PUBLISHED: 27 សីហា 2019
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក.ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៖ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ (FMIS Go-Live 1) ត្រូវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៥ ដើម្បីកែលម្អការប្រើប្រាស់ថវិការឱ្យកាន់តែប្រសើរឡើង តាមរយៈការទូទាត់ប្រាក់ដែលត្រូវបានកែលម្អឱ្យប្រសើរ និងស្វ័យប្រវត្តិ ការទទួលចំណូល (ការប្រមូល និងការផ្ញើ) និងគណនេយ្យ និងការរាយការណ៍នៅក្នុងរតនាគារកណ្ដាល និងខេត្ត។ ប្រព័ន្ធនេះត្រូវបានបំពាក់នៅនាយកដ្ឋាននានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគារខេត្តទាំង ២៤។ ប្រព័ន្ធនេះផ្ដល់ភាពឆាប់រហ័ស និងងាយស្រួលក្នុងការទទួលបាននូវព័ត៌មានហិរញ្ញវត្ថុ ដោយអាចឲ្យគេទាញយករបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងបាន។
ខ.កំណែទម្រង់រដ្ឋបាលនៃអគ្គនាយកដ្ឋានពន្ធដារ៖ ការបង្កើតប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីសហគ្រាសមួយ តាមរយៈប្រព័ន្ធមូលដ្ឋានទិន្នន័យមជ្ឈការមួយ ការបង្កើតផ្នែកសេវាផ្ដល់ព័ត៌មាន និងការិយាល័យទំនាក់ទំនងសាធារណៈមួយ នៅនាយកដ្ឋានផ្ដល់សេវាអ្នកបង់ពន្ធ និងបំណុលពន្ធ និងការិយាល័យប្រឹក្សាយោបល់ពន្ធមួយនៅនាយកដ្ឋាននីមួយៗ និងនៅសាខាស្រុក/ខេត្ត ការរៀបចំរបាយការណ៍ស្ដង់ដារមួយអំពីការរៀបចំឯកសារប្រចាំខែសម្រាប់រាល់ពន្ធគ្រប់ប្រភេទទាំងអស់ នៅក្នុងអង្គភាពនីមួយៗ ការបង្កើត និងអនុវត្តយន្តការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់សវនករ ផ្អែកលើលទ្ធផលការងារជាក់ស្ដែង និងការចងក្រងសៀវភៅណែនាំស្ដីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបង់ពន្ធទាក់ទងនឹងសវនកម្ម។
គ.កំណែទម្រង់រដ្ឋបាលសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖ ការពង្រឹងប្រព័ន្ធប្រតិវេទន៍គយដោយស្វ័យប្រវត្តិ និងការផ្សារភ្ជាប់ទៅវិញទៅមកជាមួយប្រព័ន្ធសហគមន៍កំពងផែ ការដំឡើងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រប់គ្រងហានិភ័យគយ (CRMDS) ការអនុវត្តយន្តផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ពាណិជ្ជករដែលគោរពវិន័យខ្ពស់ និងការបង្កើនចំនួនប្រអប់ដាក់ពាក្យបណ្ដឹងតវ៉ាគយនៅប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនសំខាន់ៗ។
ឃ- ការពង្រឹងរដ្ឋបាលចំណូលមិនមែនពន្ធ៖ ការចាត់តាំងមន្ត្រីពីកម្រិតគ្រប់គ្រងនៃក្រសួងពាក់ព័ន្ធដែលមានតួនាទីក្នុងការប្រមូលចំណូលមិនមែនពន្ធ ឱ្យទទួលបន្ទុកលើការពិនិត្យតាមដាន ការកត់ត្រា ការប្រមូលចំណូល និងការចាត់វិធានការនៅក្នុងការប្រមូលបំណុល ការជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារសម្រាប់ការផ្ទេរចំណូល ការជំរុញការផ្ទេរចំណូលមិនមែនពន្ធពីក្រសួងពាក់ព័ន្ធដាក់ទៅគណនីតែមួយនៃអគ្គនាយកដ្ឋានរតនាគារជាតិឱ្យបានទាន់ពេលវេលា ការជំរុញការប្រើប្រាស់ប្រព័ន្ធធនគារសម្រាប់ការផ្ទេរចំណូល ការកែលម្អស្ដង់ដារនៃសេវាសាធារណៈឱ្យប្រសើរឡើង ដើម្បីធ្វើការទូទាត់ចំណូលមិនមែនពន្ធឲ្យកាន់តែមានភាពងាយស្រួល និងការផ្ទេរសិទ្ធិអំណាច និងការផ្ដល់ធនធានឲ្យបានគ្រប់គ្រាន់ដល់មន្ត្រីដើម្បីធ្វើការពិនិត្យតាមដាន និងប្រមូលចំណូលមិនមែនពន្ធ។
See original documents here.