PUBLISHED: 27 សីហា 2019

កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ

ក.ប្រព័ន្ធ​ព័ត៌មាន​វិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៖ ប្រព័ន្ធ​ព័ត៌មាន​វិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ (FMIS Go-Live 1)​ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅ​ថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ២០១៥ ដើម្បី​កែលម្អ​ការ​ប្រើប្រាស់​ថវិការ​ឱ្យកាន់តែប្រសើរឡើង តាមរយៈ​​ការ​ទូទាត់​ប្រាក់ដែល​ត្រូវបានកែលម្អឱ្យប្រសើរ​ និង​ស្វ័យប្រវត្តិ ការ​ទទួលចំណូល (ការប្រមូល និង​ការ​ផ្ញើ) និង​គណនេយ្យ និង​ការរាយការណ៍​នៅក្នុង​រតនាគារ​កណ្ដាល និង​ខេត្ត។ ប្រព័ន្ធ​នេះ​ត្រូវបាន​បំពាក់​នៅនាយកដ្ឋាន​នានា​នៃក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ និង​រតនាគារ​ខេត្តទាំង ២៤។ ប្រព័ន្ធ​នេះ​ផ្ដល់ភាព​​ឆាប់រហ័ស និង​ងាយស្រួល​​ក្នុងការ​ទទួល​បាននូវព័ត៌មាន​ហិរញ្ញវត្ថុ ដោយ​អាចឲ្យគេទាញយករបាយការណ៍​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​​បាន។

ខ.កំណែទម្រង់រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ៖ ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការចុះបញ្ជី​សហគ្រាសមួយ​ តាមរយៈ​ប្រព័ន្ធ​មូលដ្ឋានទិន្នន័យ​មជ្ឈការមួយ ការបង្កើត​ផ្នែក​សេវា​ផ្ដល់​ព័ត៌មាន និងការិយាល័យ​ទំនាក់ទំនង​សាធារណៈ​មួយ នៅ​នាយកដ្ឋាន​​ផ្ដល់សេវាអ្នកបង់ពន្ធ និង​បំណុលពន្ធ និង​ការិយាល័យ​ប្រឹក្សាយោបល់​ពន្ធមួយ​នៅ​នាយកដ្ឋាននីមួយៗ និង​នៅ​សាខាស្រុក/ខេត្ត ការរៀបចំ​របាយការណ៍​ស្ដង់ដារ​មួយ​អំពី​ការរៀបចំឯកសារ​ប្រចាំខែ​សម្រាប់​រាល់ពន្ធគ្រប់​ប្រភេទ​ទាំង​អស់ នៅក្នុង​អង្គភាព​នីមួយៗ ការបង្កើត និង​អនុវត្ត​យន្តការផ្តល់ប្រាក់​លើកទឹកចិត្ត​សម្រាប់​សវនករ ផ្អែកលើ​លទ្ធផល​ការងារ​ជាក់ស្ដែង និង​ការ​ចងក្រង​សៀវភៅណែនាំស្ដីពីសិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នកបង់ពន្ធ​ទាក់ទ​ង​នឹង​សវនកម្ម។ ​

គ.កំណែទម្រង់​រដ្ឋបាល​សម្រាប់​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ៖ ការពង្រឹង​ប្រព័ន្ធប្រតិវេទន៍គយ​ដោយស្វ័យប្រវត្តិ និង​ការផ្សារភ្ជាប់​ទៅវិញទៅមកជាមួយ​ប្រព័ន្ធ​សហគមន៍កំពងផែ ការដំឡើង​ប្រព័ន្ធ​មូលដ្ឋានទិន្នន័យ​គ្រប់គ្រង​ហានិភ័យ​គយ (CRMDS) ការអនុវត្ត​យន្តផ្តល់ប្រាក់លើកទឹកចិត្ត​សម្រាប់​ពាណិជ្ជករ​ដែល​គោរពវិន័យខ្ពស់ និង​ការ​បង្កើនចំនួន​ប្រអប់​ដាក់ពាក្យបណ្ដឹងតវ៉ាគយ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅតាមព្រំដែនសំខាន់ៗ។

ឃ- ការពង្រឹង​រដ្ឋបាល​ចំណូលមិនមែនពន្ធ៖ ការចាត់តាំង​មន្ត្រីពី​កម្រិតគ្រប់គ្រង​នៃ​ក្រសួងពាក់ព័ន្ធដែលមានតួនាទីក្នុង​ការ​ប្រមូល​ចំណូល​មិនមែនពន្ធ​ ​ឱ្យ​ទទួលបន្ទុក​លើ​ការ​ពិនិត្យតាមដាន ការ​កត់ត្រា ការ​ប្រមូល​ចំណូល និង​ការ​ចាត់វិធានការ​នៅក្នុងការ​ប្រមូល​បំណុល ការ​ជំរុញការប្រើប្រាស់​ប្រព័ន្ធធនាគារ​សម្រាប់​​ការ​ផ្ទេរ​ចំណូល ការ​ជំរុញ​ការ​ផ្ទេរ​ចំណូល​មិនមែនពន្ធ​ពី​ក្រសួង​ពាក់ព័ន្ធដាក់​ទៅគណនីតែមួយ​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិឱ្យបានទាន់ពេលវេលា ការ​ជំរុញការប្រើប្រាស់​ប្រព័ន្ធ​ធនគារ​សម្រាប់​ការ​ផ្ទេរ​ចំណូល ការ​កែលម្អ​ស្ដង់ដារ​នៃ​សេវាសាធារណៈឱ្យប្រសើរឡើង ដើម្បី​ធ្វើការ​ទូទាត់​ចំណូល​មិនមែនពន្ធ​ឲ្យកាន់តែមានភាពងាយស្រួល និង​ការ​ផ្ទេរសិទ្ធិអំណាច និង​ការ​ផ្ដល់​ធនធានឲ្យបានគ្រប់គ្រាន់​ដល់​មន្ត្រីដើម្បីធ្វើការ​ពិនិត្យតាមដាន និង​ប្រមូល​ចំណូលមិនមែនពន្ធ។

See original documents here.

Share