សាវតារ 

អង្គការភូមិខ្ញុំ (MVi) គឺជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក​ ​ដែល​បាន​ចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧។ អង្គការភូមិខ្ញុំ បាន​ទទួល​ពានរង្វាន់សម្រាប់អភិបាលកិច្ច និងការអនុវត្តវិជ្ជាជីវៈសម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO GPP) ពីរដងចាប់តាំង​ពីឆ្នាំ 2012។ បច្ចុប្បន្ន អង្គការភូមិខ្ញុំ ធ្វើការជាមួយជនជាតិដើមភាគតិចជាច្រើនដូចជា ពូនង(ព្នង) គួយ ស្ទៀង គ្រឹង ព្រៅ និង កាវ៉ែត​ ជាដើម ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។ ចាប់តាំងពីឆ្នាំ ២០០៦ មក អង្គការភូមិខ្ញុំ បានអនុវត្ត​ផែនការ​យុទ្ធសាស្ត្រចំនួនបី ដើម្បីគាំទ្រដល់សហគម​ន៍ជនបទ​​ និងជួយគាំទ្រជនជាតិដើមភាគតិច​ក្នុង​ខេត្ត​ចំនួនបីគឺ ស្ទឹងត្រែង ក្រចេះ និង​មណ្ឌល​គិរី។ យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៣ អនុវត្ត​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី​។ អង្គការភូមិខ្ញុំ ​បានកំពុងក្លាយជាស្ថាប័នស្រាវជ្រាវដែលកំពុងលេច​ធ្លោនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាមួយនឹង​ការស្រាវជ្រាវ​តាមសហគមន៍សម្រាប់ការ​បង្កើតគោលនយោបាយ ​ដោយមានការ​គាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈ កម្មវិធីពន្លកចំណេះដំណាក់កាលទី២ របស់អង្គការមូលនិធិអាស៊ី។ 

ចក្ខុវិស័យ

សហគមន៍ជនជាតិដើមភាគតិច និង​សហគមន៍មូលដ្ឋានមានភាពជា​ម្ចាស់កាន់​តែច្រើន និងមានគុណភាពជីវិតកាន់តែប្រសើរ។ 

បេសកកម្ម

ពង្រឹងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ឲ្យមានសមត្ថកិច្ច ស្ថាប័នមូលដ្ឋាន ដែលមានការទទួលស្គាល់ពេញលេញ និង​ទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍមូលដ្ឋាន។ 

គុណតម្លៃ

  • តម្លាភាព និងគណនេយ្យភាពបង្កើតការជឿទុកចិត្តក្នុងចំណោមស្ថាប័នពាក់ព័ន្ធ។ 
  • ការរៀនសូត្របន្ថែមដើម្បីទទួលបានគំនិតផ្តួចផ្តើមថ្មីៗ និង​បង្កើនប្រសិទ្ធភាព​ការងារ និងនាំទៅរកការសម្រេចគោលដៅរបស់អង្គការ។ 
  • បណ្តាញនាំទៅរកសាមគ្គីភាពកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការល្អ។ 
  • សេចក្តីថ្លៃថ្នូរ បង្កើនកេរ្តិ៍ឈ្មោះស្ថាប័ន

គោលដៅ

ដើម្បីលើកកម្ពស់ជីវភាព និងស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ជនជាតិដើមភាគតិច និងជនងាយរងគ្រោះចំនួន ៩០ សហគមន៍។

សកម្មភាពសំខាន់ៗរបស់ភូមខ្ញុំ

  • ការគ្រប់គ្រងធនធានធម្មជាតិ 
  • ការប្រែប្រួលអាកាសធាតុ និងជម្រើសថាមពលកកើតឡើងវិញរបស់សហគមន៍ 
  • ផលិតកម្ម និងទីផ្សារកសិកម្មទំនើប 
  • គណនេយ្យភាពសង្គម 
  • និរន្តរភាពអង្គការ 
  • គាំទ្រសហគមន៍ងាយរងគ្រោះ និងលើកកំពស់ជីវភាពជនជាតិដើមភាគតិច 
  • ការស្រាវជ្រាវតាមសហគមន៍ 

ភាព​ជា​ដៃគូ​ជាមួយកម្មវិធីពន្លកចំណេះ 

នៅក្រោមភាពជាដៃគូជាមួយ កម្មវិធីពន្លកចំណេះដំណាក់កាលទី២ អង្គការភូមិខ្ញុំ មានគោលបំណងពង្រឹង​ការ​ស្រាវ​ជ្រាវ​តាមសហគមន៍នៅថ្នាក់ឃុំ និងភូមិ ដោយផ្តោតលើ «ការវិភាគ​នៃការបែង​ចែក​ថវិកា​ឃុំសម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា​ទៅលើ​សហគមន៍​ដែល​ខ្វះ​ខាត៖ ករណីសិក្សារបស់រដ្ឋបាលឃុំក្នុងខេត្តស្ទឹងត្រែង។» 

ការស្រាវជ្រាវនេះមានគោលបំណងចំនួនបួន៖ 

  • វាយតម្លៃការអនុវត្តការបែងចែកថវិកាបច្ចុប្បន្នរបស់រដ្ឋបាលឃុំសម្រាប់គម្រោងទាក់ទង​នឹង​ការប្រែប្រួលអាកាសធាតុក្នុងខេត្តស្ទឹងត្រែង 
  • វិភាគ​ការ​ចូល​រួម​របស់​ក្រុមងាយ​រង​គ្រោះ​ក្នុង​ការ​រៀបចំ​ថវិកា​សហគមន៍​សម្រាប់​ដំណោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ខេត្ត​ស្ទឹងត្រែង 
  • ពិនិត្យផលប៉ះពាល់នៃគម្រោងការប្រែប្រួលអាកាសធាតុដែលផ្តល់មូលនិធិតាមរយៈថវិការដ្ឋបាលឃុំ ទៅលើក្រុមជនងាយរងគ្រោះ ក្នុងខេត្តស្ទឹងត្រែង
  • កំណត់ពីឧបសគ្គសំខាន់ៗដែលរដ្ឋបាលឃុំជួបប្រទះក្នុងការបែងចែកថវិកាសម្រាប់គំនិតផ្តួចផ្តើមការប្រែប្រួលអាកាសធាតុក្នុងខេត្តស្ទឹងត្រែង

សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការភូមិខ្ញុំ (MVi)៕