វិស័យស្រាវជ្រាវនៅកម្ពុជា
ស្ថាប័ន/អ្នកស្រាវជ្រាវ៖ ស្ថានភាព បញ្ហាប្រឈម និងអនុសាសន៍សម្រាប់កម្មវិធី
នៅខែឧសភា ឆ្នាំ២០១៩ អង្គការមូលនិធិអាស៊ី និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានសហការក្រុមជំនាញការចំនួន ៣រូប ដើម្បីសិក្សាវាយតម្លៃ កំណត់ឧបសគ្គ /កត្តារឹតត្បិតសំខាន់ៗដែលរារាំងដំណើរការនៃវិស័យស្រាវជ្រាវ ព្រមទាំង ស្វែងរកមុខងារចាំបាច់នានា ដើម្បីពង្រឹងវិស័យស្រាវជ្រាវ ។ ការសិក្សាមានគោលបំណងសំខាន់ៗបីគឺ៖
- ពិនិត្យឡើងវិញនូវបញ្ហាអភិវឌ្ឍន៍ក្នុងប្រទេស ដែលកំពុងតែកើតមានឡើង និងកំណត់ពីវិស័យអាទិភាព នានា ឱ្យស្របគ្នាទៅនឹងគោលការណ៍សមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន (GESI)
- កំណត់និយមន័យនៃពាក្យថាវិស័យស្រាវជ្រាវ និងកំណត់ស្ថានភាពនៃស្ថាប័នស្រាវជ្រាវ ដែលពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោល ទៅក្នុងដំណើរការរៀបចំបង្កើតគោលនយោបាយ
- ពិនិត្យមើលឡើងវិញនូវសមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន (GESI) ដែលមាននៅក្នុងរបៀបវារៈអភិវឌ្ឍន៍ប្រទេស និងនៅក្នុងវិស័យស្រាវជ្រាវ។
នៅក្នុងការសិក្សានេះ យើងបានយកនិយមន័យពាក្យថា ប្រព័ន្ធស្រាវជ្រាវ មកប្រើ ដែលវារៀបចំបង្កើតឡើងដោយការផ្ដួចផ្ដើមលើវិស័យស្រាវជ្រាវនៅប្រទេសឥណ្ឌូនេស៊ី (AusAID ២០១២) ដែលមានន័យថា “ធាតុផ្សំក្នុងស្ថាប័ន (institutional landscape) របស់ក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គការសង្គមស៊ីវិលដែលបានផ្ដល់លទ្ធផលនៃការស្រាវជ្រាវ និងការវិភាគនានា ដើម្បីចូលរួមចំណែកគាំទ្រដល់ការរៀបចំគោលនយោបាយសាធារណៈ”។ ដើម្បីកំណត់ និងវាយតម្លៃលើវិស័យស្រាវជ្រាវ ក្រុមការងារបានពិនិត្យមើលឡើងវិញលើឯកសារគោលនយោបាយសំខាន់ៗស្ដីពីយុទ្ធសាស្ត្រសេដ្ឋកិច្ច និងទិសដៅរបស់វិស័យស្រាវជ្រាវក្នុងប្រទេសកម្ពុជា ធ្វើសម្ភាសជាមួយអ្នកផ្ដល់ព័ត៌មានគន្លឹះចំនួន ២៣រូប និងបាន ផ្ទៀងផ្ទាត់លទ្ធផលជាមួយអ្នកឯកទេស និងអ្នកពាក់ព័ន្ធនានា។
របកគំហើញសំខាន់ៗរបស់ការសិក្សាមាន៖
- ការពិនិត្យមើលលើឯកសារពិគ្រោះនានាដែលពាក់ព័ន្ធជាមួយគោលនយោបាយ បានរកឃើញថា ប្រទេសកម្ពុជាមានវឌ្ឍនភាពលើការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច។ ដើម្បីរក្សាបានវឌ្ឍនភាពនេះក្នុងអំឡុងរយៈពេល ១០ ឆ្នាំទៅមុខ ប្រទេសកម្ពុជាចាំបាច់ត្រូវពឹងផ្អែក ទៅលើកត្តាក្នុងប្រទេស និងកត្តាពីខាងក្រៅដែលរួមមានសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់ ការអភិវឌ្ឍជំនាញ និងការងារ កំណែទម្រង់អភិបាលកិច្ច និងការពង្រីកប្រព័ន្ធគាំពារសង្គម
- យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រដ្ឋាភិបាល គឺជាកូនសោរដ៏សំខាន់ដើម្បីជំរុញដល់វិស័យស្រាវជ្រាវ។ យុទ្ធសាស្ត្រនេះ ចែងអំពីគោលដៅចំនួន ៤ សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៣ រួមមាន៖ កំណើន និងស្ថិរភាពសេដ្ឋកិច្ច ការងារ និងជំនាញ ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ និងអភិបាលកិច្ចល្អ។ ដើម្បីសម្រេចបានគោលដៅទាំងអស់នេះ រដ្ឋាភិបាលកម្ពុជានឹងផ្តោតលើវិស័យយុទ្ធសាស្ត្រចំនួន ៤ គឺ៖ ការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងមុខរបរ និងការអភិវឌ្ឍប្រកបដោយចីរភាព
- ការរកឃើញបង្ហាញថា វិស័យគោលនយោបាយមួយចំនួន បានផ្ដល់ឱកាសដល់ការពង្រឹងសមត្ថភាពស្រាវជ្រាវក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានព័ត៌មានសម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ។ វិស័យគោលនយោបាយទាំងអស់នោះរួមមានដូចជា មុខរបរ ជំនាញ និងទេសន្តប្រវេសន៍ គោលនយោបាយការបរទេស រួមទាំងសមាហរណកម្មសេដ្ឋកិច្ចតំបន់ កិច្ចគាំពារសង្គម ភាពងាយរងគ្រោះផ្នែកសង្គមក្នុងតំបន់ទីប្រជុំជន ការផ្ដល់សេវាសាធារណៈ និងនវានុវត្តន៍ និងកសិកម្ម
- សមាសធាតុដ៏សំខាន់មួយរបស់វិស័យស្រាវជ្រាវក្នុងប្រទេសកម្ពុជាគឺ វត្តមានរបស់ជនជាតិកម្ពុជាវ័យ ក្មេងដែលបានទៅសិក្សានៅក្រៅប្រទេស ហើយបច្ចុប្បន្នបានប្រមូលផ្ដុំទៅជាក្រុមអ្នកជំនាញអាជីព អ្នកប្រកបវិជ្ជាជីវៈ និងសហគ្រិន ព្រមទាំងអ្នកធ្វើការនៅតាមសាកលវិទ្យាល័យឯកជន ដែលប្ដេជ្ញាចិត្តទៅក្នុងការស្រាវជ្រាវ និងការវិភាគ ហើយចង់ឱ្យការស្រាវជ្រាវ និងការវិភាគទាំងនោះក្លាយជាមូលដ្ឋានព័ត៌មានសម្រាប់ការសម្រេចចិត្តគោលនយោបាយ។
- វិទ្យាស្ថានស្រាវជ្រាវ ឬស្ថាប័នស្រាវជ្រាវមួយចំនួនតូច មានទំនាក់ទំនងយ៉ាងស្អិតរមួត នៅក្នុងរង្វង់ការបង្កើតគោលនយោបាយ
- សម្រាប់ប្រធានបទទាក់ទងជាមួយសមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន ដៃគូអភិវឌ្ឍន៍បានផ្ដល់មូលនិធិដើម្បីធានាថាការស្រាវជ្រាវ ការវិភាគ និងទិន្នន័យដែលគាំទ្រដល់គោលនយោបាយសម្រាប់ការអភិវឌ្ឍ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន ដោយក្នុងនោះរួមមាន៖ ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី កិច្ចគាំពារសង្គម ការកាត់បន្ថយអំពើហិង្សាលើស្ត្រីជាដើម។ ដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា DFAT និងទីភ្នាក់ងារអង្គការសហប្រជាជាតិជាដើម កំពុងផ្ដល់ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវ ដែលធ្វើការលើផ្នែកសមភាពយេនឌ័រ និងសង្គមបរិយាប័ន្ន ដើម្បីឱ្យពួកគេអាចកសាងសមត្ថភាព និងបណ្ដាញ ក្នុងទស្សនវិស័យរយៈពេលវែង ដើម្បីបង្កើនចំនួន និងគុណភាពការស្រាវជ្រាវផ្នែកសមភាពយេនឌ័រ និងសង្គមបរិយាប័ន្ននាពេលអនាគត
- ការសរសេរឯកសារស្រាវជ្រាវភាគច្រើនរបស់ស្ថាប័នស្រាវជ្រាវ និងវិទ្យាស្ថានស្រាវជ្រាវ គឺអនុវត្តតាមដំណើរការស្រាវជ្រាវស្តង់ដារ ដោយចាប់ផ្ដើមចេញពីការសិក្សាបង្កើតគម្រោង រួចបន្តឈានទៅដល់ការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ។ យើងអាចឃើញថា មានវិសាលភាពសម្រាប់នវានុវត្តន៍បន្ថែមទៀតទាក់ទងជាមួយការចូលរួមផ្នែកគោលនយោបាយរបស់ស្ថាប័នស្រាវជ្រាវកម្ពុជា ជាមួយស្ថាប័នរដ្ឋាភិបាល។
សូមចុចតំណភ្ជាប់ នេះ ដើម្បីអានរបាយការណ៍សង្ខេប
សូមចុចតំណភ្ជាប់ នេះ ដើម្បីអានរបាយការណ៍ទាំងស្រុង