សាវតារ
សមាគមកុមាររីករាយដែលមានឈ្មោះជាអក្សរកាត់ KMR ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ១៩៩៨ និងក្រសួងសង្គមកិច្ច ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០០។ ទស្សនវិស័យរបស់សមាគមគឺ ដើម្បីជួយសង្គ្រោះ កុមាររងគ្រោះ និង កុមារប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងគ្រួសារ និងសហគមន៍របស់ពួកគេ អោយទទួលបានសិទិ្ឋជាមូលដ្ឋាន សុខមាលភាព និង សេចក្ដីថ្លៃថ្នូរ និង ធ្វើអោយជីវិតរបស់ពួកគេបានប្រសើរឡើង ។ សមាគមមានទីតាំងស្ថិតនៅក្រុមទី២៧ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សកម្មភាពចម្បងៗរបស់សមាគមកុមារីករាយ
សមាគមមានបេសកកម្មផ្ដល់សេវាសង្គម សេវាសុខភាព ការអប់រំ ការគាំទ្រសេដ្ឋកិច្ចគ្រួសារ ការផ្តល់សេវាពិគ្រោះយោបល់ និង ការតស៊ូមតិដើម្បីសុវត្ថិភាព និង ការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពក្នុងសហគមន៍របស់ពួកគេ។ សព្វថ្ងៃនេះសមាគមកុមារីករាយមានគម្រោង២ សំខាន់ៗ កំពុងដំណើរការរាល់ថ្ងៃ ។ គម្រោងទី១គឺការទុកដាក់កុមារអោយរស់នៅក្នុងគ្រួសារធម៌ នៅក្នុងសហគមន៍ ។គម្រោងទី ២ គឺការលើកកម្ពស់គ្រួសារ និងសហគមន៍ ដែលគម្រោងនេះ មានកម្មវិធី/សកម្មភាពសំខាន់ៗ ៣ គឺៈ កម្មវិធី ខ្ញុំជាកុមារ កម្មវិធីទប់ស្កាត់អំពើហឹង្សាលើកុមារ និងកម្មវិធីការទប់ស្កាត់កុមារ ពីការបែកបាក់ចេញពីគ្រួសារ ។
ភាពជាដៃគូជាមួយគម្រោង ពន្លកចំណេះ
នៅក្រោមភាពជាដៃគូជាមួយពន្លកចំណេះ សមាគមកុមាររីករាយកំពុងអនុវត្តគម្រោងស្រាវជ្រាវមួយស្តីអំពីផលប៉ះពាល់នៃជំងឺ កូវីដ ១៩ ទៅលើការការពារកុមារ ។ គម្រោងស្រាវជ្រាវនេះ នឹងអនុវត្តនៅក្នុងខេត្តបាត់ដំបង ក្នុងស្រុកចំនួន ២ គឺស្រុកបាណន់ និងស្រុកភ្នំព្រឹក ដែលក្នុងនោះ មាន ២ឃុំគឺ ឃុំស្នឹងនៃស្រុកបាណន់ និងឃុំបួរ នៃស្រុកភ្នំព្រឹក។ សំណាកនឹងត្រូវបានជ្រើសរើសចេញពី៥ ភូមិនៃឃុំនីមួយៗ ហើយដែលមានចំនួន ៣០០ សំណាក (កុមារចន្លោះអាយុ ១១ ដល់១៧ឆ្នាំ ១៥០នាក់ និងមនុស្សពេញវ័យ ១៥០នាក់)។ គម្រោងស្រាវជ្រាវនេះ ត្រូវបានរំពឹងថានឹងអាចកំណត់នូវ ហានិភ័យ និងបញ្ហាប្រឈម ចំពោះកុមារក្នុងអំឡុងការរីករាលដាលនៃជំងឺ កូវីដ១៩ ហើយនឹងអាចផ្តល់ជាអនុសាសន៍លើការរៀបចំគោលនយោបាយ ស្តីអំពីប្រព័ន្ធកិច្ចការពារកុមារថ្នាក់ជាតិ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ។
លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី សមាគមកុមារីករាយ។