធារណៈ ព្រមទាំងការផ្សាយនៅតាមគេហទំព័រ និងបណ្តាញសង្គម។ ប្រភព៖ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០

អភិបាល​កិច្ច​ប្រព័ន្ធ​សុខាភិបាល

ក. ក្រសួង​សុខាភិបាល(គិត​ត្រឹម​ខែ ឧសភា ឆ្នាំ ២០១៥)បង្ក​លក្ខណៈឲ្យ​មាន​ការទទួល​បាននូវ​សេវា​សុខភាព​សាធារណៈ​ពេញ​លេញមូយដល់​ប្រជាពលរដ្ឋ​ក្រីក្រទាំងអស់ទូទាំងប្រទេសដែល​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថាមាន​ចំនួន ៣,២ លាន​នាក់ តាមរយៈមូលនិធិ​សមធម៌​សុខាភិបាល ។ បន្ថែម​ពី​លើ​សេវា​វេជ្ជសាស្ត្រ មូលនិធិ​សមធម៌​សុខាភិបាល​ក៏​ផ្តល់​ការ​គាំទ្រ​ផ្ទាល់​ដល់ការ​ធ្វើ​ដំណើរ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​អាហារ​ដល់អ្នក​ថែទាំអ្នកជំងឺ​ផងដែរ។​ ខ. ថវិកា​ប្រចាំឆ្នាំ​ត្រូវបាន​ផ្ទេរ​ពី​ការិយាល័យ​កណ្តាល ទៅ​មណ្ឌល​សុខភាព​ តាម​ខេត្ត តាមរយៈ​ប្រព័ន្ធ​ធនាគារ។​ គ. ប្រព័ន្ធ​គ្រប់គ្រង និង​ចុះឈ្មោះ​អ្នក​ជំងឺ​តាម​គេហទំព័រ​ថ្នាក់ជាតិ (PMRS) ត្រូវបាន​បង្កើត​ឡើង ដើម្បី​ផ្តល់​លេខសម្គាល់អត្ត-សញ្ញាណដល់គ្រប់​អ្នក​ជំងឺ​ទាំងអស់ ដែល​បាន​ចុះ​បញ្ជី។ មានមន្ទីរពេទ្យ​ចំនួន ២៧ លើ ៨៨ ផ្តល់សេវាដល់​អ្នក​ជំងឺ​ទូទៅទាំងអស់ ហើយមន្ទីរទាំង ៨៨ ផ្តល់សេវាដល់​ប្រជាពលរដ្ឋ​ក្រីក្រដែលឧបត្ថម្ភដោយ​មូលនិធិសមធម៌​សុខាភិបាល។​ គិត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អ្នក​ជំងឺ​ប្រមាណជា ៦០០០០០ នាក់ បាន​ចុះឈ្មោះ។ ឃ. គណៈវិជ្ជាជីវៈសុខាភីបាល​ចំនួន ៥ ត្រូវបាន​បង្កើតឡើង ដោយ​ព្រះរាជក្រឹត្យ សម្រាប់​គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប ឳសថការី និង​ ទន្តពេទ្យ។ អ្នក​ប្រកប​វិជ្ជាជីវៈ​​វេជ្ជសាស្ត្រ គឺតម្រូវឲ្យ​ចុះ​ឈ្មោះ ហើយ​គណៈវិជ្ជាជីវៈ គឺជា​មូលដ្ឋានសម្រាប់កំណត់ពីអនាគត និង​ពិនិត្យ​តាមដាន​លើ​​ស្តង់ដាគុណភាព។​

លើក​កម្ពស់​វិមជ្ឈការ

ក្រសួង​សុខាភិបាល​​អនុញ្ញាតឲ្យ​មាន​ការ​ផ្ទេរ​មុខងារ​មួយចំនួន​ ទៅ​ថ្នាក់​ក្រោមជាតិ (ស្រុក​ប្រតិបត្តិ)។ បច្ចុប្បន្ន​នេះ មន្ទីរ​សុខាភិបាល​ទទួល​ខុស​ត្រូវ​​លើ​ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន រួម​នឹង​ការ​រៀបចំ​ផែនការ​ថវិកា​ផងដែរ។ អនុប្រធាន​មន្ទីរ​សុខាភិបាល និង​មន្ត្រី​នៅ​ថ្នាក់​ក្រោមៗ អាច​តែងតាំង​ដោយ​អភិបាល​ខេត្ត និង​ក្រុម​ប្រឹក្សា​ខេត្ត​បាន។ មុខងារ​ជា​ច្រើន ដូចជា​ (១)​ ​ការ​ថែទាំ​មណ្ឌលសុខភាព (អនាម័យ អគ្គិសនី ទឹក ។ល។) (២) ផ្តល់ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ដល់​យន្តការ​សុខភាព​សហគមន៍​​ (៣)លើកទឹកចិត្ត​បុគ្គលិក​មណ្ឌល​សុខភាព​ (៤)លើក​កម្ពស់​ការ​ចុះ​ផ្តល់​សេវា​សុខភាព​តាម​សហគមន៍ និង​ការ​ប្រចាំការ​ ២៤ ម៉ោង (៥) ឧបត្ថម្ភតាម​កាល​កំណត់​ដល់​​គាំទ្រ​ផ្នែកបច្ចេកទេសលើការ​ធ្វើ​រោគវិនិច្ឆ័យ ​ និង​ការ​គាំទ្រ​ជា​ប្រចាំពី​វេជ្ជបណ្ឌិត (៥) ពង្រឹងយន្ត​ការ​តាមដាន ​វាយតម្លៃ និង​ត្រួតពិនិត្យ។ ថវិកា ១៥ ម៉ឺន​ដុល្លារ ត្រូវបាន​ផ្ទេរ ទៅ​ស្រុក​ចំនួន ៥ ក្នុង​ខេត្ត​ពោធិសាត់ និង​ខេត្ត​បាត់ដំបង ត្រឹម​ចុង​ឆ្នាំ​ ២០១៤។

​ពង្រឹង​គុណភាព​និស្សិត​បញ្ចប់​​ការសិក្សា​ជំនាញ​សុខាភិបាល

ការ​ប្រលង​ចេញ​ថ្នាក់ជាតិ​ត្រូវ​បាន​អនុវត្ត​ប្រចាំឆ្នាំ សម្រាប់​គ្រប់​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ ទាំងនៅសាកលវិទ្យាល័យ​ឯកជន និង​រដ្ឋ ដែលបាន​ចាប់ផ្តើម​ធ្វើឡើង ក្នុង​ឆ្នាំ ២០១៣។ កាលពីពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បាន​កោះ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយជាមួយ​គ្រប់​គ្រឹះស្ថាន​ឯកជនដែល​ផ្តល់​ការអប់រំ​វិជ្ជាជីវៈ​សុខាភិបាលទាំងអស់ ដើម្បី​ពិភាក្សាលើការ​ពង្រឹង​គុណភាពអប់រំ​ ជំនាញ​សុខាភិបាល (ការ​ប្រលង​ចូល និង​ចេញ កម្មវិធីសិក្សា ការ​ចុះកម្ម​សិក្សា)។

ច្បាប់និងបទដ្ឋានគតិយុទ្ធ

ក. ច្បាប់​ស្តីពី​វិជ្ជាជីវៈសុខាភិបាល៖ ក្រោយ​ពី​មាន​ការ​ផ្ទុះ​មេរោគ​អេដស៍​នៅ​ភូមិ​រកា រួម​នឹង​សម្ពាធ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន នៅ​ចុង​ឆ្នាំ ២០១៥ ក្រសួង​សុខាភិបាល​កំពុង​រៀបចំ​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈសុខាភិបាល ដូចជា វេជ្ជបណ្ឌិត ឳសថការី ទណ្ឌពេទ្យ ឆ្មប និង​គិលានុបដ្ឋាក/យិកា។ ច្បាប់​នេះ​នឹង​ធានា​បាននូវសុវត្ថិភាព​អ្នក​ជំងឺ ក៏ដូចជាគុណភាព​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ និង​ឯកជន ក្នុង​ប្រទេស​កម្ពុជា។​ ខ. ច្បាប់ស្តីពី​ការ​គ្រប់គ្រងគ្រឿងស្រវឹង៖ ច្បាប់នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​គ្រប់គ្រងការ​លក់ និង​ការ​ប្រើប្រាស់គ្រឿងស្រវឹងតាមរយៈការ​កំណត់អាយុ​សម្រាប់​ទទួលទានគ្រឿងស្រវឹង និង​ការ​ដាក់កំហិត​លើភាពងាយស្រួល​ក្នុង​ការ​ទិញគ្រឿងស្រវឹង និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹងផងដែរ។​ គ. ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថ្នាំជក់៖ ច្បាប់នេះ​មាន ១៣ ជំពូក និង​ ៤៩ មាត្រា ដែល​មាន​គោលបំណង​អប់រំ និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់។ See original documents here and here.