មជ្ឈមណ្ឌលខេមរសិក្សា គឺជាស្ថាប័នស្រាវជ្រាវ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងមានដំណើរការនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ មជ្ឈមណ្ឌលខេមរសិក្សា មានភាពលេចធ្លោក្នុងចំណោមសិស្ស និស្សិត និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស សម្រាប់ការចូលរូមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងការគាំទ្រ ឧត្តមសិក្សានៅកម្ពុជា។ មជ្ឈមណ្ឌលខេមរសិក្សា បានសម្រេចកិច្ចការទាំងអស់នេះបានតាមរយៈការផ្ដល់ជំនួយថវិការបស់ខ្លួន សម្រាប់ការស្រាវជ្រាវថ្នាក់បណ្ឌិត និងក្រោយបណ្ឌិត កម្មវិធីបណ្ដុះបណ្ដាលបញ្ញវ័ន្ដ វ័យក្មេង ភាសា និងវប្បធម៌ និងកម្មវិធីបណ្ដុះបណ្តាលសមត្ថភាពសិក្សាស្រាវជ្រាវ បណ្ដាល័យស្រាវជ្រាវ និងកម្មវិធីបកប្រែសៀវភៅសំខាន់ៗជាភាសាខ្មែរ ដូចជាសៀវភៅប្រវត្ដិសាស្រ្ដខ្មែររបស់លោក ដេវិឌ ឆាណ្ឌល័រ ឬធ្វើការបោះពុម្ភផ្សាយទិនានុប្បវត្ដិស្រាវជ្រាវឯករាជ្យជា ៣ភាសា រួមទាំងភាសាខ្មែរផងដែរ។ ក្នុងចំណោមស្ថាប័នស្រាវជ្រាវក្រោយសម័យសង្គ្រាមដ៏ចំណាស់ជាងគេមួយក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលខេមរសិក្សា បានបង្កើតទំនាក់ទំនងយ៉ាងរឹងមាំជាមួយ សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងវប្បធម៌ជាច្រើននៅសហរដ្ឋអាមេរិច អឺរ៉ុប អូស្រ្តាលី និងអាស៊ីអាគ្នេយ៍។ កម្មវិធីស្រាវជ្រាវរបស់ មជ្ឈមណ្ឌលខេមរសិក្សា បានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ និងបានដំណើរការដោយជោគជ័យរហូតមកដល់សព្វថ្ងៃ។ កម្មវិធីទាំងអស់នោះ ត្រូវបានអនុវត្តជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន តាមរយៈកម្មវិធីអាហារូបករណ៍ សិក្ខាសាលា និងបណ្ណាល័យ។ ចាប់តាំងពីការបើកដំណើរការ ក្រោមមូលនិធិពីម្ចាស់ជំនួយ និងដៃគូខាងក្រៅ មជ្ឈមណ្ឌលខេមរសិក្សា បានគ្រប់គ្រងធនធានរបស់ខ្លួនទាំងអស់ ប្រកបដោយទំនួលខុសត្រូវ តម្លាភាព និងការយកចិត្តទុកដាក់។
ក្រោមកម្មវិធីពន្លកចំណេះ ដំណាក់កាលទី២ មជ្ឈមណ្ឌលខេមរសិក្សា មានគោលបំណងលើកកម្ពស់លទ្ធភាពទទួលបាន ចំណេះដឹង ជំរុញឧត្ដមភាពសិក្សា និងសម្របសម្រួលការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។ កម្មវីធីនេះ រាប់បញ្ចូលទាំងគំនិតផ្ដួចផ្ដើម ដើម្បីពង្រីក និងបង្កើនធនធានបណ្ណាល័យ គាំទ្រកម្មវិធីអាហារូបករណ៍ សម្រាប់សិស្សនិស្សិតថ្នាក់អនុបណ្ឌិត (ឬហៅថា Ponlok Chomnes Research Fellowship Program) ដែលផ្តោតលើប្រធានបទសំខាន់ៗដូចជា បម្រែបម្រួលអាកាសធាតុ យេនឌ័រ បរិយាបន្ន ជនជាតិភាគតិច និងភាពចម្រុះ ព្រមទាំងការបញ្ចប់ការសិក្សាលើការវាយតម្លៃសមត្ថភាពស្រាវជ្រាវ (ឬហៅថា Research Capacity Assessment) បានយ៉ាងទូលំទូលាយ។ លើសពីនេះទៅទៀត កម្មវិធីរបស់ មជ្ឈមណ្ឌលក្រោមកម្មវិធីពន្លកចំណេះ នឹងផ្ដល់ជូននូវសិក្ខាសាលាបណ្ដុះបណ្ដាលសមត្ថភាពស្រាវជ្រាវ និងបណ្ដាល័យ ដើម្បីពង្រឹងបន្ថែមដល់អ្នកស្រាវជ្រាវ និងអ្នកសិក្សា។ កម្មវិធីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍដល់យុវជនកម្ពុជាជំនាន់ក្រោយ ។
សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលខេមរសិក្សា។