សាវតារ​

សមាគមកុមាររីករាយដែលមានឈ្មោះជាអក្សរកាត់​ KMR ត្រូវបានបង្កើតឡើងនៅឆ្នាំ​​ ១៩៩៨ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ១៩៩៨ និងក្រសួងសង្គមកិច្ច ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០០។ ទស្សនវិស័យរបស់សមាគមគឺ ដើម្បីជួយសង្គ្រោះ កុមាររងគ្រោះ និង កុមារប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងគ្រួសារ និងសហគមន៍របស់ពួកគេ អោយទទួលបានសិទិ្ឋជាមូលដ្ឋាន សុខមាលភាព និង សេចក្ដីថ្លៃថ្នូរ និង ធ្វើអោយជីវិតរបស់ពួកគេបានប្រសើរឡើង ។ សមាគមមានទីតាំងស្ថិតនៅក្រុមទី២៧ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ។

សកម្មភាពចម្បងៗ​របស់សមាគមកុមារីករាយ

សមាគមមានបេសកកម្មផ្ដល់សេវាសង្គម សេវាសុខភាព ការអប់រំ ការគាំទ្រសេដ្ឋកិច្ចគ្រួសារ ការផ្តល់សេវាពិគ្រោះយោបល់ និង ការតស៊ូមតិដើម្បីសុវត្ថិភាព​​ និង ការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពក្នុងសហគមន៍របស់ពួកគេ។ សព្វថ្ងៃនេះសមាគមកុមារីករាយមានគម្រោង២​ សំខាន់ៗ កំពុងដំណើរការរាល់ថ្ងៃ ។ គម្រោងទី១គឺ​ការទុកដាក់កុមារអោយរស់នៅក្នុងគ្រួសារធម៌ នៅក្នុងសហគមន៍ ។​គម្រោងទី ២ គឺការលើកកម្ពស់គ្រួសារ និងសហគមន៍ ដែលគម្រោងនេះ  មានកម្មវិធី/សកម្មភាពសំខាន់ៗ ៣ គឺៈ កម្មវិធី​ ខ្ញុំជាកុមារ   កម្មវិធីទប់ស្កាត់អំពើហឹង្សាលើកុមារ  និងកម្មវិធីការទប់ស្កាត់កុមារ ពីការបែកបាក់ចេញពីគ្រួសារ​ ។

ភាពជាដៃគូជាមួយគម្រោង ពន្លកចំណេះ

នៅក្រោមភាពជាដៃគូជាមួយពន្លកចំណេះ សមាគមកុមាររីករាយកំពុង​អនុវត្ត​គម្រោង​​ស្រាវជ្រាវ​មួយស្តីអំពីផលប៉ះពាល់​នៃជំងឺ កូវីដ ១៩ ទៅលើការការពារកុមារ ។ គម្រោង​​ស្រាវជ្រាវនេះ នឹងអនុវត្តនៅក្នុងខេត្តបាត់ដំបង ក្នុងស្រុកចំនួន ២ គឺស្រុកបាណន់ និងស្រុកភ្នំព្រឹក ដែលក្នុងនោះ មាន ២ឃុំគឺ ឃុំស្នឹងនៃស្រុកបាណន់ និងឃុំបួរ​ នៃស្រុកភ្នំព្រឹក។ ​សំណាកនឹងត្រូវបានជ្រើសរើសចេញពី៥ ភូមិនៃឃុំនីមួយៗ ហើយដែលមានចំនួន ៣០០ សំណាក (កុមារចន្លោះអាយុ ១១ ដល់១៧ឆ្នាំ ១៥០នាក់ និងមនុស្សពេញវ័យ ១៥០​នាក់)។ គម្រោងស្រាវជ្រាវនេះ ត្រូវ​បាន​រំពឹង​ថា​នឹង​អាចកំណត់នូវ ហានិភ័យ និងបញ្ហាប្រឈម ចំពោះកុមារក្នុងអំឡុងការរីករាលដាលនៃជំងឺ កូវីដ​១៩ ​ហើយនឹងអាចផ្តល់ជា​អនុសាសន៍​លើ​ការ​​រៀបចំ​គោល​នយោបាយ​ ស្តីអំពីប្រព័ន្ធកិច្ចការពារកុមារថ្នាក់ជាតិ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ។

លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី សមាគមកុមារីករាយ។