សាវតារ
សមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ (ស.ខ.អ.ជ) គឺជាអង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្នុងខេត្តក្រចេះនៃប្រទេសកម្ពុជា។ អង្គការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដោយសាស្ត្រាចារ្យ និងអតីតជនភៀសខ្លួន ដែល បានមកចូលរួមក្នុងការអភិវឌ្ឍសហគមន៍ក្នុងខេត្តក្រចេះដើម្បីវិភាគតម្រូវការនានានៅតាមជនបទ ក្នុងគោលបំណងបង្កើន គុណភាពនៃការរស់នៅរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។
ស.ខ.អ.ជ ត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ ប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៤ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដែលសកម្មភាពនេះគឺស្របទៅនឹងយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ នៅថ្នាក់ខេត្ត និងថ្នាក់ សហគមន៍ក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ស.ខ.អ.ជ ធ្វើការជាមួយសហគមន៍ជនបទដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយផ្តល់ការគាំទ្រទៅដល់ ស្ត្រី និងកុមារក្រីក្រ និងងាយរងគ្រោះ ជនពិការ និងក្រុមកសិករដែលកំពុងមានជីវភាពយ៉ាប់យ៉ឺន និងជួបឧបសគ្គក្នុងការពង្រឹងភាពអង់អាច និងការចូលរួមរបស់ខ្លួននៅក្នុងសង្គម។
សកម្មភាពចម្បងៗរបស់ ស.ខ.អ.ជ
បច្ចុប្បន្ននេះ ស.ខ.អ.ជ កំពុងធ្វើការក្នុងស្រុកចំនួន៤ និងក្រុងចំនួន១ដែលគ្របដណ្តប់លើឃុំចំនួន១៥ និងភូមិចំនួន៣៣ ក្នុងខេត្តក្រចេះ។ ស.ខ.អ.ជ ក៏កំពុងធ្វើការក្នុងស្រុកចំនួន១ ដែលគ្របដណ្តប់លើឃុំចំនួន៣ និងភូមិចំនួន១២ ក្នុងខេត្តមណ្ឌលគីរីផងដែរ និងក៍កំពុង អនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងស្រុកចំនួន២ ដែលមាន១០ឃុំ ក្នុងខេត្តស្ទឹងត្រែង។
ស.ខ.អ.ជ កំពុងអនុវត្តកម្មវិធីមួយចំនួនដែលផ្តោតទៅលើ សកម្មភាពបង្កើនប្រាក់ចំណូល ការលើកកម្ពស់ការអប់រំ សុខភាព ការងារកសិកម្ម សិទ្ធិកុមារ សមភាពយែនឌ័រ អភិបាលកិច្ចល្អ និងការកាត់បន្ថយបញ្ហាប្រឈមទៅនឹងគ្រោះមហន្ថរាយ។
ភាពជាដៃគូនៅក្នុង គម្រោងពន្លកចំណេះ
ដោយមានការគាំទ្រពីគម្រោងពន្លកចំណេះ ស.ខ.អ.ជ កំពុងអនុវត្តការស្រាវជ្រាវមួយទាក់ទងនឹងបញ្ហាប្រឈម និងផលប៉ះពាល់នៃការបោះបង់ការសិក្សានៅសាលាបឋមសិក្សាតាមទីជនបទ ក្នុងខេត្តក្រចេះ។ការសិក្សានេះមានបំណងស្វែងយល់ពី៖
- ចំនួនសិស្ស និងគ្រូបង្រៀនក្នុងសាលាគោលដៅចំនួន៣០
- ចំនួនសិស្សបោះបង់ការសិក្សា
- ចំនួនសិស្សរៀនខ្សោយ
- មូលហេតុនៃការបោះបង់ការសិក្សា ការរៀនត្រួតថ្នាក់ និងបញ្ហាប្រឈមដទៃទៀតទាក់ទងនឹងការសិក្សានៅថ្នាក់បឋមសិក្សា
- កត្តាជម្រុញអោយសិស្សមកសិក្សា
- ដំណោះស្រាយនានាដែលអាចពង្រឹងសមត្ថភាពសិក្សារបស់សិស្ស
ការស្រាវជ្រាវនេះនឹងរួមចំណែកជួយអោយប្រសើរឡើងនូវយុទ្ធសាស្ត្រអប់រំដើម្បីដោះស្រាវបញ្ហាការបោះបង់ការសិក្សា និងពង្រឹងសមត្ថភាពសិក្សារបស់សិស្សនៅថ្នាក់បឋមសិក្សាក្នុងខេត្តក្រចេះ។
ការបោះពុម្ពផ្សាយរបស់អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាក្រោមគម្រោងពន្លកចំណេះ
- បញ្ហាប្រឈមក្នុងការរៀនសូត្រ និងការបោះបង់ការសិក្សារបស់កុមារនៅខេត្តក្រចេះ ចេញផ្សាយថ្ងៃឆ្នាំ២០២១
សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី សមាគមនខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ។